ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ចំនួន​១២៨មុខ


លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។
លោក Gao Feng អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។

ប្រទេស​ចិន​បាន​ដំឡើង​ពន្ធ​រហូត​ដល់​២៥ភាគរយ​លើ​ទំនិញ​នាំចូល​នៅក្នុង​បញ្ចី​ទំនិញរបស់​អាមេរិក​ រួម​ទាំង​សាច់ជ្រូក​ ផ្លែឈើ​ និង​ទំនិញ​ផ្សេងៗ​ទៀត​ ដែល​មាន​តម្លៃ៣ពាន់​លានដុល្លារ។

ការ​ដំឡើង​ពន្ធ​នេះ​ ត្រូវ​បាន​អនុម័ត​ចូល​ជា​ធរមាន​ភ្លាមៗ​កាល​ពី​ថ្ងៃទី២​ខែមេសា​ និង​ត្រូវ​បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃអាទិត្យ​ ដោយ​ក្រសួង​ហរិញ្ញវត្ថុ​របស់​ចិន។ យោងតាម​ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​សម្រេច​ដំឡើង​ពន្ធ​ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​សម្រេច​យក​ពន្ធ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ដែកថែប​ និង​អាលុយមីញ៉ូម​ ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី២៣​ខែមីនា​កន្លង​ទៅ។ ប្រទេស​ចិន​ក៏​បាន​ផ្សព្វផ្សាយ​តារាង​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​ដំឡើង​ពន្ធ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ផ្អាក​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ដើម្បី​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ចំនួន១២០មុខ​ ដែល​រួម​មាន​ផ្លែឈើ​ និង​ជាតិ​អាតាណុល។ តម្លៃ​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ទាំង​នេះ​នឹង​កើនឡើង​១៥ភាគរយ​បន្ថែម​ទៀត។

ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ទាំងនេះ​កើតឡើង​នៅ​ស្រប​ពេល​ដែល​ភាពតានតឹង​រវាងរដ្ឋាភិបាល​ក្រុង​ប៉េងកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​តែ​កើនឡើង។

ពួក​អ្នកអង្កេត​ផ្នែក​សេដ្ឋកិច្ច​បាន​និយាយ​ថា​ ផលប៉ះពាល់​ភ្លាមៗ​មាន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​អ្នក​វិនិយោគ​មាន​ការ​ភ័យខ្លាច​ថា​ការ​សងសឹក​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​អាច​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ពាណិជ្ជកម្ម​សកលលោក​ និង​បន្ទាប់​មក​ទៀត​នឹង​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ការ​លូតលាស់​របស់​ពិភពលោក។

នៅ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កំពុង​រៀបចំ​យក​ពន្ធ​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​ជាង​៥០ពាន់​លាន​ដុល្លារ។ ចំណាត់ការ​នេះ​មាន​បំណង​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋអាមេរិក​ថា​ប្រទេស​ចិន​បាន​លួច​យក​កម្មសិទ្ធិបញ្ញា​របស់​សហរដ្ឋអាមេរិក​ជា​ប្រព័ន្ធ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ម្តង​ហើយ​ម្តង​ទៀត​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងនេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG