អតីតអ្នកយកព័ត៌មានកាសែត ដឹ ខេមបូឌា ដេលី (The Cambodia Daily) ពីររូប គឺលោក អូន ភាព និងលោក Zsombor Peter ជនជាតិកាណាដា បានអះអាងថា ខ្លួនមិនមានកំហុសដូចការចោទប្រកាន់នោះទេ ខណៈតុលាការខេត្តរតនគិរីនឹងបើកសវនាការកាត់ទោសពួកគេនៅថ្ងៃពុធនេះ។
អស់រយៈពេលជាង២ឆ្នាំមកហើយ ពួកគេត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីអ្នកកាសែតទាំងពីរបានចុះទៅយកព័ត៌មាននៅក្នុងឃុំមួយក្នុងខេត្តរតនគីរី កាលពីខែឧសភា ឆ្នាំ២០១៧ ដើម្បីធ្វើសេចក្ដីរាយការណ៍ព័ត៌មានអំពីការបោះឆ្នោតឃុំសង្កាត់ក្នុងខែមិថុនា ឆ្នាំដដែល។ អ្នកទាំងពីរអាចប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ បើសិនតុលាការរកឃើញកំហុស។
បច្ចុប្បន្ន លោក អូន ភាព កំពុងភៀសខ្លួនដើម្បីសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ហើយលោកកំពុងបម្រើការងារនៅវិទ្យុអាស៊ីសេរីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ចំណែកលោកZsombor Peter បានចាកចេញពីប្រទេសកម្ពុជា ដោយសារតែការចោទប្រកាន់នេះ។
លោក អូន ភាព វ័យ៥៥ឆ្នាំ ប្រាប់ VOA ពីសហរដ្ឋអាមេរិកថា សវនាការដែលតុលាការខេត្តរតនគិរីកំពុងដំណើរការនេះ គឺជាផ្នែកមួយនៃការគំរាមកំហែងដល់អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ដែលតែងសរសេរព័ត៌មានរសើបនៅកម្ពុជា។
«ការបើកសវនាការនេះគ្រាន់តែជាលេសមួយដើម្បីដាក់បន្ទុកមកលើពួកខ្ញុំទាំងពីរនាក់ហ្នឹង ហើយក៏ដូចជាការបំបាក់ស្មារតីអ្នកកាសែតឯករាជ្យផ្សេងៗទៀត ថាកុំឲ្យធ្វើអ្វីហួសហេតុ គេចង់និយាយអញ្ចឹង។ គឺកុំឲ្យសរសេរអ្វីពាក់ព័ន្ធទៅនឹងការរិះគន់រដ្ឋាភិបាល ការរិះគន់ទៅលើមន្ត្រីខិលខូចរបស់គេហ្នឹង»។
អ្នកសារព័ត៌មានដែលប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំរូបនេះ បន្ថែមថា លោកតែងសរសេរព័ត៌មានពាក់ព័ន្ធនឹងការកាប់ព្រៃឈើ និងអំពើពុករលួយផ្សេងៗ ដោយផ្អែកលើវិជ្ជាជីវៈ។ លោកបន្តថា អំឡុងនៃការសរសេរព័ត៌មានទាំងនោះ លោកតែងរងនូវការគំរាមកំហែង និងព្រមានមិនដែលលោះពេល។
ចំណែកលោក Zsombor Peter និយាយថា ការចោទប្រកាន់ និងសវនាការលើពួកគេ គឺធ្វើឡើងដោយផ្អែកលើពាក្យបណ្ដឹងក្លែងក្លាយ។ លោកបន្តថា ក្នុងរយៈពេល៨ឆ្នាំដែលធ្វើជាអ្នកសារព័ត៌មាននៅកម្ពុជា លោកតែងសរសេររឿងពាក់ព័ន្ធនឹងបណ្ដឹងតុលាការជាច្រើនប្រឆាំងនឹងអ្នកនយោបាយ និងសកម្មជនគណបក្សប្រឆាំង។
លោកប្រាប់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីមែលថា៖ «សវនាការនេះត្រូវបានជំរុញដោយហេតុផលនយោបាយ មានគោលបំណងដើម្បីបំភិតបំភ័យ និងបំបិទមាត់អ្នកសារព័ត៌មានឯករាជ្យដូចជាពួកយើង ពីការបំពេញការងាររបស់យើងដោយភាពស្មោះត្រង់»។
ក្រោយពីពួកគេប្រឈមនឹងពាក្យបណ្ដឹងកាសែត ដឹ ខេមបូឌា ដេលី ត្រូវបានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួន ពាក់ព័ន្ធនឹងការបង់ពន្ធប្រមាណ៦,៣លានដុល្លារអាមេរិក។
លោក សេក សោភ័ណ មេធាវីការពារក្ដីឲ្យពួកគេ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា កូនក្ដីរបស់លោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកបន្តថា កូនក្តីរបស់លោកគ្រាន់តែសួរសំណួរតាមវិជ្ជាជីវៈអ្នកសារព័ត៌មានដើម្បីយកទៅផ្សាយតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «គាត់មានតួនាទីនៅក្នុងការធ្វើកិច្ចការងារដែលពាក់ព័ន្ធនឹងការប្រមូលព័ត៌មាន ការផ្សាយ ហើយគាត់បានបំពេញការងាររបស់គាត់ទៅតាមអ្វីជាវិជ្ជាជីវៈរបស់គាត់។ គាត់ចុះទៅសួរ ហើយគេឆ្លើយមិនឆ្លើយជារឿងរបស់គេ ហើយគាត់បានយកព័ត៌មានទាំងអស់ហ្នឹងមកចុះផ្សាយទៀត អញ្ចឹងសម្រាប់ខ្ញុំ ខ្ញុំអត់មើលឃើញថាកិច្ចការទាំងអស់ហ្នឹងវាជាការញុះញង់ដូចតុលាការបានចោទប្រកាន់គាត់ទេ»។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លើកឡើងថា ចៅក្រមស៊ើបរកឃើញកំហុសទើបសម្រេចបញ្ជូនសំណុំរឿងនេះទៅជម្រះ ប៉ុន្តែលោកមិនបញ្ជាក់ថា តើកំហុសនោះបែបណានោះទេ។
«យើងធ្វើតាមការប្ដឹងរបស់ប្រជាពលរដ្ឋដែលគាត់មានសិទ្ធិប្ដឹង ស៊ើបអង្កេតតាមហ្នឹង បើមានការស៊ីសង្វាក់ទាក់ទងនឹងការប្ដឹងចោទហ្នឹង តុលាការនឹងធ្វើតាមនីតិវិធី។ រឿងទាក់ទងនឹងការគំរាម ឬមិនគំរាម ខ្ញុំអត់ស៊ីជម្រៅដែរ។ ខ្ញុំអ្នកនាំពាក្យ ទាល់តែខ្ញុំដឹងសាច់រឿងទាក់ទងនឹងការស៊ើបអង្កេតរបស់សាលាដំបូងស៊ើបសួរ និងចៅក្រមជំនុំជម្រះ»។
អង្គការការពារសិទ្ធិមនុស្ស និងបណ្ដាញការពារអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ប្រមាណជា៣៧ស្ថាប័ន ព្រមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន នៅដើមសប្ដាហ៍នេះ បានជំរុញតុលាការខេត្តរតនគិរីទម្លាក់ចោលរាល់បទចោទប្រកាន់លើអ្នកសារព័ត៌មានទាំងពីររូប។ ស្ថាប័នទាំងនោះក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្ដារឡើងវិញនូវសេរីភាពសារព័ត៌មានផងដែរ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លើកឡើងថា ការបំពេញការងារវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា តែងតែប្រឈមនឹងការគំរាមកំហែង។
«ក្នុងសកម្មភាពអ្នកសារព័ត៌មាន ជាពិសេសអ្នកដែលធ្វើព័ត៌មានវិជ្ជាជីវៈ ដែលហ៊ានសរសេរ ហ៊ានធ្វើការស្រាវជ្រាវទៅលើបញ្ហានយោបាយ ឬក៏សង្គម ឬក៏ពាក់ព័ន្ធនឹងជនមានអំណាច ឬក៏រិះគន់រដ្ឋាភិបាលអី យើងឃើញថាតែងមានភាពប្រឈម ហើយក្នុងករណីនេះ ក៏បង្ហាញពីការរឹតត្បិត ឬក៏ការគំរាមកំហែងទៅលើសេរីភាពអ្នកសារព័ត៌មានមួយផ្នែក»។
ក្រោយការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយ អ្នកកាសែត និងអ្នកតស៊ូមតិលើផ្នែកប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ស្ថានភាពបច្ចុប្បន្ន គឺអាក្រក់បំផុតក្នុងប្រវត្តិការងាររបស់ពួកគេ ដោយសារអ្នកសារព័ត៌មានជាច្រើននាក់បានចាប់ផ្ដើមរឹតត្បិតការសរសេរព័ត៌មានរបស់ខ្លួន ហើយអ្នកខ្លះទៀត ត្រូវលាឈប់ពីអាជីពមួយនេះ និងខ្លះទៀតត្រូវបង្ខំចិត្តចាកចេញពីប្រទេស។
លោក អូន ភាព ដែលកំពុងភៀសខ្លួនទៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា ប្រសិនបើលោកមិនរងការចោទប្រកាន់ពីតុលាការទេនោះ លោកនឹងមិនត្រូវព្រាត់ឆ្ងាយពីគ្រួសារដូច្នេះទេ។
លោក អូន ភាព ដែលមានកូន៤នាក់ មានប្រសាសន៍ថា៖ «ខ្ញុំចេញមកហ្នឹងវាជាងពីរឆ្នាំទៅហើយ តាំងពីខ្ញុំចេញដំបូងមកហ្នឹង ហើយយើងបែកពួកគាត់រហូតមក។ ហើយសូម្បីតែកូនដែលយើងស្រលាញ់ កូនពៅទីបួនហ្នឹងវានៅតូចអីអញ្ចឹង យើងកំពុងតែស្រលាញ់គាត់ ហើយដល់ពេលយើងបែកគាត់ទៅ អឺ! និយាយឲ្យចំទៅវាអាណិតអាសូរនោះអាណិតពេកហើយ តែយើងមិនដឹងថានិយាយថាម៉េច»៕