ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទួលស្គាល់ជាលើកដំបូងថាលោកបានចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅនេះ។ លោក Trump ក៏បានប្រកាសថានឹងមាន «ការផ្ទេរអំណាចដោយសន្តិវិធី» នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ដែលជាថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី គឺលោក Joe Biden។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញ Twitter លោកប្រធានាធិបតី Trump បានថ្លែងថា៖ «ទោះបីជាខ្ញុំមិនយល់ស្របទាំងស្រុងលើលទ្ធផលនៃការបោះឆ្នោត និងការចាកចេញ[ពីតំណែង] របស់ខ្ញុំក្តី ក៏ប៉ុន្តែនឹងមានការផ្ទេរអំណាចដោយសន្តិវិធី នៅថ្ងៃទី២០ ខែមករាខាងមុខនេះ»។
លោក Trump បានប្រកាសដូច្នេះ បន្ទាប់ពីសភាទាំងពីរថ្នាក់បានសម្រេចទទួលស្គាល់ជាផ្លូវការលើការបោះឆ្នោតរបស់អង្គបោះឆ្នោត ចំពោះជ័យជម្នះរបស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden កាលពីយប់ថ្ងៃពុធ ក្រោយពីក្រុមបាតុករដែលគាំទ្រលោក Trump រាប់ពាន់នាក់បានឡោមព័ទ្ធនិងសម្រុកចូលក្នុងវិមានសភាសហរដ្ឋអាមេរិក៕