លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថាស.រ.អា. មិនធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនទេ ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសអំពីផែនការដាក់កំហិតពន្ធគយមានទឹកប្រាក់៥០ពាន់លានដុល្លារលើទំនិញស.រ.អា.ជាការឆ្លើយតបនឹងកញ្ចប់ពន្ធដារស្រដៀងគ្នាមួយដែលស.រ.អា.បានប្រកាស។
នៅក្នុងការផ្សព្វផ្សាយតាម Twitter មួយកាលពីថ្ងៃពុធ ប្រធានាធិបតី Trump បាននិយាយថា «យើងមិនធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនទេ សង្គ្រាមនេះបានត្រូវចាញ់ច្រើនឆ្នាំមកហើយដោយពួកមនុស្សភ្លីភ្លើឬគ្មានសមត្ថភាពដែលបានតំណាងស.រ.អា.»។លោកបាននិយាយបន្ថែមថា «នៅពេលនេះយើងមានឱនភាពពាណិជ្ជកម្ម៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដោយមានការលួចកម្មសិទ្ធិបញ្ញាមានទឹកប្រាក់៣០០ពាន់លានដុល្លារថែមទៀត។ យើងមិនអាចឱ្យការណ៍នេះមានតទៅទៀតទេ!។»
នៅថ្ងៃនោះដែរ លោក Larry Kudlow ប្រធានទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានបាននិយាយប្រាប់ទូរទស្សន៍ Bloomberg News ថា «មិនទាន់មានការដកពន្ធគយទាំងនេះនៅឡើយទេហើយទាំងអស់នេះជាសំណើ»។ លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស.រ.អា.បាននិយាយប្រាប់ទូរទស្សន៍ CNBC ថា «ទោះជាសង្គ្រាមមានការបាញ់គ្នាក៏ចប់ដោយកិច្ចចរចាគ្នាដែរ...ដូច្នេះមិនមានការភ្ញាក់ផ្អើលទេថាលទ្ធផលគឺនឹងមានការចរចាគ្នា»៕