ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Human Rights Watch ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​បទ​ចោទ​ប្រឆាំង​អតីត​អ្នក​កាសែតThe Cambodia Daily​​


រូប​ឯកសារ៖ លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយតុលាការខេត្តរតនគីរី។ (រូបថតដោយ៖ Ben Woods)
រូប​ឯកសារ៖ លោក Zsombor Peter (ឆ្វេង) និងលោក អូន ភាព គឺជាអតីតអ្នកយកព័ត៌មានឲ្យកាសែត the Cambodia Daily ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ដោយតុលាការខេត្តរតនគីរី។ (រូបថតដោយ៖ Ben Woods)

លោក ​អូន ភាព និង​លោក Zsombor Peter ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រតនគីរី ចោទ​ប្រកាន់​ពី​បទ«‍ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍» ក្រោយ​ពី​អ្នក​កាសែត​ទាំង​ពីរ​ បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​​​ខេត្ត​រតនគីរី កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ មុន​ការបោះឆ្នោត​ឃុំ​សង្កាត់​។

អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស Human Rights Watchបាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​បទ​ចោទប្រកាន់​លើ​អតីត​អ្នក​កាសែត The Cambodia Daily ពីរ​នាក់ ​ដោយ​អង្គការ​នេះ បាន​ហៅ​បទ​ចោទ​នេះ​ថា​ជា​ការ​ចោទប្រកាន់ «ដែល​គេ​ប្រឌិត​ឡើង» ដើម្បី​សម្លុត​អ្នក​កាសែត​ផ្សេង​ទៀត​ប៉ុណ្ណោះ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​តុលាការ​ខេត្ត​រតនគីរី គ្រោង​នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​អតីត​អ្នក​យក​ព័ត៌មាន The Cambodia Daily ទាំងពីរ​នាក់​គឺ​លោក ​អូន ភាព និង​លោក Zsombor Peter សញ្ជាតិ​កាណាដា នៅ​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​នេះ។

អង្គការ​ Human Rights Watch បាន​សរសេរនៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​២២​ខែ​ធ្នូនេះ​ថា

«‍អាជ្ញាធរ​កម្ពុជា គួរ​តែ​ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​បទ​ចោទ​ប្រឆាំង​អតីត​អ្នក​កាសែត​ទាំង​ពីរ​នាក់ ​ដែល​គេ​ប្រឌិត​ឡើង​ថា​ពួកគេ​បាន​ញុះញង់​នោះ»។

លោក ​អូន ភាព អាយុ​ ៥៥​ឆ្នាំ និង​លោក Zsombor Peter ​អាយុ​៤១​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រតនគីរី ចោទ​ប្រកាន់​ពី​បទ«‍ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍» ក្រោយ​ពី​អ្នក​កាសែត​ទាំង​ពីរ​ បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ឃុំ​ប៉ាត់តេ​ ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគីរី កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ មុន​ការបោះឆ្នោត​ឃុំ​សង្កាត់​ដែល​គ្រោង​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​ដដែល​នោះ។

ឃុំ​ប៉ាត់តេ​ គឺ​ជា​ឃុំ​តែ​មួយ​គត់​ក្នុង​ខេត្ត​រតនគីរី ដែល​មេឃុំ​ខាង​គណបក្ស​ប្រឆាំង បាន​ឈ្នះ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​អាណត្តិ​មុន​នោះ។

លោក Phil Robertson នាយក​រង​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា៖

«‍ការ​សម្រេច​យក​សំណុំរឿង​របស់​លោក ភាព និង​លោក Peter​ ទៅ​ជំនុំជម្រះ​ក្ដី​នេះ ហាក់​ដូចជា​មាន​ចេតនា​គំរាមកំហែង​អ្នក​កាសែត​ទាំង​អស់​នៅ​កម្ពុជា»។

បទ​ចោទប្រកាន់​ប្រឆាំង​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​កាសែត The Cambodia Daily ត្រូវ​បាន​បង្ខំចិត្ត​បិទ​ការ​ផ្សាយ​របស់​ខ្លួន ដោយសារ​តែ​ការ​យាយី​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

បច្ចុប្បន្ន លោក Zsombor Peter បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ហើយ​លោក អូន ភាព កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​នេះ៕

XS
SM
MD
LG