ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋ​អាមេរិក​ថា​កូរ៉េ​ខាង​ជើង​លុប​ចោល​ជំនួប​ជាមួយ​លោក​អនុ​ប្រធានាធិបតី ​Mike Pence


រូបឯកសារ៖ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence និង​អ្នក​តំណាង​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​អ្នក​ស្រី Kim Yo Jong ដែល​ជា​ប្អូន​ស្រី​របស់​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ឯ​ពិធី​សម្ពោធ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា ឆ្នាំ​២០១៨ នៅ ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ជើង។
រូបឯកសារ៖ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Mike Pence និង​អ្នក​តំណាង​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​អ្នក​ស្រី Kim Yo Jong ដែល​ជា​ប្អូន​ស្រី​របស់​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ឯ​ពិធី​សម្ពោធ​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា ឆ្នាំ​២០១៨ នៅ ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ជើង។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បញ្ជាក់​ថា លោក​អនុ​ប្រធានាធិបតី ​Mike Pence ​មាន​គម្រោង​ជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កាល​ពី​ដើម​ខែ​នេះ​ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​បាន​លុប​ចោល​នូវ​ជំនួប​នោះ​នៅ​នាទី​ចុង​ក្រោយ។

ជំនួប​នោះ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ កន្លង​ទៅ​នេះ នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Mike Pence ក្នុង​ការ​ចូលរួម​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ទីក្រុង ​PyeongChang ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក Mike Pence បាន​គ្រោង​ជួប​ពិភាក្សា​ជាមួយ​នឹង​អ្នកស្រី ​Kim Yo Jong ​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​Kim Jong Un និង​លោក ​Kim Yong Nam ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ប្រទេស​កូរ៉េ​ខាង​ជើង។ អ្នកស្រី ​Kim Yo Jong និង​លោក Kim Yong Nam គឺ​ជា​អ្នក​ដឹកនាំ​គណៈ​ប្រតិភូ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​មក​ចូលរួម​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក។ បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន ​The Washington Post ជំនួប​នេះ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោកស្រី Heather Nauert បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចាប់​យក​ឱកាស​នោះ​ផ្ដោត​លើ​ភាព​ចាំបាច់​នៃ​ការ​លះបង់​របស់​កូរ៉េ​ខាង​ជើង​ចំពោះ​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល និង​នុយក្លេអ៊ែរ​ខុស​ច្បាប់​របស់​ខ្លួន។ នៅ​នាទី​ចុង​ក្រោយ មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​សម្រេច​ចិត្ត​លុប​ចោល​ជំនួប​នេះ។ យើង​សោកស្ដាយ​ដែល​ពួកគេ​បាន​បរាជ័យ​ក្នុង​ការ​ក្ដាប់​យក​ឱកាស​នេះ»៕

XS
SM
MD
LG