មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមានជំនឿថា បន្ទាប់ពីសមាជិករដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចមក មេដឹកនាំនៃគណបក្សទាំងពីរទំនងជានឹងជួបពិភាក្សាគ្នាដើម្បីជជែកអំពីករណីលោក មាជ សុវណ្ណារ៉ា។
លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ខ្លួនកាលពីចុងឆ្នាំ២០១៤។
ក្រោយមកត្រូវបានសម្រេចឃុំខ្លួនក្នុងពន្ធនាគារព្រៃសដើម្បីរង់ចាំជំនុំជម្រះទោសពីបទជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ។
លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានជំនឿថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនឹងអាចពិភាក្សាគ្នាដើម្បីស្វះស្វែងរកឲ្យមានការដោះលែងលោក មាជ សុវណ្ណារ៉ា បន្ទាប់ពីរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតរួច។
លោកនិយាយថា៖«សុទ្ធតែរឿងនយោបាយទាំងអស់ អញ្ចឹងហើយវាច្បាស់ហើយថា ដើម្បីឲ្យមានការសន្ទនាគ្នាដើម្បីរកដំណោះស្រាយ ដើម្បីថា យើងចង់ ធ្វើការជាមួយគ្នា យើងចង់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។ ដូច្នេះយើងត្រូវតែជជែកគ្នាដើម្បីដោះស្រាយបញ្ហានយោបាយណាដែលនៅសេសសល់តាមការសន្ទនាគា្នហ្នឹងឯង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃពុធ បានអះអាងថា ករណីលោក មាជ សុវណ្ណារ៉ា លោកមិនលូកដៃទេ ដោយទុករឿងនេះជាការសម្រេចរបស់តុលាការ។
លោកនិយាយថា៖ «ហើយម្សិលមិញថា ឲ្យឯកឧត្តមសម រង្ស៊ីលើកជាមួយខ្ញុំ ក្រោយបោះឆ្នោត។ គ្មានទេ! រឿងតុលាការ ទុកឲ្យតុលាការ! រឿងខ្ញុំគឺខ្ញុំ! កុំបោកគេទៀត! អ្នកណាជាប់គុកគឺនៅបន្តគុកហ្នឹងទៅ! ខ្ញុំមិនធានាជូនទេ! អត់ធានាជំងឺទេ»។
រដ្ឋសភារបស់ប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ នេះបានពិភាក្សាដេញដោលលើសេចក្តីព្រាងច្បាប់ចំនួនពីរគឺសេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីព្រាងច្បាប់ស្តីពីការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សេចក្តីព្រាងច្បាប់នេះបានទទួលរងនៅការរិះគន់ពីមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិថា បានរំលោភទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ និងរដ្ឋធម្មនុញ្ញ។
លោក មាជ សុវណ្ណារ៉ាត្រូវបានតុលាការកំពូលកាលពីសប្តាហ៍មុនបដិសេធសំណើស្នើសុំឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយបានលើកហេតុផលថាករណីនេះមិនអាចដោះលែងបានទេ ដោយសារតែតុលាការក្រុងភ្នំពេញកំពុងដំណើរការនីតិវិធីរបស់ខ្លួននៅឡើយ។
លោក មាជ សុវណ្ណារ៉ា អាយុ៤៦ឆ្នាំ និងសកម្មជនគណបក្សមួយចំនួនផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ថា បានបង្កហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤ ដែលបានបណ្តាលឲ្យកងសន្តិសុខប្រមាណជិត៥០នាក់ដែលត្រូវបានជួលដោយសាលាក្រុងភ្នំពេញបានរងរបួស។
សំណុំរឿងរបស់លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិសរុបប្រមាណ១១នាក់ត្រូវបានតុលាការក្រុងភ្នំពេញបើកសវនាការពេញអង្គសេចក្តីម្តងកាលពីដើមខែមករា ក៏ប៉ុន្តែត្រូវបានផ្អាកទៅវិញ ដោយសារតែក្រុមមេធាវីការពារក្តីបានដើរចេញពីបន្ទប់សវនាការ ក្រោយពេលលោកចៅក្រមតាំង ស៊ុនឡាយមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រមួយចំនួនចូលស្តាប់ក្នុងបន្ទប់សវនាការ។
តុលាការក្រុងភ្នំពេញ មកដល់ពេលនេះ មិនទាន់បានកំណត់ថា សវនាការចំពោះសំណុំរឿងនេះនឹងបើកឡើងវិញនៅពេលណាទេ៕