ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់​ដឹកនាំ​ខ្មែរ​ដែល​មាន​បញ្ហា ត្រូវ​បាន​ធ្វើ​ការ​សាកល្បង​យ៉ាង​ឈឺចាប់​ដោយ​ការ​វាយដំ


លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ (ឆ្វេង) និង​លោក​ គង់ សភា​ (ស្តាំ) តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ នៅ​ក្នុង​កៅអី​រុញ​​បាន​មក​ដល់​អាកាសយានដ្ឋាន​មួយ​នៅ​រាជធានី​បាងកក​​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​​អង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយ​​ពេល​​​ពួក​លោក​ត្រូវ​បាន​​បាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណ​​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។​​ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)
លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ (ឆ្វេង) និង​លោក​ គង់ សភា​ (ស្តាំ) តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ នៅ​ក្នុង​កៅអី​រុញ​​បាន​មក​ដល់​អាកាសយានដ្ឋាន​មួយ​នៅ​រាជធានី​បាងកក​​ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​​អង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយ​​ពេល​​​ពួក​លោក​ត្រូវ​បាន​​បាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណ​​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។​​ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)

តុលាការ​ខ្មែរ​មួយ​ នឹង​ចេញ​សេចក្ដី​សម្រេច​ក្នុង​ពេល​ឆាប់ៗ​នេះ ទៅ​លើ​បទ​ចោទប្រកាន់ ​ប្រឆាំង​នឹង​បុគ្គលិក​យោធា ដែល​បាន​សារភាព​ថា ពួកគេ​ពិត​ជា​បាន​វាយដំ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ពីរ​រូប​នៅ​ខាងក្រៅ​រដ្ឋសភា​ជាតិ កាល​ពី​ខែ​តុលា​នោះ​មែន។

សេចក្ដី​សម្រេច​របស់​តុលាការ​ កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ជា​ការសាកល្បង​មួយ​សម្រាប់​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នៅ​ទី​នេះ ការ​បង្ក្រាប​របស់​រដ្ឋាភិបាល លើ​ក្រុម​ប្រឆាំង បាន​បណ្ដាល​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​និង​ការ​ដាក់​ពន្ធនាគារ​អ្នក​នយោបាយ​ប្រឆាំង​និង​អ្នក​គាំទ្រ​របស់​ពួកគេ​ជាបន្តបន្ទាប់។

លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែល​ជា​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​វាយដំ​ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​ពី​មាន​បាតុករ​ប្រឆាំង​គណបក្ស​ជំទាស់ ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ គន់ គីម និង​សមាជិក​មក​ពី ក្រុម​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី។

ការ​ប្រឈមមុខ​ដាក់​គ្នា​នោះ បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ទាំង​ក្នុង​មជ្ឈដ្ឋាន​ជាតិ ទាំង​ក្នុង​ចំណោម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ។

ជន​បី​នាក់ឈ្មោះ សុត វណ្ណនី ម៉ៅ ហឿន និង ចាយ សារិទ្ធ បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ ឲ្យ​ពួកគេ​ធ្វើ​ដូច្នេះ។ ជន​ទាំង​៣​នាក់​នេះ បាន​ទទូច​ថា ពួកគេ បាន​ប្រព្រឹត្ត​ហិង្សា​ដោយ​ឯកឯង ដោយ​សារ​ពួកគេ មាន​កំហឹង។ អ្នក​ទាំង​៣ បាន​និយាយ​ថា ពួកគេ មិន​មែន​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​មាន​ការ​រៀបចំ​ទុក​ជា​មុន ដើម្បី​បំបិទ​ម៉ាត់​បក្ស​ប្រឆាំង​ ដូច​ដែល​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដូចជា​អង្គការ Human Rights Watch ​ជាដើម ​បាន​ចោទប្រកាន់​នោះ​ទេ។

សុត​ វណ្ណនី ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ដែល​បាន​ចូល​ខ្លួន​សារភាព​ជា​អ្នក​ប្រព្រឹត្ត​ការវាយ​ប្រហារ​លើ​អ្នក​តំណាងរាស្រ្ត​ ត្រូវ​បាន​នាំ​ខ្លួនដោយ​ប៉ូលីស​នៅ​តុលាការ​ក្រុង​ភ្នំពេ្​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​
សុត​ វណ្ណនី ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ដែល​បាន​ចូល​ខ្លួន​សារភាព​ជា​អ្នក​ប្រព្រឹត្ត​ការវាយ​ប្រហារ​លើ​អ្នក​តំណាងរាស្រ្ត​ ត្រូវ​បាន​នាំ​ខ្លួនដោយ​ប៉ូលីស​នៅ​តុលាការ​ក្រុង​ភ្នំពេ្​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​

​អ្នក​ទាំង​៣​នាក់​នេះ បាន​និយាយ​ថា ពួកគេ​ បាន​សងសឹក ក្រោយពី​អ្នក​នយោបាយ​ទាំង​ពីរ​រូប​នេះ បាន​និយាយ​ឡកឡឺយ​និង​ជេរ​ប្រមាថ​ពួកគេ ដោយ​ចោទ​ពួកគេ​ថា ជា​អាយ៉ង​យួន។

ប៉ុន្តែ របាយការណ៍​ថ្មី​មួយ​របស់​អង្គការ Human Rights Watch ដែល​មាន​ចំណង​ជើង​ថា «ទាញ​យក​ទៅ​វាយ៖ តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​វាយប្រហារ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៥ ទៅលើ​អ្នកនយោបាយ​បក្ស​ប្រឆាំង» បាន​ចោទប្រកាន់​ថា ការ​វាយដំ​អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​បញ្ជា​ចេញ​ពី​ថ្នាក់​លើ​ក្នុង​ជួរ​រដ្ឋាភិបាល​និង​យោធា ដោយ​សារ​មានសមាជិក​ពួកគេ​កាន់តែ​ច្រើន​ឡើង បាន​ចូលរួម​នៅ​ក្នុង​ការ​វាយដំ​នោះ។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch មាន​ប្រសាសន៍​ថា «វា​ហាក់​ដូច​ជា​មាន​ការ​ជាប់ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស​ស៊ីជម្រៅ​ជាង​នេះ​ទៀត ហើយ​ការណ៍​នេះ ចាំបាច់​ត្រូវ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់។ ហើយ​អ្នក​ទាំង​ឡាយ​ណា ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​វាយដំ​នេះ ត្រូវ​តែ​យក​មក​ឲ្យទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន»។

របាយការណ៍​របស់​អង្គការ​ Human Rights Watch បញ្ចូល​ការ​រៀបរាប់​ពី​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់ និង​វីដេអូ ព្រមទាំង​រូបថត ដែល​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មនុស្ស​២០នាក់ បាន​ស្ថិត​នៅ​ក្នុង​បរិវេណ​ជាប់​នឹង​អ្នក​តំណាងរាស្ត្រ​ទាំងពីរ​រូប​និង​ឡាន​របស់​ពួកគេ ​ក្នុង​អំឡុងពេល​មាន​ការ​វាយដំ​នោះ។

មនុស្ស​១០​នាក់​ទៀត បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយដំ​នោះ​ដោយ​ផ្ទាល់ ខណៈ​អ្នក​ផ្សេង​ទៀត នៅ ឈរ​មើល​និង​មិន​បាន​ធ្វើ​អ្វី​មួយ​ឡើយ។

ក្រោយ​ពី​ការ​វាយដំ​នោះ​ហើយ ក្រុម​បាតុករ​ ត្រូវ​បាន​ដឹក​តាម​ឡាន​ទៅកាន់​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​តាខ្មៅ ដែល​នៅ​មិន​ឆ្ងាយ​ពី​ភូមិគ្រឹះ​ឯកជន​របស់​លោក​ ហ៊ុន សែន​ទេ៕

ប្រែ​សម្រួលដោយ សាយ មុន្នី

XS
SM
MD
LG