ប្រធានាធិបតីចិនលោក Xi Jinping បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹង «គាស់រម្លើងអំពើពុករលួយ» ខណៈពេលមេដឹកនាំកំពូលៗរបស់ចិនជួបប្រជុំគ្នាក្នុងទីក្រុងប៉េកាំងអំពីការលើកផែនការប្រចាំឆ្នាំរបស់ទីភ្នាក់ងារវិន័យកំពូលរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ CCTV របស់ចិន លោក Xi បានថ្លែងថា៖ «យើងត្រូវតែរក្សាការតាំងចិត្តនិងភាពស្វិតស្វាញរបស់យើង...ហើយដាច់ខាតត្រូវប្រយុទ្ធនិងគាស់រម្លើងអំពើពុករលួយឲ្យខាងតែបាន»។
មេដឹកនាំចិនរូបនេះបានបើកយុទ្ធនាការផ្លូវការយ៉ាងទូលំទូលាយប្រឆាំងនឹងអំពើពុករលួយតាំងពីលោកបានឡើងកាន់អំណាចជាង ១០ ឆ្នាំមុនមក។
អ្នកគាំទ្រយុទ្ធនាការនេះថាគោលនយោបាយនេះលើកកម្ពស់អភិបាលកិច្ចស្អាតស្អំ តែអ្នកខ្លះថាវាក៏ត្រូវបានប្រើជាមធ្យោបាយសម្រាប់ឲ្យលោក Xi កម្ចាត់គូបដិបក្សនយោបាយរបស់លោកផងដែរ។
កាលពីខែវិច្ឆិកាឆ្នាំមុន បក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចនៅចិនបានព្យួរការងារលោកនាយឧត្តមនាវី Miao Hua ហើយធ្វើការស៊ើបអង្កេតលើរូបលោកពីបទ «បំពានវិន័យធ្ងន់ធ្ងរ» ដែលជាពាក្យសម្រាលទូទៅនៅចិនជំនួសឲ្យពាក្យ «អំពើពុករលួយ»។ កាលពីខែធ្នូឆ្នាំមុន ចិនក៏បានប្រហារជីវិតអតីតមន្ត្រីម្នាក់ដែលធ្វើការនៅតំបន់ស្វយ័ត Inner Mongolia ពីបទឧក្រិដ្ឋមួយចំនួនដែលរួមមានទាំងអំពើស៊ីសំណូកសូកប៉ាន់និងការចាត់ចែងថវិកាសាធារណៈមិនត្រឹមត្រូវផងដែរ។
កាលពីថ្ងៃចន្ទ លោក Xi បានចាត់ទុកអំពើពុករលួយថាជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះបក្សកុម្មុយនីស្តចិន ដោយលោកបានបន្ថែមថា៖ «ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅតែមានសភាពធ្ងន់ធ្ងរនិងសាំញ៉ាំ»។
លោក Xi បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈមជ្ឈិមបក្សទទួលបន្ទុកអធិការកិច្ចវិន័យថា ករណីជាច្រើននៃអំពើពុករលួយនៅតែបន្តកើតឡើង។ លោកបានបន្ថែមថាការលុបបំបាត់ស្ថានភាពដែលញ៉ាំងឲ្យមានអំពើពុករលួយនៅតែជាភារកិច្ចដ៏លំបាក៕
វេទិកាបញ្ចេញមតិ