តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបគឺ លោកញ៉យ ចំរើន និងគង់ សភា ដែលកំពុងសម្រាកព្យាបាលរបួសដោយការវាយប្រហារពីក្រុមមនុស្សមួយក្រុម បានសម្តែងការងឿងឆ្ងល់ទៅលើការចូលសារភាពរបស់ជនសង្ស័យដែលថាជាអ្នកប្រព្រឹត្តការវាយប្រហារបីនាក់លើពួកអស់លោក។
ថ្លែងប្រាប់ VOA ពីទីក្រុងបាងកក លោកញ៉យ ចំរើនបានបញ្ជាក់ថា៖ «មួយទៀតដែលខ្ញុំមើលឃើញថា គឺថាអាជ្ញាធរហាក់ដូចជាមិនបានចាប់ជនដៃដល់ ទាំងអស់ហ្នឹង បែរជាជនដៃដល់ហ្នឹងមកសារភាពវិញ។ នេះក៏ជារឿងមួយចម្លែកដែរ។សំខាន់គឺយើងចង់ដឹងថាតើនរណា ជាអ្នកនៅពីក្រោយពួកទាំងអស់ហ្នឹង ហើយអ្នកនៅពីក្រោយជាមេគំនិតហ្នឹងក៏ត្រូវទទួលទោសដូចអ្នកដៃដល់ផងដែរ»។
លោក គង់ សភា អ្នកតំណាងរាស្ត្រម្នាក់ទៀតបានអះអាងថា អាជ្ញាធរត្រូវចាប់ខ្លួនជន សង្ស័យជាច្រើនថែមទៀត ហើយអ្នកនៅពីក្រោយក៏ត្រូវទទួលទោសធ្ងន់ធ្ងរដែរ ៖
«អ្នកដែលនៅពីក្រោយដែលបញ្ជាជនល្មើសទាំងនេះគួរតែទទួលទោសធ្ងន់ធ្ងរជាងនេះតទៅទៀត ដោយសារគាត់ជាអ្នកបញ្ជាហ្នឹងហើយបានជាជនល្មើសហ៊ានប្រព្រឹត្តអំពើដ៏លាមក ដែលមកវ៉ៃតំណាងរាស្ត្រ រំលោភរាងកាយក្នុងពេលនៅមានអភ័យឯកសិទ្ធិ»។
លោក ញ៉យ ចំរើន និង លោកគង់ សភា បានអះអាងថាលោកមិនអាចមកតតាំងផ្លូវ ច្បាប់ក្នុងតុលាការបានភ្លាមៗទេ ដោយសារមុខរបួសមិនទាន់ជាសះស្បើយនិងនៅគ្រាំគ្រាធ្ងន់ធ្ងរ។ លោកថា លោកនឹងផ្តល់សិទ្ធិជូនមេធាវី។
សេចក្តីថ្លែងការណ៍នេះកើតឡើងក្រោយពីអាជ្ញាធរក្រសួងមហាផ្ទៃបានបង្ហាញមុខ ជនសង្ស័យបីនាក់ ដែលថាជាអ្នកប្រព្រឹត្តការវាយប្រហារអ្នកតំណាងរាស្ត្របាន ចូលសារភាពនោះកាលពីល្ងាចថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៥។
ជនសង្ស័យទាំងបីមាន ឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ មានលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ រស់នៅភូមិទី៥ ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែករាំងសង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ពួកគេមិនត្រូវបានអាជ្ញាធរបង្ហាញពីមុខងារ ឬការងារនៅឡើយទេ។
កាលពីថ្ងៃច័ន្ទសប្តាហ៍កន្លងទៅ តំណាងរាស្ត្រពីរនាក់របស់គណបក្សជំទាស់គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវបានក្រុមជនបិទមុខវាយប្រហារក្រោយពេលដែលជនទាំងនោះស្ទាក់រថយន្ត និងទាញអ្នកតំណាងរាស្ត្រចេញពីរថយន្ត ខណៈពេលបើកចេញពីវិមានរដ្ឋសភា។ ការវាយដំនេះមិនមានកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនោះទេ។ គេជឿជាក់ថាក្រុមជនសង្ស័យទាំងនោះគឺជាបាតុករដែលនៅសេសសល់ពីការតវ៉ាឲ្យដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទីមួយរដ្ឋសភា។
ការវាយប្រហារលើតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិនេះ ត្រូវបានថ្កោលទោស និងរងការរិះគន់យ៉ាងខ្លាំងជាបន្តបន្ទាប់ពីអង្គការសង្គមស៊ីវិលនានា និងស្ថានទូតនានាប្រចាំនៅប្រទេសកម្ពុជានិងអ.ស.ប. ដែលទាមទារឲ្យមានការចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ និងធានាសិទ្ធិបញ្ចេញមតិ។
ទោះជាយ៉ាងណាក៏ដោយមេធាវី ជួង ជូងី ដែលកំពុងរង់ចាំការយល់ព្រមពីតំណាង រាស្ត្ររងគ្រោះទាំងពីរ បានទាមទារឲ្យតុលាការចោទប្រកាន់ទោសពីបទប៉ុនប៉ង មនុស្សឃាតក្នុងពាក្យបណ្តឹងប្រឆាំងនឹងជនសង្ស័យបីរូប។ តែលោកថាតម្រូវឲ្យជនរងគ្រោះចុះហត្ថលេខា។
«ទី១ស្ថានភាពរងរបួសខ្លាំង ទី២អំពើដែលធ្វើឡើងវាច្រើនគ្នា ហើយគាត់ប្រើកម្លាំងខ្លាំង។ អំពើដែលវាប្រព្រឹត្តទៅហ្នឹងវាធ្ងន់»។
ក្នុងពេលដែលលោកមេធាវីកំពុងរង់ចាំការចុះហត្ថលេខាលើបណ្តឹងរបស់អ្នកតំណាងរាស្រ្តទាំងពីររូប ប្រឆាំងនឹងជនសង្ស័យដែលបានចូលសារភាពទាំងបីនាក់នោះ ក្រុមអ្នកច្បាប់បានថ្លែងថា ទោសទណ្ឌដែលប្រពឹត្តរឿងប៉ុនប៉ងមនុស្សឃាតនេះអាចជាប់ទោសដល់មួយជីវិត បើតុលាការចោទប្រកាន់បទដូចមេធាវីទាមទារ។ ហើយអ្នកនៅពីក្រោយដែលជាមេគំនិត ក៏មានទោសដូចគ្នាដែរបើសិនជាមានបណ្តឹងប្តឹងដែលតុលាការអាចចាត់ការបានក្នុងពេលណាមួយបើមិនអាចរកឃើញភ្លាមៗក្តី។
ក្រុមអ្នកច្បាប់អះអាងថាតុលាការទំនងជាអាចចោទប្រកាន់បទបំផ្លាញទ្រព្យអ្នកដទៃ និងបទបង្កហិង្សា ដែលមានទោសតែ២ទៅដល់៥ឆ្នាំឡើងទៅ។ ហើយបើតុលាការបន្ថែមស្ថានទម្ងន់ទោសនោះ ក៏នៅតែមានទោសទណ្ឌស្រាលជាងទោសប៉ុនប៉ងមនុស្សឃាត៕