ក្រុមសកម្មជនការពារបរិស្ថានបីនាក់នៃអង្គការមាតាធម្មជាតិ ដែលនៅពេលនេះមិនមានឈ្មោះក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសការចូលខ្លួននៅក្នុងសវនាការមួយដែលនឹងធ្វើឡើងនៅតុលាការកំពូល នាថ្ងៃសុក្រនេះ ដើម្បីស្តាប់ការកាត់ក្តីក្នុងសំណុំរឿងទប់ស្កាត់ការបូមខ្សាច់ក្នុងខេត្តកោះកុង ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់របស់សកម្មជនមួយរូប និងមេធាវីការពារសកម្មជនទាំងបីនាក់នោះ។
សកម្មជនការពារបរិស្ថានទាំងបីរូបត្រូវបានតុលាការខេត្តកោះកុងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ កាលពីខែកក្កដា ឆ្នាំ២០១៦ ពីបទ«គំរាមកំហែងនិងធ្វើឲ្យខូចខាត»។ ប៉ុន្តែដោយសារពួកគេបានអនុវត្តទោសក្នុងពន្ធនាគារចំនួន១០ខែនិង១៥ថ្ងៃហើយនោះ តុលាការបានសម្រេចព្យួរទោសដែលនៅសេសសល់ ហើយដោះលែងពួកគេឲ្យមានសេរីភាពវិញនៅខែកក្កដា ឆ្នាំ២០១៦ដដែលនោះ។ ការចាប់និងឃុំខ្លួនអ្នកទាំងបីនេះគឺត្រូវបានធ្វើទៅតាមការប្តឹងរបស់ក្រុមហ៊ុន Direct Access ដែលគេដឹងថា មានការជួយជ្រោមជ្រែងពីអាជ្ញាធរស្រុកបទុមសាគរ។
លោក សាន់ ម៉ាឡា សកម្មជនម្នាក់នៃសកម្មជនការពារបរិស្ថានទាំងបីនាក់របស់អង្គការមាតាធម្មជាតិ ដែលពេលនេះបានធ្វើសកម្មភាពតែតាមបណ្តាញសង្គមលើប្រព័ន្ធអីនធឺណិត បានប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា សកម្មជនទាំងបីនឹងចូលខ្លួននៅតុលាការកំពូលព្រឹកនេះ ដើម្បីស្តាប់ការកាត់សេចក្តី។ លោកនិយាយថា ទោះជាស្ថានភាពបច្ចុប្បន្នមិនសូវអំណោយផលក៏ដោយ ក៏ក្រុមលោកនៅមានសង្ឃឹមថា យុត្តិធម៌នឹងអាចកើតមានឡើងសម្រាប់ក្រុមលោក។
សកម្មជនបរិស្ថានរូបនេះថ្លែងថា៖
«យើងសង្ឃឹមថា អាចកើតមាន បើទោះបីជាបរិយាកាស ឬក៏ស្ថានភាពនៅក្នុងប្រទេសបច្ចុប្បន្ន វាមិនសូវល្អក៏ដោយ ព្រោះអី សម្រាប់យើងទាំងបីនាក់ យើងគ្រាន់តែជាសកម្មជនបរិស្ថាន ដែលបានធ្វើការការពារសម្បត្តិ ធនធានធម្មជាតិរបស់ប្រទេសជាតិយើង មិនមែនជាក្រុមអ្នកនយោបាយ។ ដូច្នេះយើងសង្ឃឹមថា តុលាការ ឬក៏រដ្ឋាភិបាលគេអាចពិចារណាពីចំណុចនេះដែរ មិនយកយើងធ្វើជាកូនអុក ឬក៏មានចំណាត់ការអីបន្ថែមនាំឲ្យបញ្ហាកាន់តែស្មុគស្មាញ និងឈឺក្បាលបន្ថែមដល់ពួកគេទេ បាទ»។
សកម្មជនទាំងបីបានប្តឹងទៅតុលាការកំពូល បន្ទាប់ពីសាលាឧទ្ធរណ៍កាលពីដើមឆ្នាំ២០១៧ បានច្រានចោលបណ្តឹងសុំទម្លាក់ចោលការកាត់ទោសរបស់សាលាដំបូងខេត្តកោះកុង។ ក្រៅពីការផ្តន្ទាទោស សាលាដំបូងខេត្តកោះកុងក៏បានបង្គាប់ឲ្យក្រុមសកម្មជនទាំងបីនាក់សងជំងឺចិត្តទៅក្រុមហ៊ុន Direct Access ចំនួន១០០លានរៀល (ឬប្រមាណជា២៥.០០០ដុល្លារ) ហើយលុយ២លានរៀល (ឬប្រមាណ៥០០ដុល្លារ) ទៀតត្រូវចូលបង់ចូលទៅក្នុងថវិកាជាតិ។
កាលពីដើមឆ្នាំ២០១៧ អង្គការសង្គមស៊ីវិលនិងសហគមន៍មានទំនាស់ដីធ្លីសរុបចំនួន៤៨បានប្រតិកម្មទៅនឹងរឿងក្តីក្តាំរបស់សកម្មជនទាំងបីនេះ។
ក្រុមសង្គមស៊ីវិលទាំងនោះបានអំពាវនាវឱ្យសាលាឧទ្ធរណ៍បដិសេធសេចក្ដីសម្រេចរបស់តុលាការខេត្តកោះកុង ដែលបានផ្ដន្ទាទោសសកម្មជនការពារបរិស្ថានទាំងបីនាក់ឱ្យជាប់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ជាង១០០លានរៀល។ ពួកគេអះអាងថា ការសម្រេចរបស់តុលាការខេត្តកោះកុងធ្វើឡើងដោយពុំមានភ័ស្ដុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់អ្នកទាំងបីរូបនោះទេ។ លើសពីនេះ សង្គមស៊ីវិលក៏បានចាត់ទុកបទចោទលើអ្នកទាំង៣ថា មានចរឹតលក្ខណៈនយោបាយ។
យ៉ាងណាមិញ នៅក្នុងសវនាការមួយធ្វើឡើងកាលពីឆ្នាំ២០១៧នោះ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍មួយរូបបានលើកសំណើថា សកម្មជនទាំងបីគួរតែមកអនុវត្តទោសដែលនៅសេសសល់ ដោយសារតុលាការមានព័ស្ដុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់ជនទាំងបី ហើយភ័ស្ដុតាងនោះគឺត្រូវគ្នានឹងចម្លើយរបស់ជនរងគ្រោះ និងសាក្សីនានា។
លោក សំ ចំរើន មេធាវីការពារក្តីសកម្មជនទាំងបីនាក់នោះ យល់ថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តកំហុសអ្វី តាមរយៈសកម្មភាពបរិស្ថាននិយមរបស់ពួកគេនោះទេ។ លោកមិនប្រាកដថា តើតុលាការកំពូលនឹងមានសុភនិច្ឆ័យបែបណានៅក្នុងសវនាការ នាព្រឹកនេះ។
«សកម្មភាពកន្លងមករបស់ពួកគាត់ហ្នឹងគឺធម្មតា វាជាសកម្មភាពបែបអ្នកបរិស្ថាននិយម អ្នកស្រឡាញ់ធនធានធម្មជាតិ អីចឹងទៅណា ហ្នឹងហើយ។ តែវាមិនធ្ងន់ធ្ងរ ដូចបទចោទប្រកាន់ហ្នឹង វាមិនធ្ងន់ធ្ងរនឹងចូលទៅក្នុងបទចោទប្រកាន់ហ្នឹងឡើយ»។
លោកចៅក្រម សាលី ធារ៉ា នៃតុលាការកំពូល ដែលជាសមាជិកក្នុងក្រុមប្រឹក្សាជំនុំជម្រះទោសសកម្មជនទាំងបីក្នុងសវនាការដែលនឹងធ្វើឡើងនាព្រឹកថ្ងៃសុក្រស្អែកនេះ បដិសេធមិនផ្តល់ការអធិប្បាយ ដោយលោកមិនមានសិទ្ធិនិយាយជាមួយអ្នកកាសែត។
យុទ្ធនាការរបស់អ្នកទាំងបីក្នុងការទប់ស្កាត់ការបូមខ្សាច់នៅក្នុងខេត្តកោះកុងដែលបានធ្វើកាលពីពេលកន្លងមក ក៏មានការចូលរួមពីប្រជាពលរដ្ឋក្នុងសហគមន៍ដែលរងផលប៉ះពាល់ពីការបូមខ្សាច់នោះដែរ។ ពលរដ្ឋសហគមន៍យល់ថា ការបូមខ្សាច់នេះបានបង្កឲ្យមានការបាក់ច្រាំងនៃដៃសមុទ្រ និងបានបំផ្លាញដល់ធនធានជីវៈចម្រុះនៅក្នុងសមុទ្រ។
បន្ថែមលើការទប់ស្កាត់ការបូមខ្សាច់ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននោះ ក្រុមសកម្មជននៃអង្គការមាតាធម្មជាតិក៏បានទប់ស្កាត់មិនឲ្យមានការធ្វើទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវាញ ដែលគ្រោងនឹងវិនិយោគដោយក្រុមហ៊ុនចិនឈ្មោះ Sinohydro ផងដែរ។ សកម្មភាពរបស់ពួកគេនាពេលនោះ បានធ្វើឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនមិនសប្បាយចិត្តនោះឡើយ៕