ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​មិន​ទាន់​សម្រេច​ករណី​លោក​មាជ សុវណ្ណារ៉ា​ក្រោយ​ពី​សវនាការ


លោក មាជ សុវណ្ណារ៉ា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​​នាំ​​ខ្លួន​នៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ពុធ ទី​៤ ខែ​មីនា ឆ្នាំ​២០១៥។ (ហេង រស្មី/VOA)
លោក មាជ សុវណ្ណារ៉ា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​​នាំ​​ខ្លួន​នៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ពុធ ទី​៤ ខែ​មីនា ឆ្នាំ​២០១៥។ (ហេង រស្មី/VOA)

តុលាការ​កំពូល​ដែល​ជា​តុលាការ​ចុង​ក្រោយ​គេ​មិន​ទាន់​បាន​សម្រេចលើ​សំណើ​ស្នើ​សុំ​ឲ្យនៅ​ក្រៅ​ឃុំ​ទាក់​ទិន​នឹង​ករណី​លោក​ មាជ សុវណ្ណារ៉ា​ នៅ​ឡើយ​ទេ​ បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​ការ​ពិភាក្សា​គ្នា​ទាក់​ទិន​នឹង​សេចក្តី​ព្រៀង​ច្បាប់​បោះ​ឆ្នោត​យ៉ាង​ណា​ក៏​ដោយ។

មេធាវី​ការពារ​ក្តី​លោក​ មាជ សុវណ្ណារ៉ា​ បាន​ចាត់​ទុក​ថា​ករណី​នេះ​អាស្រ័យ​ទៅ​លើ​ការ​សម្រេចចិត្ត​ពី​អ្នក​នយោបាយ​មាន​អំណាច​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​មិន​មែន​ជា​រឿង​របស់​តុលាការ​ទេ។​

លោក​ មាជ សុវណ្ណារ៉ា​ អាយុ​៤៦​ឆ្នាំ​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​មន្ត្រី​យោធា​បណ្តើរ​ចេញ​ពី​ក្នុង​រថយន្ត​មក​ក្នុង​បន្ទប់​សវនាការ​របស់​តុលាការ​កំពូល​ដើម្បី​សាក​សួរ​ពី​សំណើ​ស្នើ​សុំ​ឲ្យនៅ​ក្រៅ​ឃុំ​ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ និង​តុលាការ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ។​

បន្ទាប់​ពី​បាន​សាក​សួរ​អស់​រយៈពេល​ជិត​មួយ​ម៉ោង​ លោក​ឃឹម ប៉ុន​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះមិន​ទាន់​បាន​ប្រកាស​ភ្លាមៗ​ទេ។ ​តែ​លោក​បាន​និយាយ​ថា​ តុលាការ​នឹង​ប្រកាស​ចំពោះ​រឿង​ក្តី​នេះ​នៅ​ថ្ងៃ​ទី​១១​ខាង​មុខ​នេះ។​

លោក​មាជ សុវណ្ណារ៉ា​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា​ លោក​គ្មាន​សង្ឃឹម​ថា ​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​ទេ​ ប្រសិន​ណា​បើ​គណបក្ស​ទាំង​ពីរ​មិន​បាន​ចរចា​គ្នា​ ពី​ព្រោះ​រឿង​ក្តី​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។​

លោក​និយាយ​ថា៖ ​«អត់​មាន​ក្តី​សង្ឃឹម​ទេ​ បើ​ល្គឹក​ណា​គណបក្ស​ទាំង​ពីរ​អត់​មាន​ការ​ចរចា ​ពីព្រោះ​រឿង​នេះ​ជា​រឿង​នយោបាយ​ អញ្ចឹង​វា​មាន​សម្ពាធ​នយោបាយ។​ អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា​ ទាំង​លោក​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី​ ​គុណធម៌​នៃ​អ្នក​ដឹក​នាំ​ អ្នក​ទោស​ឧក្រិដ្ឋ​គេ​ដោះ​លែង​បាន​ មុន​ពេល​ចូល​ឆ្នាំ​ ចុះ​យើង​ជា​អ្នក​នយោបាយ​មួយ​ធ្វើ​ឲ្យថោក​ទាប ​វា​ពិបាក​ហើយ»។​

លោក​មាជ សុវណ្ណារ៉ា​ កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ជាមួយ​នឹង​លោក​អ៊ុក ពេជ្រ​សំណាង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ផ្សេង​ទៀត​ ដោយ​តុលាការ​សាលា​ឧទ្ធរណ៍​បាន​សំអាង​ថា​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​ហើយ​ ដូច្នេះ​ត្រូវ​រក្សា​រឿង​ក្តី​នេះ​ទុក​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​វិញ។

លោក​ជួង ជូងី​ មេធា​វីការពារ​ក្តី​លោក​មាជ សុណ្ណារ៉ា​មាន​ប្រសាសន៍​ថា​ ការ​ចោទ​ប្រកាន់​របស់​តុលាការ​កន្លង​មក​មិន​ត្រឹម​ត្រូវ​ទេ ​ដោយ​សារ​តាម​រយៈការ​សិក្សា​សំណុំ​រឿង ​អត់​មាន​បទ​ល្មើស​កុប្បកម្មណាមួយ​ដូច​មាន​ការ​ចោទ​ប្រកាន់​កន្លង​មក​ទេ។​

លោក​បាន​បញ្ជាក់​ថា​ សំណុំ​រឿង​នេះ​ទាក់​ទិន​នឹង​អ្នក​មាន​អំណាច​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា។​

លោក​និយាយ​ថា៖​ «អា​នេះ​យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា ​លោក​មាជ សុវណ្ណារ៉ាគាត់​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​គាត់​ក៏​ជា​បេក្ខជន​តំណាង​រាស្ត្រ​ ហើយ​គាត់​ជា​សកម្មជន​ដែល​គាត់​មាន​សកម្មភាព​សកម្ម​មែន​ទែន។​ អញ្ចឹង​គឺ​វា​ប៉ះពាល់​ទៅ​លើ​គណបក្ស​ដែល​មាន​និន្នាការ​នយោបាយ​មិន​ត្រូវ​គ្នា​ជា​មួយ​នឹង​គណបក្ស​សង្គ្រោះជាតិ»។​

លោក​មាជ សុវណ្ណារ៉ា​ និង​សកម្មជន​គណបក្ស​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការចោទ​ប្រកាន់​ថា​ បាន​បង្ក​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១៤​ ​ដែល​បាន​បណ្តាល​ឲ្យកង​សន្តិសុខ​ដែល​ត្រូវ​បាន​ជួល​ដោយ​សាលា​ក្រុង​ភ្នំពេញ​ប្រមាណ​ជិត​៥០​នាក់ ​បាន​រង​របួស។

សំណុំ​រឿង​របស់​លោក​មាជ សុវណ្ណារ៉ា​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិសរុប​ប្រមាណ​១១​នាក់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​កាល​ពី​ដើម​ខែ​មករា ​ក៏​ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ដោយ​សារ​តែក្រុម​មេធាវី​ការពារក្តីបាន​ដើរ​ចេញ​ពី​បន្ទប់​សវនា​ ក្រោយ​ពេល​លោក​ចៅ​ក្រម​តាំង ស៊ុនឡាយ​មិន​អនុញ្ញាតឲ្យអ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន​ចូល​ស្តាប់​ក្នុង​បន្ទប់​សវនាការ។​

តុលាការ​ក្រុង​ភ្នំពេញ​មិន​ទាន់​បាន​កំណត់​ថា​ សវនាការ​ចំពោះ​សំណុំ​រឿង​នេះ​នឹង​បើក​ឡើង​វិញ​នៅ​ពេល​ណា​ទេ៕

XS
SM
MD
LG