តំណាងរាស្ត្រពីររូបរបស់គណបក្សជំទាស់ ដែលត្រូវបានជនមួយក្រុមធ្វើការវាយប្រហារ កាលពីខែកន្លងទៅ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងជាផ្លូវការពីបទ «ប៉ុនប៉ងឃាតកម្មគិតទុកជាមុននិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» បន្ទាប់ពីពួកខ្លួនយល់ថា ការចោទប្រកាន់របស់តុលាការលើជនល្មើសមានការសម្រាសទោស ដែលមិនអាចទទួលយកបាន។
យោងតាមច្បាប់ចម្លងនៃពាក្យបណ្តឹងពីររបស់តំណាងរាស្ត្របញ្ជូន ដែលទៅកាន់តុលាការក្រុងភ្នំពេញ ហើយដែល VOA ទទួលបាននោះបានឲ្យដឹងថា តំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន បានប្តឹងក្រុមបាតុករពីបទប៉ុនប៉ងឃាតកម្ម និងគិតទុកជាមុន និងទាមទារឲ្យមានការសងថ្លៃខូចខាតពីជនល្មើសក្នុងម្នាក់មួយរយលានរៀលផងដែរ។ ច្បាប់ចម្លងពាក្យបណ្តឹងទាំងពីរដែលមានខ្លឹមសារដូចគ្នានេះ បានឲ្យដឹងទៀតថា តំណាងរាស្ត្រទាំងពីរបានលើកហេតុផលថា ក្រុមបាតុករចំនួនច្រើនដែលគេជឿថា នៅសេសសល់ពីការធ្វើការតវ៉ាប្រឆាំងនឹងលោក កឹម សុខា អនុប្រធានគណបក្សជំទាស់ នាថ្ងៃទី២៦ខែតុលាកន្លងទៅនេះ បានធ្វើការឡោមព័ទ្ធឡានរបស់ពួកលោក និងធ្វើការវាយដំ ដែលបណ្តាឲ្យលោកទាំងពីររងរបួសធ្ងន់ធ្ងរ។
ពាក្យបណ្តឹងដែល VOA បានទទួលនេះ បានសរសេរថា៖ «អំពើរបស់ក្រុមបាតុករនោះគឺជាការប៉ុនប៉ងវាយសម្លាប់រូបខ្ញុំ។ ដោយសារតែមានអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋជួយឃាត់ប្រាកដជាពួកបាតុករទាំង នោះវាយសម្លាប់ខ្ញុំជាប្រាកដ»។
កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍កន្លងទៅ ជនល្មើសបីរូបដែលមានឈ្មោះម៉ៅ ហឿន អាយុ៣៤ឆ្នាំ មកពីខេត្តព្រៃវែង ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ និង សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានស្ម័គចិត្តប្រគល់ខ្លួនឱ្យអាជ្ញាធរមានសមត្ថកិច្ច ហើយបានអះអាងថា ពួកខ្លួនជាអ្នកបង្ករបួសស្នាមដល់តំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ។
មួយថ្ងៃក្រោយមក តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនជនបីរូបនោះជាបណ្តោះអាសន្ន និងចោទពីបទ«អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បតិ្តដោយមានចេតនា មានស្ថានទម្ងន់ទោស»។
តាមច្បាប់ព្រហ្មទណ្ឌកម្ពុជា បើសិនតុលាការរកឃើញថា មានទោសនោះ ជនទាំងបីរូបនេះអាចត្រូវជាប់ទោសក្នុងពន្ធនាគារយ៉ាងហោចណាស់៧ឆ្នាំម្នាក់ៗ ដែលជាទោសស្រាលជាងអ្វីដែលតំណាងរាស្ត្រកំពុងតែប្តឹងនោះ។
ពេលកំពុងស្នាក់ព្យាបាលរបួសនៅទីក្រុងបាងកកជាមួយលោកគង់ សភានោះ លោកតំណាងរាស្ត្រ ញ៉យ ចំរើន ថ្លែងប្រាប់ VOA តាមរយៈទូរស័ព្ទថា លោកមិនយល់ស្របតាមកម្រិតចោទប្រកាន់ដែលតុលាការក្រុងភ្នំពេញនោះចោទជនទាំងបីនាក់នោះទេ ព្រោះលោកយល់ថា ការចោទប្រកាន់នេះមានការសម្រាលទោស ហើយលោកបានសម្រេចចិត្តផ្ទេរសិទ្ធិក្នុងការប្តឹងនេះទៅឲ្យមេធាវីរបស់លោក។
«អឺ ខ្ញុំដូចជាទទួលយកមិនបានទេ។ ក៏ប៉ុន្តែកិច្ចការទំាងអស់ហ្នឹង ខ្ញុំប្រគល់ទុកជូនលោកមេធាវីចុះបាទ»។
លោក ជួង ជូងី មេធាវីតំណាងឲ្យក្រុមតំណាងរាស្ត្រ បានឲ្យដឹងថា តំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិគឺលោកគង់ សភា និងលោក ញ៉យ ចំរើន បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃអង្គារមិ្សលមិញនេះ ដើម្បីឲ្យតុលាការរកយុត្តិធម៌ដល់រូបខ្លួន ហើយរង់ចាំសេចក្តីម្រេចពីតុលាការ។
ក៏ប៉ុន្តែលោកបញ្ជាក់យ៉ាងដូច្នេះថា៖
«និយាយរួមបណ្តឹងនេះគឺអត់មានចង្អុលលើបុគ្គលមួយណានោះទេ អាស្រ័យទៅលើសមត្ថកិច្ច គេស្រាវជ្រាវរកឃើញជនមួយណា យកអ្នកនោះមកដាក់ទោសទៅ អញ្ចឹងណា៎។ ហើយគ្រាន់តែថា តាមការបំភ្លឺ ឬក៏តាមការកត់សម្គាល់គឺក្រុមបាតុកម្មនឹងហើយដែលជាអ្នកធ្វើ ឬជាអ្នកប្រព្រឹត្តអំពើហ្នឹង។ ចំពោះការណ៍ពិតយ៉ាងណា ថា បុគ្គលណា អីយ៉ាងម៉េចគឺសមត្ថកិច្ចគាត់ស្រាវជ្រាវទៅគឺពេលហ្នឹងឃើញហើយ»។
បទសម្ភាសន៍ VOA ជាមួយតំណាងរាស្ត្រទាំងពីររូបក្នុងពេលកន្លងមក៖
កាលពីសប្តាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមការពារក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយលោកថ្លែងថា ក្រុមដែលវាយប្រហារលើតំណាងរាស្ត្រពីររូបនោះគឺមិនមែនចេញពីបាតុករដែលធ្វើការតវ៉ាសុំឲ្យមានការដកលោកកឹម សុខាចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភានោះទេ។ លោកនិយាយថា ពួកគេវាយប្រហារលើតំណាងរាស្ត្រនោះគឺដោយសារតែតំណាងរាស្ត្រជេរក្រុមជនបិទមុខទាំងនោះថាជា«អាយ៉ងយួន»។ ភ្លាមៗនោះដែរ លោកគង់ សភា និងលោក ញ៉យ ចំរើន ក៏បានបដិសេធការការលើកឡើងរបស់លោកហ៊ុន សែន។
វីដេអូដែលគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញថា ក្រុមជនបិទមុខមួយក្រុមបានស្ទាក់រថយន្ត និងទាញតំណាងរាស្ត្រចេញពីរថយន្ត មុនពេលធ្វើការវាយ ទាត់ធាក់ លោកទាំងពីរ ដោយមិនមានកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនោះទេ។ គេជឿថា ក្រុមជនសង្ស័យទាំងនោះអាចមានគ្នាលើសពីបីនាក់ ដែលចេញពីក្រុមបាតុករដែលនៅសេសសល់ពីការតវ៉ាកាលពីថ្ងៃទី២៦ខែតុលាកន្លងទៅ ដែលទាមទារឲ្យដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភាជាតិ៕