សមាជិកព្រឹទ្ធសភា២រូបខាងគណបក្សសាធារណរដ្ឋនិយាយថា ពួកអស់លោកកំពុងតាក់តែសេចក្តីព្រាងច្បាប់មួយដែលនឹងធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធអន្តោប្រវេសន៍សហរដ្ឋអាមេរិក ដោយកាត់បន្ថយចំនួនជនជាតិបរទេសដែលអនុញ្ញាតឲ្យចូលក្នុងសហរដ្ឋអាមេរិកមួយឆ្នាំរហូតដល់៥០ភាគរយ។
សំណើដែលត្រូវបានអ្នកវិភាគខ្លះបានស្មានថា នឹងកាត់បន្ថយជនអន្តោប្រវេសន៍ពី១លាននាក់មកនៅ៥សែននាក់ក្នុងមួយឆ្នាំ នឹងកែសម្រួលគោលនយោបាយរដ្ឋាភិបាលសហព័ន្ធដែលក្រុមអភិរក្សនិយមបានគាំទ្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សេចក្តីព្រាងច្បាប់ដែលត្រូវបានស្នើឡើងដោយលោក David Perdue សមាជិកព្រឹទ្ធ សភានិងលោក Tom Cotton នឹងកាត់បន្ថយជនអន្តោប្រវេសន៍ដោយកម្រិតការអនុ ញ្ញាតរបស់សមាជិកក្រុមគ្រួសាររបស់ជនចំណាកស្រុក ដោយការបញ្ចប់កម្មវិធីផ្តល់ទិដ្ឋាការឲ្យរស់នៅសហរដ្ឋអាមេរិកតាមរយៈការចាប់ឆ្នោត ហើយនិងធ្វើឲ្យដំណើរការទទួលបានប័ណ្ណ Green Card មានការលំបាកកាន់តែខ្លាំងឡើង។
លោកសមាជិកព្រឹទ្ធសភា Perdueនិងលោក Cotton ដែលតំណាងឲ្យរដ្ឋ Georgia និងរដ្ឋ Arkansasនិយាយកាលពីថ្ងៃអង្គារថា ពួកអស់លោកសង្ឃឹមនឹងឃើញសំណើរបស់អស់លោកនឹងទៅដល់សម័យប្រជុំសភានៅឆ្នាំនេះ ក៏ប៉ុន្តែថា ពួកអស់លោកមិនរំពឹងថា នឹងមានការចាត់វិធានការភ្លាមៗទេ។ សមាជិកព្រឹទ្ធសភាទាំង២បាននិយាយថា ពួកអស់លោកបាននិយាយជាមួយលោកប្រធានាធិបតីត្រាំរួចហើយមុនពេលប្រកាសផែនការរបស់លោក។
អង្គការសំឡេងរបស់អាមេរិក ដែលជាក្រុមបញ្ចុះបញ្ចូលសិទ្ធិនយោបាយរបស់ជនអន្តោប្រវេសន៍ បានរិះគន់សេចក្តីព្រាងច្បាប់នេះ ដោយបានហៅសេចក្តីព្រាងច្បាប់នេះថា ជាផ្នែកមួយនៃយុទ្ធនាការដ៏ធំដើម្បីរឹតត្បិតជនអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក។
លោក Chris Van Hollen សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Maryland បានប្រាប់ VOAនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារលើជនអន្តោ ប្រវេសន៍ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចហើយនិងប្រឆាំងតម្លៃរបស់អាមេរិកជាប្រទេសជាតិមួយ៕