នៅថ្ងៃព្រហស្បតិ៍នេះ សភាទាំងពីរថ្នាក់របស់សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវជ័យជម្នះរបស់លោក Joe Biden លើការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា។ ការប្រកាសនេះ បានធ្វើឡើងក្នុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមានសភា នៅក្នុងការវាយប្រហារដ៏រន្ធត់លើលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកមក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្លាមៗបន្ទាប់ពីការប្រកាសនេះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Trump ដែលសន្យាថា «នឹងផ្ទេរអំណាចដោយមានរបៀបរៀបរយត្រឹមត្រូវតាមច្បាប់» នៅថ្ងៃទី២០ ខែមករាខាងមុខនេះ នៅពេលដែលលោក Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតី។
សភាទាំងពីរថ្នាក់ បានចាប់ផ្ដើមបន្តការងាររបស់ខ្លួនឡើងវិញកាលពីយប់ថ្ងៃពុធលើការប្រកាសអំពីជ័យជម្នះរបស់លោក Biden នៅក្នុងអង្គបោះឆ្នោត ដោយការជជែកដេញដោល បានបន្តផុតពាក់កណ្ដាលយប់ឈានចូលថ្ងៃព្រហស្បត៍នេះ មុននឹងសភាបានប្រកាសជាផ្លូវការអំពីជ័យជម្នះរបស់លោក Biden ដោយលោក Biden ទទួលបានអង្គបោះឆ្នោត ៣០៦ ចំណែកឯលោក Trump ទទួលបានអង្គបោះឆ្នោតចំនួន ២៣២។
នៅក្នុងការប្រកាសសំឡេងឆ្នោតសរុបផ្តាច់ព្រាត់របស់អង្គបោះឆ្នោតនេះ លោកអនុប្រធានាធិបតី Mike Pence ដែលមានតួនាទីជាអធិបតីនៅក្នុងសម័យប្រជុំសភាទាំងពីរថ្នាក់នេះ បាននិយាយថា «នេះជាការចាត់ទុកថា ជាការប្រកាសគ្រប់គ្រាន់ [នូវសំឡេងឆ្នោតរបស់អង្គបោះឆ្នោត] សម្រាប់អ្នកដែលជាប់ឆ្នោតជាប្រធានាធិបតីនិងជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក»។
លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden និងអ្នកស្រីអនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ៕