ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អន្តោប្រវេសន៍​អាមេរិក​ការពារ​វិធាន​ការ​របស់​លោក​ត្រាំស្ដី​ពី​ការ​ដាក់​កម្រិត​លើ​ការ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក​​​


ស្រ្តី​ម្នាក់​កំពុង​ស្វាគមន៍​មិត្ត​ភ័ក្រ​របស់​នាង​នៅ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​ John F. Kennedy នៅ​ទីក្រុង​ញូវយ៉ក តាម​ជើង​យន្តហោះ Emirates Flight 203 ពី​ទីក្រុងឌូបៃ កាលពី​ថ្ងៃទី​២៨ ខែ​មករា។
ស្រ្តី​ម្នាក់​កំពុង​ស្វាគមន៍​មិត្ត​ភ័ក្រ​របស់​នាង​នៅ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​ John F. Kennedy នៅ​ទីក្រុង​ញូវយ៉ក តាម​ជើង​យន្តហោះ Emirates Flight 203 ពី​ទីក្រុងឌូបៃ កាលពី​ថ្ងៃទី​២៨ ខែ​មករា។

មន្ត្រី​អន្តោប្រវេសន៍​កំពូល​បី​រូប​របស់​សហរដ្ឋអាមេរិក​បាន​ការពារ​បទ​បញ្ជា​ប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ​ ដែល​បាន​ចេញ​កាល​ពី​ពេល​ថ្មីៗ​​កន្លង​ទៅ​នេះ។

បន្ទាប់​ពី​ការ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​មកនេះ​ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ ​លោក​ John Kelly បាន​ព្យាយាម​ពន្យល់​បកស្រាយ​បទ​បញ្ជា​ប្រធានាធិបតី​របស់ ​លោក ដូណាល់ ត្រាំ ស្ដីពី​ការ​ហាម​ឃាត់​ជន​អន្តោប្រវេសន៍​មិន​ធ្វើ​ដំណើរ​ចូល​សហរដ្ឋអាមេរិក ​និង​បិទ​បណ្ដោះ​អាសន្ន​នូវ​កម្មវិធី​ទទួល​ជន​ភៀស​ខ្លួន។

លោក John Kelly រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​និយាយ​ថា៖ «នេះ​មិន​មែន​ជា​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នោះ​ទេ នេះ​គឺ​ជា​ការ​បញ្ឈប់​បណ្ដោះ​អាសន្ន​ ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ត្រួត​ពិនិត្យ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ប្រព័ន្ធ​ផ្ដល់​ទិដ្ឋាការ​សារ​ជា​ថ្មី»។

បទ​បញ្ជា​ប្រធានាធិបតី​រារាំង​ការ​ធ្វើ​ដំណើរ​ចូល​ក្នុង​ទឹក​ដី​អាមេរិក​ ពីប្រទេស​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​និង​មជ្ឈិម​បូព៌ា ​រយៈពេល ៩០ ថ្ងៃ។ លោក​ Kelly ​និយាយ​ថា​ គោល​បំណង​នៃ​បទ​បញ្ជា​នេះ ​គឺ​ដើម្បី​ការពារកុំ​ឲ្យ​ភេរវជន​ចូល​ក្នុង​ទឹកដី​អាមេរិក។

អ្នករិះ​គន់​មួយ​ចំនួន​និយាយ​ថា គម្រោង​នេះ​មិន​ច្បាស់​លាស់​ទាល់​តែ​សោះ​ ហើយ​វា​ចាត់​ទុក​ថា​ជាការ​ប្រឹង​ប្រែង​មួយ​ដើម្បី​ធ្វើ​តាមការ​សន្យា​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​របស់​លោក​ ត្រាំ​ ថា​ហាម​ឃាត់អ្នក​កាន់​សាសនា​ឥស្លាម​ចូល​សហរដ្ឋ​អាមេរិក។​ វិធាន​ការ​នេះ​មាន​ការ​កែ​ប្រែ​ខ្លះ​ក្រោយ លោក ត្រាំ​ ជាប់​ឆ្នោត។

លោក John Kelly បន្ថែម​ថា៖ «វា​មិន​មែន​ទេ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ថា វា​មិន​មែន​ជា​ការ​ហាម​ឃាត់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទេ»។

ប៉ុន្តែ​ទោះ​ជា​មាន​ការ​ធានា​អះ​អាង​ដូចនេះ ភាព​ភាន់ច្រឡំ​នៅ​មានក្នុង​ក្រសួង​សន្តិសុខ​មាតុភូមិ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីម្នាក់​ដែលពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​ជន​ភៀសខ្លួន។​

មន្ត្រី​មួយ​រូប​ដែល​បានសន្ទនា​ជាមួយ ​VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា ពាក្យ​សម្ដី​ជា​ច្រើន​នៅ​ក្នុង​បទ​បញ្ជា​ប្រធានាធិបតី​នេះ នៅតែ​ភាពមិន​ច្បាស់លាស់​ គ្មានន័យ​ប្រាកដ​ប្រជា និង​ស្រពិចស្រពិល»។ ​

លោក Paul Ryan ប្រធានរដ្ឋសភា​អាមេរិក​បាន​និយាយ​ថា៖ «ឥឡូវនេះ ខ្ញុំ​គិត​ថា វា​ជា​ការ​សោក​ស្ដាយ​មួយ​ដែល​មានការ​ភាន់​ច្រឡំ​ចំពោះ​បទ​បញ្ជា​នេះ»។​

នៅ​សេតវិមាន​ មន្ត្រី​មួយ​ចំនួន​ក៏​បន្តការ​ពារ​បទ​បញ្ជា​នេះ និង​បដិសេធ​របាយការណ៍​នៃ​ការ​យល់​ច្រឡំ​អំពី​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​បទ​បញ្ជា​នេះ។
អ្នកនាំពាក្យ​ប្រចាំ​សេតវិមាន​លោក Sean Spicerបាន​និយាយ​ថា៖ «បទបញ្ជា​ប្រធានាធិបតី ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​រៀប​ចំ​ត្រឹមត្រូវ និង​ការ​សម្រប​សម្រួល​រវាង​សេតវិមាន និង​ក្រសួង​សន្តិសុខ​មាតុភូមិ។ ហើយ​ការអនុវត្ត​បទ​បញ្ជា​នេះ នឹង​បន្ត​ធ្វើ​ឡើងតាម​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក»។

លោក John Kelly ថ្លែងថា៖ «យើង​មិន​អាច​យក​អាយុជីវិត​ពលរដ្ឋ​អាមេរិក​ធ្វើ​ជា​ល្បែងបានទេ។ ខ្ញុំ​នឹង​មិន​យក​អាយុ​ជីវិត​ពល​រដ្ឋ​អាមេរិក​មក​ប្រថុយ​ឡើយ។»​

យោង​តាម​ការ​ស្ទង់​មតិ​របស់​ភា្នក់​ងារ​សារព័ត៌មាន​ Reuters ប្រជាពលរដ្ឋ​អាមេរិក យល់​ឃើញ​ខុស​គ្នា​ពី​បទ​បញ្ជា​ប្រធានាធិបតី​នេះ ហើយ​ ៤៩% នៃ​អ្នក​ដែល​ចូល​រួមការ​ក្នុង​ការ​ស្ទង់​មតិ​នេះ គាំទ្រ​បទ​បញ្ជា​ប្រធានាធិបតី​នេះ៕

ប្រែ​សម្រួល​ដោយ​ សឿន វឌ្ឍនា

XS
SM
MD
LG