បន្ទាប់ពីបានបើកសវនាការពេញមួយថ្ងៃលើសំណុំរឿងសួនប្រជាធិបតេយ្យដែលចោទសកម្មជននយោបាយ១១នាក់ពីបទអំពើហិង្សាមកនោះ តុលាការក្រុងភ្នំពេញបានពន្យារពេលម្តងទៀត ដោយបានប្រកាសថា សវនាការនេះនឹងបន្តនៅថ្ងៃទី២០ខែមេសាក្រោយនេះ។
ទាំងមេធាវីការពារក្តី និងជនជាប់ចោទបានហៅការពន្យារពេលរឿងក្តីនេះម្តងហើយម្តងទៀតថា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយសុទ្ធសាធ។
លោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា៖ «ការពន្យារនេះហេតុផលនយោបាយ»។ លោកនិយាយដូច្នេះក្រោយពីសវនាការនៅតុលាការនៅថ្ងៃសុក្រនេះ។
តុលាការបានពន្យារពេលសវនាការកាលពីលើកមុនដោយសារតែតុលាការមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចូលស្តាប់ក្នុងបន្ទប់សវនាការ តុលាការក្រុងភ្នំពេញទេ។ ហើយថ្ងៃនេះតុលាការបានយករឿងក្តីសួនប្រជាធិបតេយ្យដែលមានជនជាប់ចោទចំនួន១១រូបនេះ យកមកជំនុំជម្រះឡើងវិញ។
ក្នុងសវនាការនៅថ្ងៃសុក្រនេះ តុលាការទើបតែបានសាកសួរជនជាប់ចោទចំនួន២នាក់ប៉ុណ្ណោះគឺលោក អឿ ណារិទ្ធ ជំនួយការអ្នកស្រី មូរ សុខហួរ និងលោកឃិន រឿន ហៅឃិន ជំរឿន ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិប្រចាំទីក្រុងភ្នំពេញ។ ចំណែកឯជនជាប់ចោទ៩នាក់ផ្សេងទៀត ដែលរួមមានលោកមាជ សុវណ្ណារ៉ានោះ តុលាការមិនទាន់បានសាកសួរនៅឡើយទេ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់ជនជាប់ចោទបីនាក់ រួមមានលោកមាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធ និងលោកឃិន រឿនពីបទ៖ «ចូលរួម និងដឹកនាំចលនាកុប្បកម្ម» ដែលបានប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា។
ចំណែកឯជនជាប់ចោទ៨នាក់ផ្សេងទៀត តុលាការបានចោទប្រកាន់ពីបទថា «បានចូលរួមចលនាកុប្បកម្មកាលពីថ្ងៃទី១៥ខែកក្កដា»នៅទីលានសួនប្រជាធិបតេយ្យ។
នៅពេលសវនាការចាប់ផ្តើម តុលាការបានប្រកាសមិនឲ្យអ្នកតំណាងរាស្ត្រចំនួន៧រូបដែលធ្លាប់ជាប់ចោទក្នុងរឿងសំណុំរឿងសួនប្រជាធិបតេយ្យ រួមទាំងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភាផងនោះ ចូលស្តាប់ក្នុងបន្ទប់សវនាការទេ ដោយសារតែសំណុំរឿងក្តីនេះជាប់ពាក់ព័ន្ធនឹងតំណាងរាស្ត្រទាំងនោះ។
ក្នុងអំឡុងពេលនៃដំណើរការអង្គសេចក្តីនោះ មេធាវីការពារក្តីបានស្នើដោយផ្ទាល់មាត់សុំឲ្យជំនុំជម្រះសំណើស្នើសុំឲ្យជនជាប់ចោទចំនួនពីរនាក់គឺលោកទេព ណារិន និងលោក អ៊ុក ពេជ្រសំណាងនៅក្រៅឃុំ។
លោកប្រធានចៅក្រមជំនុំជម្រះបានបដិសេធសំណើស្នើសុំឲ្យនៅក្រៅឃុំនេះ ដោយលើកហេតុផលថា តុលាការកំពុងដំណើរការរឿងក្តីនេះ។
លោកអំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការលីកាដូ មានប្រសាសន៍ថា ការមិនអនុញ្ញាតឲ្យនៅក្រៅឃុំ និងការពន្យារពេលរបស់តុលាការម្តងហើយម្តងទៀតអាចប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទ។
លោកនិយាយថា៖ «អញ្ចឹងការទន្ទឹងរង់ចាំនូវភាពយុត្តិធម៌របស់គាត់ហ្នឹងគឺអូសបន្លាយកាន់តែយូរ គឺធ្វើឲ្យ ទីមួយប៉ះពាល់សិទ្ធិ ទីពីរសុខភាពរបស់គាត់ដែលរស់នៅក្នុងពន្ធនាគារ ទីបីការប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសាររបស់គាត់នឹងត្រូវចំណាយពេលវេលា និងត្រូវចំណាយថវិកាច្រើនទៀត»។
លោកចាន់ ចេន មេធាវីការពារក្តីលោកមាជ សុវណ្ណារ៉ា មានប្រសាសន៍ថា ការពន្យារពេលនេះ តុលាការហាក់បីដូចជាមានអាថ៌កំបាំងអ្វីមួយនៅពីក្រោយសំណុំរឿងនេះ។
លោកនិយាយថា៖ «ខ្ញុំមិនយល់ថា តុលាការ ហេតុអ្វីបានជាគាត់ពន្យារពេលម្តងហើយម្តងទៀតទេ ចេះតែពន្យារពេលៗ គ្រាន់តែការពន្យារពេលហ្នឹងវាដូចជាមានអាថ៌កំបាំងអ្វីមួយ ជាពិសេសវាប៉ះពាល់សិទ្ធិរបស់កូនក្តីខ្ញុំហ្នឹងឯង ជាពិសេសការរស់នៅរបស់គាត់ក្នុងពន្ធនាគារកាន់តែយូរទៅ កាន់តែវែងទៅ»។
សំណុំរឿងសួនប្រជាធិបតេយ្យមានជនជាប់ចោទចំនួន១១នាក់ ក្នុងនោះមានជនជាប់ចោទចំនួន៥នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃស និង៦នាក់ទៀតត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
ចំណែកឯជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណីមានចំនួន៤១នាក់ ហើយមានវត្តមានក្នុងបន្ទប់សវនាការតែ២៣នាក់តែប៉ុណ្ណោះ៕