ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​និយាយ​ថា ចិន​មិនត្រូវ​គាំទ្រ​ផ្នែក​យោធា​ដល់​រុស្ស៊ី​ក្នុង​ការឈ្លានពាន​អ៊ុយក្រែន​ទេ


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken និង​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​និង​គោលនយោបាយ​សន្តិសុខ​លោក Josep Borrell ថ្លែង​ទៅកាន់​សមាជិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​ព្រុចសែល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken និង​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​និង​គោលនយោបាយ​សន្តិសុខ​លោក Josep Borrell ថ្លែង​ទៅកាន់​សមាជិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​ព្រុចសែល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

ប្រធាន​គោលនយោបាយការបរទេស​របស់​សហភាព​អឺរ៉ុប​ ​លោក​ Josep Borrell បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មេដឹកនាំ​សហភាព​អឺរ៉ុប​ បាន​បញ្ជូន​សារមួយ​ទៅ​កាន់​ប្រទេស​ចិន​ថា​ ចិន​មិនត្រូវ​គាំទ្ររុស្ស៊ី​ខាង​ផ្នែក​យោធា ​នៅ​ក្នុង​សង្គ្រាមឈ្លានពានប្រឆាំង​នឹងប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។

ថ្លែង​ក្នុង​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក​ និងនៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅចិន​នៅ​សប្តាហ៍​ក្រោយ​ផងនោះ​លោក ​Borrell ​និយាយ​ថា​ សហភាព​អឺរ៉ុប​ មាន​«ភាព​ច្បាស់លាស់​នឹង​ចិន​ដែល​ថា ជំហរ​របស់​ចិន​ជុំវិញសកម្មភាព​ឃោរឃៅនិង​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី នឹង​ក្លាយ​ជា​កត្តា​កំណត់​នៃ​គុណភាពសម្រាប់​ទំនាក់ទំនង​របស់​សហភាព​អឺរ៉ុបជា​មួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង»។

លោកនិយាយ​ថា​ មេដឹកនាំ​សហភាព​អឺរ៉ុប​ដទៃ​ទៀត​ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​ចិន ដែល​រួម​មាន​ប្រធាន​គណៈកម្មការ​សហភាពអឺរ៉ុប​ ​លោក​ស្រី ​Ursula von der Leyen និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ក៏​នាំ​សារ​ដូច​គ្នា​នេះ​ផង​ដែរ។​

លោក​ Borrell បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន រួម​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ​Antony Blinken​ ដែល​បាន​និយាយ​ថា​ នឹង​មាន​ការ​ផ្តោត​ទៅលើការកាត់បន្ថយ​ការ​ពឹងផ្អែក​ទៅ​លើ​ថាមពលរបស់​រុស្ស៊ី​ ​ និង​បង្កើន​ការ​ផលិតថាមពល​ស្អាត​វិញ។​

អ្នកការទូតជាន់ខ្ពស់​ទាំង​ពីររូប​ មាន​គម្រោង​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទស​របស់​អង្គការ​អូតង់​ ដើម្បី​ស្វាគមន៍សមាជិកថ្មីរបស់​ប្រទេស​ហ្វាំងឡង់​ ដែល​បាន​ក្លាយ​ជា​សមាជិក​ផ្លូវការ​របស់​អង្គការ​នេះ។​

ហ្វាំងឡង់​ក្លាយជា​សមាជិក​អង្គការ​អូតង់

ការ​បង្ហូតទង់ជាតិហ្វាំងឡង់នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់​ ​កើត​មាន​ឡើងក្នុង​រយៈពេល​តិចជាង​១​ឆ្នំា​ ក្រោយ​ប្រទេស​នេះ​បាន​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​របស់អង្គការ​នេះ ដែល​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។​

ប្រទេស​រុស្ស៊ី​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ​ថា​ ខ្លួន​នឹង​បង្កើន​កងកម្លាំង​ទៅ​ជិតប្រទេស​ហ្វាំងឡង់​ ប្រសិន​បើ​អង្គការ​អូតង់​បញ្ជូន​កងទ័ព ឬ​យុទ្ធោបករណ៍​ទៅកាន់​ប្រទេសនេះ​ ក្នុង​នាម​ជា​សមាជិកថ្មីទី​៣១​របស់​ខ្លួន។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ដើរ​ជាមួយគ្នា​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​សម្ព័ន្ធភាព​នៅ​ទីក្រុង​ព្រុចសែល នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ដើរ​ជាមួយគ្នា​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​សម្ព័ន្ធភាព​នៅ​ទីក្រុង​ព្រុចសែល នៅ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

ជំនួយ​យោធា​អាមេរិក​ទៅ​អ៊ុយក្រែន៖

មន្ត្រីស.រ.អ.​បាននិយាយ​ថា​ ស.រ.អ.​នឹង​បញ្ជូន​គ្រាប់រំសេវនិងគ្រឿងឧបករណ៍​តម្លៃប្រមាណ៥០០​លាន​ដុល្លារទៅ​ឱ្យ​អ៊ុយក្រែន ហើយ​នឹង​ចំណាយ​យ​ជាង​២ពាន់​លាន​ដុល្លារទៀត​ដើម្បី​ទិញគ្រាប់​រំសេវ​ រ៉ាដា​ និង​អាវុធឯទៀតៗក្នុងពេល​អនាគត​ នៅ​ពេល​ក្រុមទាហាន​អ៊ុយក្រែនប្រុងប្រៀប​ធ្វើ​ការ​វាយលុ​ក​ប្រឆាំង​នឹង​កង​កម្លាំង​រុស្ស៊ី​នៅ​រដូវ​ផ្ការីក​នេះ។​

មន្ត្រី​ទាំង​នេះ​បានថ្លែង​ថា គ្រាប់រំសេវ ​កាំភ្លើង​បាញ់ គ្រាប់បែក​ដៃ និង​យានយន្ត​ នឹង​ត្រូវយក​ពីកន្លែង​ស្តុកអាវុធ​និង​ឧបករណ៍​យោធាដើម្បី​ឱ្យ​សម្ភារៈទាំង​នេះ​អាច​ទៅ​ដល់​តំបន់មានសង្គ្រាម​ឱ្យបាន​ឆាប់​រហ័ស។

បើតាម​ពួកមន្ត្រី​ដែល​បាននិយាយ​ដោយ​មិនឱ្យ​គេ​បញ្ចេញ​ឈ្មោះ​ដោយសារមិនទាន់​ប្រកាសអំពី​ជំនួយ​នេះថា​ ជំនួយ​ក្នុង​រយៈពេល​យូរ​មានទឹកប្រាក់​២.១០០​លាន​ដុល្លារ​ ដែល​ត្រូវ​ផ្តល់​តាមរយៈ​ការផ្តើមគំនិត​ខាង​ជំនួយសន្តិសុខ​ឱ្យ​អ៊ុយក្រែន​ (Ukraine Security Assistance Initiative)​ នឹង​ទិញ​មីស៊ីលសម្រាប់​ប្រព័ន្ធ​មីស៊ីល​ជាតិទំនើបបាញ់​ពី​ដី​ទៅ​អាកាស​ហៅ NASAMS ​រ៉ាដា ​និងអាវុធ ឯទៀតៗ។ គេរំពឹង​ថានឹង​មាន​ការ​ប្រកាស​អំពីការផ្តល់ជំនួយ​ទាំង​នេះនឹងធ្វើឡើងនៅ​ថ្ងៃ​អង្គារនេះ។

អាវុធ​ថ្មីៗនិង​ការ​ផ្តល់​ប្រាក់កាសឱ្យ​អ៊ុយក្រែន​មានឡើងនៅ​ពេល​ដែល​រុស្ស៊ីបន្ត​បាញ់ផ្តក់លើ​អ៊ុយក្រែន​ដោយ​មីស៊ីល​បាញ់​បាន​ឆ្ងាយ​ ហើយ​ការ​ប្រយុទ្ធ​ក្តៅគគុក​ដើម្បី​កាន់កាប់ក្រុង Bakhmut នា​ប៉ែក​ខាងកើតប្រទេស ​នៅ​តែមានធ្វើ​ត​ទៅទៀត។ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​បាននិយាយ​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press ​នៅ​ក្នុងសេចក្តី​សម្ភាសន៍ផ្តាច់មុខ​មួយ​ថា ​រុស្ស៊ីអាច​ចាប់ផ្តើមធ្វើឱ្យ​មាន​ការ​គាំទ្រ​អន្តរជាតិ​ដល់កិច្ច​ព្រមព្រៀងមួយ​តម្រូវ​ឱ្យអ៊ុយក្រែនធ្វើការសម្របសម្រួល​ដែលមិនអាច​ទទួលយក​បាន បើ​ប្រទេស​លោក​ចាញ់នៅក្នុងការប្រយុទ្ធ​នោះ។

កញ្ចប់​ជំនួយ​ស.រ.អ.​ថ្មីបំផុតនេះ​ ​ដែល​មាន​រួមផ្សំ​ជំនួយក្នុង​រយៈពេល​ខ្លីនិង​ជំនួយ​ក្នុង​រយៈពេល​យូរ មានរួមគ្រាប់រំសេវ​ចម្រុះ​មក​ពីស្តុក​នៃ​ក្រសួង​ការពារ​ជាតិ​ស.រ.អ. ​គ្រាប់​កាំភ្លើង​ដៃ២៣​លាន​គ្រាប់​និង​គ្រាប់បែក​ដៃ២សែន​គ្រាប់ ​ព្រម​ទាំងការ​ផ្តល់ប្រាក់សម្រាប់អាវុធ​ប្រកប​ដោយ​បច្ចេកវិទ្យាខ្ពស់​ មានរួមប្រព័ន្ធ​រ៉ុក្កែត​បាញ់ដ្រូន ​រ៉ាដាឃ្លាំ​មើល​អាកាស​និងកន្លែង​ និង​សេវាទាក់ទង​តាម​ផ្កាយ​រណប។

កញ្ចប់​ជំនួយនេះ​នាំ​ឱ្យទឹក​ប្រាក់សរុបនៃ​ជំនួយ​ខាង​សន្តិសុខ​ស.រ.អ​.ឱ្យអ៊ុយក្រែនមានដល់​ជាង​៣៥​ពាន់​លាន​ដុល្លារ តាំងពី​រុស្ស៊ី​បាន​ចូលលុកលុយ​អ៊ុយក្រែននៅ​ខែកុម្ភៈ ឆ្នាំ​២០២២​មក៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ ត្រូវបានដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។​

អត្ថបទ​ទាក់ទង

XS
SM
MD
LG