ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមជំនួបរយៈពេល២ថ្ងៃជាមួយពួកមេដឹកនាំពិភពលោកនៅថ្ងៃសុក្រនេះ នៅរដ្ឋធានីនៃប្រទេសអាហ្សង់ទីន ដែលកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿន លឿនជាងគេចំនួន២០ហៅកាត់ថា G-20។ ក៏ប៉ុន្តែ លោកប្រធានាធិបតី ត្រាំ ទំនងមិនអង្គុយចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀ ពូទីន ទេ។
ប្រធានាធិបតីត្រាំបានបញ្ជូនសារតាមប្រព័ន្ធ Twitter ពីយន្តហោះប្រធានាធិបតី Air Force One នៅពេលដែលលោកកំពុងធ្វើដំណើរទៅកាន់ទីក្រុងប៊ុយណូស៊ែ (Buenos Aires) កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ផ្អែកលើការពិតដែលបញ្ជាក់ថា កប៉ាល់និងនាវិកដែលចេញពីប្រទេសរុស្ស៊ីមកកាន់ប្រទេសអ៊ុយក្រែនមិនទាន់ចាកចេញពីប្រទេសអ៊ុយក្រែនវិញនៅឡើយនោះ ខ្ញុំបានសម្រេចថា វាជាការល្អបំផុតសម្រាប់គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងបញ្ហនេះ ត្រូវលប់ចោលគម្រោងនៃជំនួបនេះ ដែលបានគ្រោងនឹងធ្វើឡើងនៅប្រទេសអាហ្សង់ទីន»។
លោកប្រធានាធិបតី ត្រាំ បាននិយាយបន្ថែមទៀតថា៖ «ខ្ញុំរំពឹងនឹងចូលរួមសន្និសីទកំពូលនេះម្តងទៀតនៅពេលដែលស្ថានភាពនេះត្រូវបានដោះស្រាយ»។
លោកប្រធានាធិបតី ត្រាំ មានគម្រោងជួបរយៈពេល២ម៉ោងនៅក្នុងរដ្ឋធានីនៃប្រទេសអាហ្សង់ទីនជាមួយប្រធានាធិបតី ពូទីន ថ្វីបើមានការរិះគន់យ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិកនិងក្នុងចំណោមសម្ព័ន្ធមិត្តរបស់អង្គការអូតង់ បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូចាប់យកកប៉ាល់របស់អ៊ុយក្រែនចំនួន៣គ្រឿង ហើយនិងពួកនាវិកកាលពីថ្ងៃអាទិត្យនៅច្រកសមុទ្រ Kerch នៅពេលដែលកប៉ាល់ទាំងនោះបានព្យាយាមធ្វើដំណើរទៅកាន់កំពង់ផែ Mariupol របស់អ៊ុយក្រែននៅក្នុងសមុទ្រ Azov។
លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបានប្រាប់ពួកអ្នកយកព័ត៌មាននៅលើយន្តហោះប្រធានាធិបតី Air Force One ថា ការសម្រេចចុងក្រោយដើម្បីលប់ចោលជំនួបនោះបានត្រូវធ្វើឡើងនៅលើយន្តហោះនោះ បន្ទាប់ពីប្រធានាធិបតី ត្រាំ បានទទួលការប្រឹក្សាយោបល់នៅលើយន្តហោះនោះជាមួយលោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិ និងលោក John Kelly នាយខុទ្ទកាល័យសេតវិមានអំពីការតានតឹងរវាងរុស្ស៊ី និងប្រទេសអ៊ុយក្រែន៕