ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្រ្ត​ដែល​រង​ការវាយ​ប្រហារងឿង​ឆ្ងល់​ពី​ការចូល​សារភាព​របស់​ជនសង្ស័យ​បី​នាក់​


 សុត​ វណ្ណនី ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ដែល​បាន​ចូល​ខ្លួន​សារភាព​ជា​អ្នក​ប្រព្រឹត្ត​ការវាយ​ប្រហារ​លើ​អ្នក​តំណាងរាស្រ្ត​ ត្រូវ​បាន​អម​​​ដោយ​ប៉ូលីស​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។
 សុត​ វណ្ណនី ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ ដែល​បាន​ចូល​ខ្លួន​សារភាព​ជា​អ្នក​ប្រព្រឹត្ត​ការវាយ​ប្រហារ​លើ​អ្នក​តំណាងរាស្រ្ត​ ត្រូវ​បាន​អម​​​ដោយ​ប៉ូលីស​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។

អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​ចាត់​ទុក​ការ​ចូល​សារ​ភាព​របស់​ជន​ដៃ​ដល់​បី​នាក់​ជា​រឿង​ចម្លែក​ ហើយ​អំពាវ​នាវ​ថា​​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ត្រូវ​នាំ​ខ្លួន​មក​កាន់​តុលាការ​កាត់​ទោស​ដែរ។​ ជន រងគ្រោះ ​ទាំង​ពីរ​ចង់​ឃើញ​មាន​ការ​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នឹង​ជន​ដៃដល់​បន្ថែម​ទៀត។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​គឺ ​លោក​ញ៉យ ​ចំរើន ​និង​គង់ សភា​ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ដោយការ​វាយ​ប្រហារ​ពី​ក្រុម​មនុស្ស​មួយ​ក្រុម​ បាន​សម្តែង​ការងឿង​ឆ្ងល់​ទៅ​លើ​ការ​ចូល​សារភាព​របស់​ជន​សង្ស័យ​ដែល​ថា​ជា​អ្នក​ប្រព្រឹត្ត​ការវាយ​ប្រហារ​បី​នាក់​លើ​ពួក​អស់​លោក។​

ថ្លែងប្រាប់​ VOA ពី​ទីក្រុង​បាងកក​ លោក​ញ៉យ ចំរើន​បាន​បញ្ជាក់​ថា៖ «មួយ​ទៀត​ដែល​ខ្ញុំ​មើល​ឃើញ​ថា​ គឺ​ថា​អាជ្ញាធរ​ហាក់​ដូចជា​មិន​បាន​ចាប់​ជន​ដៃ​ដល់​ ទាំង​អស់​ហ្នឹង​ បែរ​ជា​ជន​ដៃ​ដល់​ហ្នឹង​មក​សារភាព​វិញ។ ​នេះ​ក៏​ជា​រឿង​មួយ​ចម្លែក​ដែរ។​សំខាន់​គឺ​យើង​ចង់​ដឹង​ថា​តើ​នរណា ​ជា​អ្នក​នៅ​ពី​ក្រោយ​ពួក​ទាំងអស់​ហ្នឹង​ ហើយ​អ្នក​នៅ​ពី​ក្រោយ​ជា​មេ​គំនិត​ហ្នឹង​ក៏​ត្រូវ​ទទួល​ទោស​ដូច​អ្នក​ដៃ​ដល់​ផង​ដែរ»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ​គង់ សភា​ អ្នក​តំណាង​រាស្ត្រ​ម្នាក់​ទៀត​បាន​អះអាង​ថា​ អាជ្ញាធរ​ត្រូវ​ចាប់​ខ្លួន​ជន​ សង្ស័យ​ជា​ច្រើន​ថែម​ទៀត​ ហើយ​អ្នក​នៅ​ពី​ក្រោយ​ក៏​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ដែរ​ ៖

«អ្នក​ដែល​នៅ​ពី​ក្រោយ​ដែល​បញ្ជា​ជនល្មើស​ទាំង​នេះ​គួរ​តែ​ទទួល​ទោស​ធ្ងន់​ធ្ងរ​ជាង​នេះ​ត​ទៅ​ទៀត​ ដោយ​សារ​គាត់​ជា​អ្នក​បញ្ជា​ហ្នឹង​ហើយ​បាន​ជា​ជន​ល្មើស​ហ៊ាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក ​ដែល​មក​វ៉ៃ​តំណាងរាស្ត្រ ​រំលោភ​រាង​កាយ​ក្នុង​ពេល​នៅ​មាន​អភ័យឯកសិទ្ធិ»។

លោក​ ញ៉យ ចំរើន​ និង​ លោក​គង់ សភា​ បាន​អះអាង​ថា​លោក​មិន​អាច​មក​ត​តាំង​ផ្លូវ​ ច្បាប់​ក្នុង​តុលាការ​បាន​ភ្លាមៗ​ទេ ​ដោយសារ​មុខ​របួស​មិន​ទាន់​ជា​សះ​ស្បើយ​និង​នៅ​គ្រាំគ្រា​ធ្ងន់ធ្ងរ។​ លោក​ថា ​លោក​នឹង​ផ្តល់​សិទ្ធិ​ជូន​មេធាវី។​

សេចក្តី​ថ្លែងការណ៍​នេះ​កើត​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​មុខ​ ជន​សង្ស័យ​បី​នាក់​ ដែល​ថា​ជា​អ្នក​ប្រព្រឹត្ត​ការវាយ​ប្រហារ​អ្នក​តំណាងរាស្ត្រ​បាន​ ចូល​សារភាព​នោះ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា​ឆ្នាំ២០១៥។​

ជន​សង្ស័យ​ទាំងបី​មាន ឈ្មោះ ​ចាយ សារិទ្ធ ​អាយុ​៣៣​ឆ្នាំ​ មាន​លំនៅ​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ ឈ្មោះ​ ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ​ រស់​នៅ​ភូមិ​ទី​៥ ឃុំ​ព្រែក​ខ្សាយ​ «ខ»​ ស្រុក​ពាមរក៍ ​ខេត្ត​ព្រៃវែង និង​ឈ្មោះ​ ​សុត វណ្ណនី ​អាយុ ​៤៥ឆ្នាំ ​រស់​នៅ​ភូមិ​ព្រែក​រាំង​សង្កាត់​កំពុង​សំណាញ់ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល។ ពួក​គេ​មិន​ត្រូវ​បាន​អាជ្ញាធរ​បង្ហាញ​ពី​មុខ​ងារ​ ឬ​ការងារ​នៅ​ឡើយ​ទេ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅ ​តំណាងរាស្ត្រ​ពីរ​នាក់​របស់​គណបក្ស​ជំទាស់​គឺ​លោក​ គង់ សភា​ និង​លោក ​ញ៉យ​ ចំរើន ​ត្រូវ​បាន​ក្រុម​ជន​បិទ​មុខ​វាយ​ប្រហារ​ក្រោយ​ពេល​ដែល​ជន​ទាំង​នោះ​ស្ទាក់​រថយន្ត ​និង​ទាញ​អ្នក​តំណាង​រាស្ត្រ​ចេញ​ពី​រថយន្ត ​ខណៈ​ពេល​បើក​ចេញ​ពី​វិមាន​រដ្ឋសភា។​ ការវាយ​ដំ​នេះ​មិន​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​នោះ​ទេ។​ គេ​ជឿ​ជាក់​ថា​ក្រុម​ជន​សង្ស័យ​ទាំង​នោះ​គឺ​ជា​បាតុករ​ដែល​នៅ​សេស​សល់​ពី​ការ​តវ៉ា​ឲ្យ​ដក​លោក ​កឹម សុខា ​ចេញ​ពី​តំណែង​អនុប្រធាន​ទី​មួយ​រដ្ឋសភា។

ការវាយ​ប្រហារ​លើ​តំណាងរាស្ត្រ ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​នេះ​ ត្រូវ​បាន​ថ្កោលទោស​ និង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​នានា ​និង​ស្ថាន​ទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​និង​អ.ស.ប.​ ដែល​ទាមទារ​ឲ្យ​មាន​ការចាប់​ខ្លួន​ជន​សង្ស័យ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ និង​ធានា​សិទ្ធិ​បញ្ចេញ​មតិ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​មេធាវី ​ជួង ជូងី ​ដែល​កំពុង​រង់ចាំ​ការយល់ព្រម​ពី​តំណាង រាស្ត្រ​រង​គ្រោះ​ទាំង​ពីរ​ បាន​ទាមទារ​ឲ្យ​តុលាការ​ចោទ​ប្រកាន់​ទោស​ពី​បទ​ប៉ុនប៉ង​ មនុស្ស​ឃាត​ក្នុង​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ជន​សង្ស័យ​បី​រូប​។ តែ​លោក​ថា​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ចុះ​ហត្ថ​លេខា។

«ទី​១​ស្ថានភាព​រង​របួស​ខ្លាំង​ ទី​២​អំពើ​ដែល​ធ្វើ​ឡើង​វា​ច្រើន​គ្នា​ ហើយ​គាត់​ប្រើ​កម្លាំង​ខ្លាំង។​ អំពើ​ដែល​វា​ប្រព្រឹត្ត​ទៅ​ហ្នឹង​វា​ធ្ងន់»។

ក្នុង​ពេល​ដែល​លោក​មេធាវី​កំពុង​រង់​ចាំ​ការ​ចុះ​ហត្ថលេខា​លើ​បណ្តឹង​របស់​អ្នក​តំណាងរាស្រ្ត​ទាំង​ពីរ​រូប​ ប្រឆាំង​នឹង​ជន​សង្ស័យ​ដែល​បាន​ចូល​សារភាពទាំង​បី​នាក់​នោះ​ ក្រុម​អ្នក​ច្បាប់​បាន​ថ្លែង​ថា​ ទោស​ទណ្ឌ​ដែល​ប្រពឹត្ត​រឿង​ប៉ុនប៉ង​មនុស្ស​ឃាត​នេះ​អាច​ជាប់​ទោស​ដល់​មួយ​ជីវិត ​បើ​តុលាការ​ចោទ​ប្រកាន់​បទ​ដូច​មេធាវី​ទាមទារ។ ​ហើយ​អ្នក​នៅ​ពី​ក្រោយ​ដែល​ជា​មេ​គំនិត​ ​ក៏​មាន​ទោស​ដូច​គ្នា​ដែរ​បើសិន​ជា​មាន​បណ្តឹង​ប្តឹង​ដែល​តុលាការ​អាច​ចាត់​ការ​បាន​ក្នុង​ពេល​ណា​មួយ​បើ​មិន​អាច​រក​ឃើញ​ភ្លាមៗ​ក្តី។​

ក្រុម​អ្នក​ច្បាប់​អះអាង​ថា​តុលាការ​ទំនង​ជា​អាច​ចោទ​ប្រកាន់​បទ​បំផ្លាញ​ទ្រព្យ​អ្នក​ដទៃ ​និង​បទ​បង្ក​ហិង្សា​ ដែល​មាន​ទោស​តែ​២​ទៅ​ដល់​៥​ឆ្នាំ​ឡើង​ទៅ​។ ហើយ​បើ​តុលាការ​បន្ថែម​ស្ថាន​ទម្ងន់​ទោស​នោះ​ ក៏​នៅ​តែ​មាន​ទោស​ទណ្ឌ​ស្រាល​ជាង​ទោស​ប៉ុន​ប៉ង​មនុស្ស​ឃាត៕

XS
SM
MD
LG