នៅថ្ងៃចន្ទនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានអំពាវនាវឲ្យមានការឆ្លើយតបដ៏ម៉ឺងម៉ាត់ចំពោះការណ៍ដែលសហរដ្ឋអាមេរិកយកពន្ធថ្មីលើទំនិញនាំចូលពីប្រទេសកូរ៉េខាងត្បូង ស្របពេលដែលមានការព្រួយបារម្ភកើនឡើងពាក់ព័ន្ធនឹងការដាក់កំហិតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះវិស័យពាណិជ្ជកម្ម។
លោក Moon Jae In បាននិយាយថា៖ «ខ្ញុំបារម្ភថា ការដាក់កំហិតរបស់សហរដ្ឋអាមេរិកលើការនាំចេញរបស់កូរ៉េខាងត្បូង ដូចជាដែកថែប គ្រឿងអេឡិចត្រូនិក បន្ទះស្រូបថាមពលព្រះអាទិត្យ និងម៉ាស៊ីនបោកសម្លៀកបំពាក់ជាដើម អាចប៉ះពាល់ដល់ការនាំចេញរបស់កូរ៉េខាងត្បូង»។
កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមតបតវិញប្រឆាំងនឹងប្រទេសចិន និងកូរ៉េខាងត្បូង និងបានសន្យាថានឹងពិនិត្យឡើងវិញ ឬក៏លុបចោលតែម្ដងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ ២០១២ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចព្រមព្រៀងមួយដែលលោកបានហៅថាជា «ក្ដីមហន្តរាយ»។
កាលពីខែមុន លោក Trump ក៏បានអនុវត្តនូវគោលនយោបាយ «ផ្ដល់អាទិភាពដំបូងដល់សហរដ្ឋអាមេរិក» របស់លោកផងដែរ ដោយការយកពន្ធគយពី ២០ ទៅ ៥០ ភាគរយ ចំពោះម៉ាស៊ីនបោកសម្លៀកបំពាក់ធុនធំដែលធ្វើនៅប្រទេសមួយចំនួនដូចជាប្រទេសកូរ៉េខាងត្បូងជាដើម ក៏ដូចជាការយកពន្ធលើទំនិញនាំចូលសម្រាប់បន្ទះស្រូបថាមពលព្រះអាទិត្យដែលនាំចូលពីប្រទេសចិន និងប្រទេសផ្សេងៗទៀត។
រដ្ឋាភិបាលក្រុងសេអ៊ូលបានបញ្ជាក់ថា ខ្លួននឹងប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោកពាក់ព័ន្ធនឹងបញ្ហានេះ។ ចំណែកឯរដ្ឋាភិបាលក្រុងប៉េកាំងវិញបានបង្ហាញអំពី «ការមិនពេញចិត្តយ៉ាងខ្លាំង» ចំពោះវិធានការរបស់សហរដ្ឋអាមេរិកដូចនេះ ដែលជាវិធានការមួយដែលលោក Trump អនុវត្តដើម្បីការពាររោងចក្រឧស្សាហកម្មរបស់សហរដ្ឋអាមេរិក៕