លោកប្រធានាធិបតីស.រ.អា. Donald Trump បានបញ្ជាក្រុមមន្ត្រីពង្រឹងច្បាប់អន្តោប្រវេសន៍ ធ្វើការចាប់ខ្លួនជនចំណាកស្រុកណា ដែលបានទទួលបញ្ជាឲ្យចាកចេញពីស.រ.អា. នៅក្នុងកិច្ចប្រតិបត្តិការមួយ ដែលគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ នេះបើយោងតាមរបាយការណ៍ព័ត៌មានចុះផ្សាយក្នុងស.រ.អា.។
កិច្ចប្រតិបត្តិការដែលរាយការណ៍ដោយកាសែត The Washington Post មុនគេនោះ នឹងសំដៅទៅលើគ្រួសារចំនួន២ពាន់ នៅក្នុងបណ្តាទីក្រុងធំៗ ដូចជាទីក្រុង Houston ក្រុងChicago ក្រុង Miami ក្រុង Los Angeles និងទីក្រុង New York ជាដើម។
លោក Trump បានសរសេរសារនៅលើទំព័រ Twitter របស់លោកថាស.រ.អា.នឹងចាប់ផ្តើម បណ្តេញជនបរទេសខុសច្បាប់រាប់លាននាក់ ចេញពីស.រ.អា. នៅសប្តាហ៍ក្រោយ ប៉ុន្តែសេចក្តីប្រកាសនេះហាក់ដូចជា ធ្វើឲ្យក្រុមមន្ត្រីអន្តោប្រវេសន៍អាមេរិក មានការភ្ញាក់ផ្អើល។
មន្ត្រីរដ្ឋាភិបាលស.រ.អា. បាននិយាយថា ផែនការបណ្តេញមនុស្សចេញពីប្រទេសនេះ បានស្ថិតនៅក្រោមការពិចារណាអស់ពេលជាច្រើនខែរួចមកហើយ ក៏ប៉ុន្តែក្រុមមន្ត្រីអន្តោប្រវេសន៍ បាននិយាយកាលពីដើមសប្តាហ៍នេះថា ការតាមចាប់ក្រុមគ្រួសារជនចំណាកស្រុកនេះ នឹងមិនទាន់ធ្វើឡើងនៅពេលឆាប់ៗនេះទេ៕