ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​ចិន​នឹង​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Trump


រូបឯកសារ៖ អនុប្រធានាធិបតីលោក Han Zheng នឹង​ចូល​រួម​ពិធីស្បដចូល​កាន់តំណែង​លោក​ Trump
រូបឯកសារ៖ អនុប្រធានាធិបតីលោក Han Zheng នឹង​ចូល​រួម​ពិធីស្បដចូល​កាន់តំណែង​លោក​ Trump

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា អនុ​ប្រធានាធិបតី​របស់​ខ្លួន​លោក Han Zheng នឹង​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក Donald Trump នៅ​ថ្ងៃ​ចន្ទ ទី ២០ ខែ​មករា​ខាងមុខ។

រដ្ឋាភិបាល​ចិន​ថា​ការ​ចូលរួម​នេះ​ធ្វើតាម «គោលការណ៍​គោរព​គ្នា​ទៅវិញ​ទៅមក សន្តិ​សហវិជ្ជមាន និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ ក្នុង​ការ​ពិនិត្យ​និង​បង្កើន​ទំនាក់ទំនង​របស់​ចិន​ជាមួយ​សហរដ្ឋ​អាមេរិក»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា៖ «យើង​ត្រៀម​រួច​ហើយ​ក្នុង​ការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​លើកកម្ពស់​ការ​សន្ទនា​និង​សារគមនាគមន៍ ចាត់ចែង​ភាព​ខុសគ្នា​របស់​យើង​ដោយ​ត្រឹមត្រូវ ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្តល់​ប្រយោជន៍​ទៅវិញ​ទៅមក បន្ត​ទំនាក់ទំនង​រួមគ្នា​ដែល​មាន​ស្ថិរភាព​ដ៏​រលូន​និង​ប្រកប​ដោយ​និរន្តរភាព​រវាង​ចិន​និង​អាមេរិក និង​រក​វិធី​ត្រឹមត្រូវ​សម្រាប់​ប្រទេស​ទាំងពីរ​ឲ្យ​ត្រូវរ៉ូវ​គ្នា»។

ការ​ប្រកាស​នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​ជាង​មួយ​ខែ​ក្រោយមក​បន្ទាប់ពី​លោក Trump បាន​អញ្ជើញ​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​មេដឹកនាំ​បរទេស​ដទៃទៀត​ឲ្យ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក។ នេះ​ជា​ការ​អញ្ជើញ​មិន​ធ្លាប់មាន​ពី​មុន​មក​ដែល​ខុស​ពី​ប្រពៃណី​ដោយសារ​តាម​ប្រវត្តិសាស្ត្រ ឯកអគ្គរដ្ឋទូត​ឬ​ឯកអគ្គរាជទូត​បរទេស​គឺជា​អ្នក​ដែល​ត្រូវ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក។

ការ​វិល​ត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ម្តងទៀត​របស់​លោក Trump បាន​បង្ក​ឲ្យ​មាន​ភាព​ស្រពិចស្រពិល​សម្រាប់​ប្រទេស​ចិន ដែល​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​មុន លោក Trump បាន​សន្យា​ថា​នឹង​ដាក់​ពន្ធគយ​រហូត​ដល់ ៦០% លើ​ទំនិញ​ចិន។

ទោះបីជា​បាន​គំរាម​ដាក់​ពន្ធគយ​លើ​ទំនិញ​នាំចូល​ពី​ចិន​ក៏ដោយ ក៏​លោក Trump ថា​ប្រទេស​ទាំងពីរ​អាច​មាន​ទំនាក់ទំនង​ល្អ និង​ថា​លោក​បាន​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​តាមរយៈ​អ្នកតំណាង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG