លោក Kim Jong Un បានអញ្ជើញលោក Moon Jae In តាមរយៈប្អូនស្រីរបស់លោកគឺអ្នកស្រី Kim Yo Jong។ អ្នកស្រី Kim Yo Jong បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាផ្នែកមួយនៃការចូលរួមរបស់គណៈប្រតិភូកូរ៉េខាងជើងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃទី ១០ ខែកុម្ភៈកន្លងទៅនេះ។
លោក Moon Jae In បានបញ្ជាក់ថា លោកចង់ «បង្កើតបរិយាកាសឲ្យស្ថានការណ៍ដូចនេះកើតឡើង»។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
គំនិតផ្ដួចផ្ដើមផ្នែកការទូតរបស់កូរ៉េខាងជើងនេះបានកើតឡើងស្របពេលដែលមានការកើនឡើងនូវការដាក់សម្ពាធពីអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីដាក់សម្ពាធជាអតិបរមាទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកការទូតលើរបបដឹកនាំកូរ៉េខាងជើង។
អតីតមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ្នកវិភាគនានាបាននិយាយថា វិធានការរបស់កូរ៉េខាងជើងដូចនេះអាចធ្វើឲ្យលោក Moon Jae In មានការខ្វែងគំនិតគ្នាជាមួយនឹងរដ្ឋាភិបាលរបស់លោក Trump។ លោក Moon Jae In គឺជាអ្នកគាំទ្រយុទ្ធនាការដាក់សម្ពាធរបស់លោក Trump ហើយស្របពេលនោះដែរ លោកក៏ជាអ្នកចង់បន្តឲ្យមានការចរចាជាមួយនឹងកូរ៉េខាងជើងផងដែរ។
លោក Robert Manning សមាជិកជាន់ខ្ពស់នៃអង្គការ Atlantic Council បានថ្លែងថា៖ «ការអញ្ជើញនេះគឺជាវិធានការយ៉ាងច្បាស់ក្រឡែតរបស់លោក Kim Jong Un ក្នុងការធ្វើឲ្យមានការបែកបាក់រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូល។ លោក Kim Jong Un មានជំនាញយ៉ាងប៉ិនប្រសប់ខាងទំនាក់ទំនងសាធារណៈទាក់ទិននឹងការប្រជុំនេះ និងជំនាញខាងទាញយកប្រយោជន៍ពីអារម្មណ៍ដែលចង់ឲ្យមានការរួបរួមគ្នារវាងកូរ៉េទាំងពីរ»។
កាលពីអតីតកាល ការប្រជុំរវាងកូរ៉េខាងពីរជារឿយៗបណ្ដាលឲ្យមានការផ្ដល់ជំនួយផ្នែកសេដ្ឋកិច្ចដ៏ក្រាស់ក្រែលទៅឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ប្រសិនបើលោក Moon Jae In ធ្វើតាមអ្វីដែលមេដឹកនាំកូរ៉េខាងត្បូងធ្លាប់ធ្វើកាលពីលើកមុន វាអាចប៉ះពាល់ដល់យុទ្ធនាការរបស់រដ្ឋាភិបាលលោក Trump ក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់លោក Ken Gause ប្រធានក្រុមកិច្ចការអន្តរជាតិនៃមជ្ឈមណ្ឌល Center for Naval Analyses។
លោក Ken Gause បានកត់សម្គាល់ឃើញថា៖ «ប្រសិនបើជំនួបនេះឈានទៅដល់ការផ្ដល់ជំនួយ នោះវាប្រាកដជាបំផ្លាញដល់យុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរមាលើកូរ៉េខាងជើងជាក់ជាមិនខាន»។ លោកថ្លែងដូច្នេះ ចង់សំដៅទៅលើកិច្ចប្រជុំរវាងកូរ៉េទាំងពីរដែលកូរ៉េខាងជើងបានស្នើឡើង។
លោក Bruce Klinger អតីតអ្នកវិភាគរបស់ទីភ្នាក់ងារ CIA ដែលនាពេលបច្ចុប្បន្ននេះជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការ Heritage Foundation បានព្រមានថា រដ្ឋាភិបាលកូរ៉េខាងត្បូងអាចរំលោភលើការដាក់ទណ្ឌកម្មអន្តរជាតិក្នុងការផ្ដល់ជំនួយសេដ្ឋកិច្ចដល់រដ្ឋាភិបាលកូរ៉េខាងជើង។
លោក Bruce Klinger និយាយយ៉ាងដូច្នេះថា៖ «លោក Moon Jae In គួរតែដឹងថា ការផ្ដល់នូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់កាយវិការបែបនិមិត្តរូបរបស់កូរ៉េខាងជើង គឺមិនត្រឹមតែមិនទទួលបានលទ្ធផលអ្វីនោះទេ ប៉ុន្តែថែមទាំងអាចរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៀតផង»។
រដ្ឋាភិបាលរបស់លោក Moon Jae In បានប្រឡូកនៅក្នុងការធ្វើឲ្យមានតុល្យភាពរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់កូរ៉េខាងត្បូង បន្ទាប់ពីលោក Kim Jong Un បានបញ្ជាក់អំពីការបញ្ជូនក្រុមគណៈប្រតិភូរបស់កូរ៉េខាងជើងទៅចូលរួមនៅក្នុងកីឡាអូឡាំពិកនៅកូរ៉េខាងត្បូងមក។
លោក Moon Jae In បានសម្របសម្រួលតាមការចង់បានរបស់កូរ៉េខាងជើងពាក់ព័ន្ធនឹងការចូលរួមនៅក្នុងកីឡាអូឡាំពិកនេះក្នុងក្ដីសង្ឃឹមថាអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យវិលមកកាន់តុចរចាឡើងវិញដើម្បីពិភាក្សាអំពីបញ្ហាគ្មានអាវុធនុយក្លេអ៊ែរ។ ស្របពេលនោះដែរ លោក Moon Jae In ក៏បានព្យាយាមបន្ធូរបន្ថយក្ដីកង្វល់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបារម្ភថា កូរ៉េខាងជើងបានធ្វើ «ការទាក់ទាញការគាំទ្រ» នៅឯកីឡាអូឡាំពិក ដើម្បីបន្ធូរបន្ថយការដាក់ទណ្ឌកម្ម និងមានពេលដើម្បីធ្វើឲ្យសម្រេចបាននូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
បើតាមការបញ្ជាក់របស់លោក Robert Manning នៃអង្គការ Atlantic Council វិញ ការអញ្ជើញរបស់កូរ៉េខាងជើងនេះបានធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងស្ថិតក្នុងស្ថានការណ៍លំបាកមួយ ដែលកូរ៉េខាងត្បូងចាំបាច់ត្រូវបង្ហាញឲ្យឃើញថា កិច្ចប្រឹងប្រែងរបស់ខ្លួននឹងផ្ដល់លទ្ធផលជាផ្លែផ្កា។
លោក Robert Manning បានថ្លែងយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី Moon Jae In ត្រូវតែធ្វើឲ្យមានតុល្យភាពរវាងគោលបំណងរបស់លោកដើម្បីឲ្យមានការផ្សះផ្សារវាងកូរ៉េទាំងពីរ និងគោលនយោបាយរបស់លោកក្នុងការធ្វើឲ្យកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរ»។
លោក Dennis Wilder សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Georgetown ដែលធ្លាប់ធ្វើជាប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានៅក្នុងសម័យលោក George W. Bush ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើយ៉ាងដូច្នេះថា លោក Moon Jae In គួរតែទទួលយកការអញ្ជើញនេះតែក្នុងករណីណាដែលរដ្ឋាភិបាលកូរ៉េខាងជើងយល់ព្រមពិភាក្សាអំពីបញ្ហាគ្មានអាវុធនុយក្លេអ៊ែរជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
លោក Dennis Wilder បានថ្លែងយ៉ាងដូច្នេះថា៖ «ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំគឺថា លោកប្រធានាធិបតី Moon Jae In គួរតែចូលរួមនៅក្នុងជំនួបរវាងកូរ៉េទាំងពីរនេះតែក្នុងករណីណាដែលមានសញ្ញាបញ្ជាក់ច្បាស់ពីកូរ៉េខាងជើងអំពីឆន្ទៈក្នុងការចូលរួមសហការដោយម៉ឺងម៉ាត់ជាមួយនឹងរដ្ឋាភិបាលរបស់លោក Trump តែប៉ុណ្ណោះ»។
លោក Jeseph De Trani អតីតបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ការពិភាក្សាបញ្ហានុយក្លេអ៊ែរជាមួយនឹងកូរ៉េខាងជើង បាននិយាយថា លោក Moon Jae In គួរតែបញ្ជាក់ឲ្យបានច្បាស់ចំពោះលោក Kim Jong Un ថា លោកចង់ពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ និងមីស៊ីលនៅឯជំនួបរវាងកូរ៉េទាំងពីរ។
អតីតបេសកជនពិសេសរូបនេះជឿជាក់ថា លោក Moon Jae In គួរតែប្រើប្រាស់កិច្ចប្រជុំនេះដើម្បីជាឱកាសមួយក្នុងការជំរុញឲ្យលោក Kim Jong Un ទទួលស្គាល់ការសន្យារបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Il ក្នុងការធ្វើឲ្យកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរ។
សំណើការទូតរបស់កូរ៉េខាងជើងលើកនេះទំនងជាមិនបង្អាក់ទឹកចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការបន្តយុទ្ធសាស្ត្រដាក់សម្ពាធរបស់ខ្លួនលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងនោះទេ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ដែលជាអ្នកដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកទៅចូលរួមនៅក្នុងកីឡាអូឡាំពិកក្នុងប្រទេសកូរ៉េខាងត្បូងនេះ បានប្រាប់អ្នកសារព័ត៌មាននានាថា លោក និងលោក Moon Jae In បានពិភាក្សាគ្នាអំពីជំនួបរវាងលោក Moon Jae In និងប្អូនស្រីរបស់លោក Kim Jong Un គឺអ្នកស្រី Kim Yo Jong។
លោក Mike Pence បានបន្ថែមថា លោកនៅតែមានទំនុកចិត្តចំពោះការគាំទ្ររបស់រដ្ឋាភិបាលក្រុងសេអ៊ូលលើយុទ្ធសាស្ត្រដាក់សម្ពាធរបស់សហរដ្ឋអាមេរិកលើប្រទេសកូរ៉េខាងជើងដដែល។
លោក Mike Pence បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមានការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនទាក់ទិននឹងភាពចាំបាច់នៃការបន្តធ្វើឲ្យប្រទេសកូរ៉េខាងជើងនៅឯកាទាំងផ្នែកសេដ្ឋកិច្ច និងការទូត រហូតទាល់តែកូរ៉េខាងជើងលះបង់កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលរបស់ខ្លួននោះទេ»៕
ប្រែសម្រួលដោយ ភី សុភាដា