ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោកត្រាំពន្លឿន​ការ​ពិនិត្យ​មើល​ជុំ​ដំបូង​ទៅ​លើ​ជនស្វែងរក​សិទ្ធិជ្រកកោន


រូបឯកសារ៖ ជនចំណាកស្រុកធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក និងម៉ិចស៊ិក ដើម្បីស្នើសុំសិទ្ធជ្រកកោន។
រូបឯកសារ៖ ជនចំណាកស្រុកធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក និងម៉ិចស៊ិក ដើម្បីស្នើសុំសិទ្ធជ្រកកោន។

គេហទំព័រ​ព័ត៌មាន Buzzfeed ដែល​និយាយ​ថា ខ្លួន​ទទួល​បាន​ច្បាប់​ចម្លង​មួយ​ច្បាប់​នៃ​លិខិត​ណែនាំ​ដែល​បាន​ផ្ដល់​ដល់​មន្ត្រី​អន្តោប្រវេសន៍ ដំបូង​ឡើយ បាន​រាយការណ៍​ថា គោលការណ៍​នេះ​ត្រូវ​ផ្លាស់ប្ដូរ​នៅ​ថ្ងៃ​ចន្ទ។ ​

រដ្ឋបាល​លោក ត្រាំ កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ពន្លឿន​ការ​ពិនិត្យ​មើល​ជុំ​ដំបូង​ទៅ​លើ​ជន​ស្វែងរក​សិទ្ធិជ្រកកោន​ ដោយ​នឹង​ត្រូវ​សម្ភាស​ជនអន្តោប្រវេសន៍​ទាំង​នោះ​ក្នុង​រយៈពេល​២៤​ម៉ោង​។

មន្ត្រី​ទទួល​បន្ទុក​ផ្ដល់​សិទ្ធិ​សុំ​ជ្រកកោន​ជាទូទៅ​ត្រូវ​រង់ចាំ​រយៈពេល​ ៤៨​ម៉ោង​ទើប​អាច​សម្ភាស​និង​ស្ដាប់​ករណី​របស់​ជនអន្តោប្រវេសន៍​ម្នាក់​ដែល​ត្រូវ​បាន​ឃុំឃាំង បន្ទាប់​ពី​ឆ្លង​ចូល​មក​សហរដ្ឋអាមេរិក​បាន។

ក៏​ប៉ុន្តែ​លោក Ken Cuccinelli នាយក​ស្ដីទី​នៃ​ទីភ្នាក់ងារ​ផ្ដល់​សិទ្ធិ​និង​អន្តោប្រវេសន៍​អាមេរិក​ USCIS បាន​ណែនាំ​ឲ្យ​មន្ត្រី​របស់​ខ្លួន​សម្ភាស​ជនអន្តោប្រវេសន៍​ដែល​ត្រូវ​បាន​ឃុំឃាំង​ក្នុង​រយៈពេល២៤ម៉ោង។

គេហទំព័រ​ព័ត៌មាន Buzzfeed ដែល​និយាយ​ថា ខ្លួន​ទទួល​បាន​ច្បាប់​ចម្លង​មួយ​ច្បាប់​នៃ​លិខិត​ណែនាំ​ដែល​បាន​ផ្ដល់​ដល់​មន្ត្រី​អន្តោប្រវេសន៍ ដំបូង​ឡើយ បាន​រាយការណ៍​ថា គោលការណ៍​នេះ​ត្រូវ​ផ្លាស់ប្ដូរ​នៅ​ថ្ងៃ​ចន្ទ។ ​

VOA បាន​បញ្ជាក់​ថា សេចក្តីរាយការណ៍​នោះ​ពិតប្រាកដ​មែន​កាលពី​យប់​ថ្ងៃ​ចន្ទ។

អ្នកស្រី Jessica Collins ដែល​ជា​អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ផ្ដល់​សិទ្ធិ​និង​អន្តោប្រវេសន៍​អាមេរិក​បាន​ថ្លែង​ប្រាប់ VOA ថា «ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​ពន្លឿន​ដំណើរការ​ត្រួតពិនិត្យ​នេះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ស្ថាប័ន​របស់​យើង​កំពុង​តែ​កែប្រែ​រយៈពេល​សម្ភាស​ដើម្បីឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង»។ ​

ថ្វីត្បិត​តែ​អ្នកស្រី Collins មិន​បាន​បញ្ជាក់​ថា​តើ​លិខិត​ណែនាំ​ថ្មី​នោះ​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ពេល​ណា​ក៏​ដោយ ក៏​អ្នកស្រី​បាន​និយាយ​ថា «ការណ៍​នេះនឹង​ជួយ​ពន្លឿន​ដំណើរការ​ត្រួតពិនិត្យ​ឲ្យ​កាន់​តែ​លឿន​និង​ជួយ​ទប់ស្កាត់​ការ​រាំង​ស្ទះ​ការងារ»៕

XS
SM
MD
LG