ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសន្យាថា ប្រព័ន្ធអន្តោប្រវេសន៍របស់អាមេរិកនឹងមិនត្រូវប្រើប្រាស់ជាឧបករណ៍សម្រាប់ភេរវជនបរទេសទេ។
ក្នុងសន្ទរកថាផ្សាយប្រចាំសប្តាហ៍របស់លោកទៅកាន់ប្រជាពលរដ្ឋអាមេរិកាំង ប្រធានាធិបតី ត្រាំ បាននិយាយថា លោកបានជួបជាមួយប្រធានប៉ូលិសមកពីទូទាំងប្រទេសហើយបានសន្យាថា លោក និង លោក Jeff Session រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងគាំទ្រពួកគេនៅក្នុងការប្រយុទ្ធប្រឆាំងការគំរាមកំហែងឧក្រិដ្ឋកម្ម។
ប្រធានាធិបតីត្រាំបាននិយាយថា៖ «យើងនឹងបន្តប្រយុទ្ធដោយប្រើគ្រប់សកម្មភាពចាំបាច់និងខាងផ្លូវច្បាប់ដើម្បីធ្វើឲ្យពួកភេរវជន ពួកជ្រុលនិយម និងពួកជ្រុលនិយមប្រកបដោយគ្រោះថ្នាក់កុំឲ្យចូលក្នុងប្រទេសរបស់យើង។ យើងនឹងមិនអនុញ្ញាតឲ្យប្រព័ន្ធអន្តោប្រវេសន៍របស់យើងត្រឡប់មកប្រឆាំងយើងវិញដែលជាឧបករណ៍សម្រាប់ភរវជននិងមនុស្សអាក្រក់ឡើយ»។
ប្រធានាធិបតីត្រាំនិយាយបន្តទៀតថា៖ «យើងត្រូវតែចាត់វិធានការដ៏រឹងប៉ឹងនៅថ្ងៃនេះដើម្បីធ្វើឲ្យប្រាកដថា យើងមានសុវត្ថិភាពនៅថ្ងៃស្អែក»។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពិចារណា «បទបញ្ជាថ្មី»ស្តីពីជនអន្តោប្រវេសន៍បន្ទាប់ពីតុលាការឧទ្ធរណ៍បានសម្រេចដោយសំឡេងលើសលុបប្រឆាំងនឹងបទបញ្ជារបស់លោកដែលរារាំងជនភៀសខ្លួនហើយនឹងពលរដ្ឋមិនពីប្រទេស៧ដែលកាន់សាសនាឥស្លាមមិនឲ្យចូលក្នុងសហរដ្ឋអាមេរិក៕