អតីតមន្ត្រីស.រ.អា.និងពួកអ្នកវិភាគនិយាយថាទោះណាជាការទាក់ទងរវាងប្រទេសកូរ៉េទាំងពីរកាលពីពេលថ្មីៗនេះនៅក្នុងការប្រកួតកីឡា Olympics រដូវធ្លាក់ទឹកកកបានបង្កើតឱ្យមានភាពធូរស្រាលខាងការទូតរវាងស.រ.អា.និងប្រទេសកូរ៉េខាងជើងក៏ដោយក៏នៅតែមិនទាន់មានការចរចាជាថ្មីរវាងភាគីទាំងពីរនេះទេ។
អ្នកស្រី Heather Nauert អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អា.បាននិយាយនៅក្នុងសប្តាហ៍នេះថាស.រ.អា.យកចិត្តទុកដាក់ក្នុងការមាន «ការនិយាយគ្នាជាដំបូងមួយ» សម្រាប់កំណត់របៀបវារៈមួយដើម្បីឱ្យមានកិច្ចចរចាប្រកបដោយសារៈសំខាន់ជាងមុនអំពីការធ្វើកុំឱ្យកូរ៉េខាងជើងមានអាវុធបរមាណូ។
ពួកអ្នកជំនាញច្រើននាក់យល់ឃើញថាការចង់ «និយាយគ្នា» ជាការងាករេដ៏ប៉ិនប្រសប់មួយអំពីថាតើរដ្ឋាភិបាលក្រុង Washington គួរធ្វើការចរចាជាថ្មីបែបណាជាមួយរដ្ឋាភិបាលក្រុង Pyongyang ហើយការណ៍នេះបានកើតមានឡើងនៅក្រោយការចូលរួមរបស់លោកអនុប្រធានាធិបតីស.រ.អា. Mike Pence នៅក្នុងការប្រកួតកីឡា Olympics នេះនៅ Pyeongchang។ កាសែត
The Washington Post បានរាយការណ៍ថានៅក្នុងឱកាសទស្សនកិច្ចរបស់លោក Pence រដ្ឋាភិបាលក្រុង Washington និងរដ្ឋាភិបាលក្រុងសេអ៊ូលបានយល់ស្របគ្នាអំពី «លក្ខខណ្ឌសម្រាប់ការទាក់ទងថែមទៀត» ជាមួយរដ្ឋាភិបាលក្រុង Pyongyang។
រដ្ឋបាល Trump បាននិយាយថាគោលនយោបាយជាទូទៅអំពីកួរ៉ខាងជើងនៅតែគ្មានការប្រែប្រួលទេជាមួយ «គំនាបសង្កត់ជាអតិបរមា» ទោះណាជាមានការទោទន់អំពីការសន្ទនាគ្នាក៏ដោយ ហើយនេះជាគោលជំហរមួយមានការគាំទ្រទូលំទូលាយដោយពួកអតីតមន្ត្រីនិងពួកអ្នកជំនាញស.រ.អា.នៅក្នុងរដ្ឋធានី Washington។
លោក Christopher Hill ជាអ្នកដឹកនាំគណៈប្រតិភូស.រ.អា.ក្នុងកិច្ចចរចាបរមាណូជាមួយប្រទេសកូរ៉េខាងជើងនៅក្នុងរដ្ឋបាលលោកអតីតប្រធានាធិបតី George W. Bush។ លោកមានប្រសាសន៍ថា «ខ្ញុំយល់ថានេះជាគោលនយោបាយត្រឹមត្រូវមួយដោយដាក់ឱ្យមានការគាបសង្កត់ខ្លាំងបំផុតជាមួយការដាក់ទណ្ឌកម្ម។ ខ្ញុំយល់ថារដ្ឋបាលនេះបានធ្វើឱ្យមានការជឿនលឿនខ្លះអំពីការដាក់ទណ្ឌកម្មហើយខ្ញុំចង់ឱ្យមានការធ្វើបែបនេះតទៅទៀត»៕