ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​សុំ​ជំនួយ​ពី​ក្រសួង​ការងារ​ដើម្បី​បញ្ឈប់​អ្នក​សហជីព


រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា ក្រុមហ៊ុន​ណាហ្គាវើលដ៍​និង​ផ្នែក​អធិការ​កិច្ច​របស់​ក្រសួង​ការងារ​ បាន​ឃុប​ឃិត​គ្នា​ ដើម្បី​បំបាត់​ចោល​សហជីព​នៅ​ក្រុមហ៊ុន​ដែល​កំពុង​មាន​វិវាទ​ជាមួយ​កម្មករ​និយោជិត​និង​អ្នក​សហជីព​ ដែល​ត្រូវ​បាន​បញ្ឈប់​ពីការងារ។​

គិត​ត្រឹម​ថ្ងៃអង្គារ​នេះ​ ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឈាន​ដល់​ថ្ងៃ​ទី​ ២៣​ ចាប់​តាំង​ពី​កូដកម្ម​បាន​ផ្ទុះ​ឡើង​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​ ឆ្នាំ​ ២០២១។​ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​បដិសេធ​មិន​ទទួល​យក​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព ​ព្រម​ទាំង​បុគ្គលិក​ប្រមាណ ​៣៦៥​ នាក់ ក្នុង​ចំណោម​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​ការងារ​ជាង ​១.៣០០​ នាក់​ ដែល​នៅ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ពី​ការងារ។​

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់​ លោក​ ឃុន ថារ៉ូ​ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទំនង​ជា​បាន​ដាក់​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ពី​នាយកដ្ឋាន​អធិការ​កិច្ច​របស់​ក្រសួង​ការងារ ​ដើម្បី​បាន​ភ្លើង​ខៀវ​លុប​បំបាត់​សហជីព។​

លោក​លើក​ឡើង​ថា៖​ «ហើយ​ដោយ​ឡែក​មក​ដល់​ពេល​នេះ ​សូម្បី​តែ​ក្រសួង​ការងារ​ខ្លួន​ឯង​ហ្នឹង​ក៏​មិន​បាន​បញ្ចេញ​នូវ​ឯកសារ​នៃ​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ហ្នឹង​ បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ដែរ។​ ហើយ​មក​ដល់​ពេល​នេះ ​គឺ​ក្រុមហ៊ុន​ផ្អែក​ទៅ​តាម​ការ​អនុញ្ញាត​សេចក្តី​សម្រេច​របស់​អធិការ​កិច្ច​ហ្នឹង​ នៅ​ក្នុង​ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព»។​

លោក​បន្ថែម​ថា៖​ «តែ​ឯកសារ​ហ្នឹង ​គឺ​យើង​អត់​ទទួល​បាន​ទេ។​ សហជីព​គាត់​អត់​អាច​ទទួល​បាន​ទេ​រហូត​ទៅ​ដល់​សហជីព​គាត់​បាន​ធ្វើ​បណ្តឹង​ឧប​ស្រ័យ​ទៅ​រដ្ឋ​មន្ត្រី​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​អធិការ​កិច្ច​ការងារ​ ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ហ្នឹង​បញ្ឈប់​ពួកគាត់។ អ៊ីចឹង​មាន​ន័យ​ថា​ម៉េច?​ មក​ដល់​ពេល​នេះ​ បណ្តឹង​ឧបស្រ័យ​របស់​សហជីព​ហ្នឹង​ ក៏​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការ​ងារ​នៅឡើយ»។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ លោក ​អំ សំអាត ​ថ្លែង​ថា​ លោក​ទទួល​បាន​ដំណឹង​ដូច​អ្វី​ដែល​ខាង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​លើក​ឡើង។​ ប៉ុន្តែ​លោក​ថា​ មិន​ទាន់​ឃើញ​មាន​ឯកសារ​បញ្ជាក់​ផ្លូវ​ការ​អំពី​ការ​ស្នើ​សុំ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ឱ្យ​រំលាយ​សហជីព​នោះ​ត្រូវ​បាន​គេ​បញ្ចេញ​ឱ្យ​ដឹង​ជា​សាធារណៈ​នៅ​ឡើយ​ទេ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖​ «អ៊ីចឹង​បើសិន​ជា​មាន​លិខិត​ហ្នឹង​ពិត​ប្រាកដ​ យើង​មើល​ឃើញ​កាន់​តែ​ច្បាស់​ ហើយ​អំពី​គោល​បំណង​នៃ​ការ​រើស​អើង​សហជីព​ ហើយ​លុប​បំបាត់​មិន​ចង់​ឱ្យ​មាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​ អ៊ីចឹង​បាន​បញ្ហា​ទាំង​អស់​ហ្នឹង​ហើយ​យើង​ឃើញ​ថា​ ការ​ដោះ​ស្រាយ​កន្លង​មក​វា​ហាក់​បី​ដូច​ជា​មិន​មាន​លទ្ធផល​ទៅ​មុខ»។​

បើ​តាម​លោក ​អំ សំអាត​ ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើដ៍​នឹង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ធ្វើ​សកម្មភាព​ផ្ទុយ​ពីច្បាប់​ការងារ​ បើ​សិន​ជា​ក្រុមហ៊ុន​ពិតជា​បាន​ស្នើ​សុំ​ក្រសួង​ការងារ​ឱ្យ​បញ្ឈប់​អ្នក​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ ហើយ​ក្រសួង​ការងារ​ត្រូវ​បំភ្លឺ​ដល់​កូដករ​ដែល​កំពុង​ធ្វើ​កូដកម្ម​ឱ្យ​បាន​ដឹង​អំពី​រឿង​នេះ។​

រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

កាល​ពីថ្ងៃ​ចន្ទ​ កូដករ​មួយ​ចំនួន​ក្នុង​ចំណោម​កូដករ​ដែល​សុទ្ធ​សឹង​ជា​ស្ត្រី​ជិត ​២០ ​នាក់​ ហើយ​ភាគ​ច្រើន​នៃ​ពួកគេ​ត្រូវ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​បញ្ឈប់​ពី​ការ​ងារ​នោះ​ បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ នៅ​មុខ​ទីស្តីការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ថា​ ក្រុមហ៊ុន​នេះ​មាន​ការ​រើស​អើង​សហជីព​ ក្រោម​ហេតុ​ផល​ថា ​ក្នុង​ពេល​ចរចា​មុនៗ​នោះ​ គឺ​ភាគី​ក្រុមហ៊ុន​ជា​រឿយៗ​ច្រាន​ចោល​ការ​ទាមទារ​ឱ្យ​ថ្នាក់​ដឹកនាំ​និង​សកម្មជន​ ក៏​ដូច​ជា​សមាជិក​សហជីព​ចូល​ធ្វើការ​វិញ។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ លោក​Hein Dames​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp​ នៅ​ថ្ងៃ​អង្គារ​នេះ ​តែ​លោក​មិន​ឆ្លើយ​តប។​

រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ ហេង សួរ​ ក៏​មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហ​អាមេរិក​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp​ ដែរ​ គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។​

គួរ​រំឭក​ផង​ដែរ​ថា​ អំឡុង​ពេល​នៃ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ណាហ្គាវើលដ៍​ មាន​ការ​ចាប់​ខ្លួន​កូដករ​និង​តំណាង​សហជីព​យ៉ាង​ហោច​ណាស់​ ២៩​ នាក់​ហើយ​ពេល​បច្ចុប្បន្ន​នេះ​ មាន​ថ្នាក់​ដឹកនាំ​និង​សកម្ម​ជន​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​ ៨​ នាក់​ កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ រង់​ចាំ​ការ​កាត់​ទោស ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

ការ​ចាប់​ខ្លួន​តំណាង​សហជីព​បាន​រង​ការ​រិះគន់​ពី​អង្គការ​ពលកម្ម​អន្តរ​ជាតិ ​(ILO)​ ផង​ដែរ។​ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក​ Guy Ryder ​ អគ្គនាយក​នៃ​អង្គការ ​ILO​ ដែល​បាន​ដាក់​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ពួកគេ។​ តំណាង​អង្គការ​ ILO​ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ «ការ​បំពាន»​ លើ​អនុសញ្ញា​ ILO ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន។​

លោក​បញ្ជាក់​បន្ថែម​ថា៖​ «ការ​ចាប់​ខ្លួន​និង​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ គឺ​ជា​ការ​ជៀត​ជ្រែក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​ស៊ីវិល​ជា​ទូទៅ​និង​សិទ្ធិ​ការងារ​សហជីព​ជា​ពិសេស»។​

កូដកម្ម​ដែល​កំពុង​បន្ត​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​ចុះ​បញ្ជី​នៅផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​ បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​កម្មករ​និយោជិត​ប្រមាណ​ ១.៣២៩​ នាក់​ ត្រូវ​បាន​បញ្ឈប់​ការងារ​ដោយ​បង្ខំ​អំឡុង​ខែ​មេសា ​ឆ្នាំ​ ២០២១។ នេះ​បើ​តាម​បុគ្គលិក​របស់​ក្រុមហ៊ុន។​ កម្មករ​និយោជិត​ចំនួន​ ៣៦៥​ នាក់​ក្នុង​ចំណោម​កម្មករ​និយោជិត​ដែល​ត្រូវ​បញ្ឈប់​នោះ​ បាន​បដិសេធ​មិន​ទទួល​ការ​បញ្ឈប់​ និង​បាន​តវ៉ា​អស់​រយៈ​ពេល​ជាង ​៩ ​ខែ ​ក្នុង​នោះ​មាន​ការ​ចេញ​មុខ​ធ្វើ​កូដកម្ម​ ក្នុង​រយៈ​ពេល ​៣​ សប្តាហ៍​ចុង​ក្រោយ​នេះ។​

កូដករ​បាន​ទាមទារ ​៩ ​ចំណុច​សំខាន់ៗ​ គឺ​ផ្តល់​ការងារ​ឱ្យ​អ្នក​សហជីព​វិញ​ ហើយ​ក្រុមហ៊ុន​ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​និង​គោរព​ច្បាប់​ការងារ ​និង​ត្រូវទូទាត់​សំណង​ខូចខាត​ផ្សេងៗ​ ចំពោះ​ការ​បញ្ឈប់​បុគ្គលិក៕

XS
SM
MD
LG