ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ថា ឋានៈ​អនុគ្រោះពន្ធ GSP អាមេរិក​នៅតែ​ចាំបាច់​សម្រាប់​ការនាំចេញ​របស់​កម្ពុជា


រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

ការ​មិន​អាច​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហ​រដ្ឋ​អាមេរិក​ ឬ​ហៅថា​ GSP​ អាច​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិតខាងក្នុង​ការ​នាំ​ទំនិញ​ចេញ​ទៅ​ក្រៅ​ប្រទេស។​ នេះ​បើ​តាម​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម។​

ប្រទេស​កម្ពុជា​មិន​ទាន់​ទទួល​បាន​ការ​បន្ត​ឡើង​វិញ​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP​ ដែល​បាន​ផុត​កំណត់​កាលពី​ចុង​ឆ្នាំ​២០២០​ ដោយ​សារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មិន​ទាន់​ប្រសើរ​ឡើង។​

ប្រធាន​សភា​ពាណិជ្ជ​កម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ Casey Barnett ​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ ទី​១៧​ ខែ​មករា​ ថា​ វា​ជា​ហានិភ័យ​ធំ​មួយ​សម្រាប់​កម្ពុជា ​ប្រសិន​បើ​ប្រទេស​នេះ​ មិន​អាច​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP។ ​លោក​លើក​ហេតុផល​ថា ​GSP​ អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធ​ភាព​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​ការ​នាំ​ទំនិញ​ចេញ​ទៅ​ទីផ្សារ​សហ​រដ្ឋ​អាមេរិក។​

ប្រធាន​សភា​ពាណិជ្ជកម្មអាមេរិក​ប្រចាំ​កម្ពុជា លោក Casey Barnett ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។ (ហ៊ុល រស្មី/វីអូអេ)
ប្រធាន​សភា​ពាណិជ្ជកម្មអាមេរិក​ប្រចាំ​កម្ពុជា លោក Casey Barnett ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។ (ហ៊ុល រស្មី/វីអូអេ)

លោក​ថ្លែង​ថា៖ «បើ​សិន​ជាគ្មាន​ GSP ​ទេ ​នោះ​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា​គឺ​នៅ​ត្រង់​ថា​ ប្រទេស​ផ្សេង​ទៀត​ដែល​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ឬ​ក៏​ក្នុង​កិច្ច​ព្រមព្រៀង​តំបន់​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ អាច​មាន​ភាព​អនុគ្រោះ​ខាង​ពន្ធ។ ​ដួច្នេះ​ នៅ​ក្នុង​ករណី​ដែល​វៀតណាម​ មាន​លទ្ធភាព​អនុគ្រោះ​តាម​រយៈកិច្ច​ព្រម​ព្រៀង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ប៉ុន្តែ​ប្រទេសកម្ពុជា​មិន​មាន​ ​នោះ​ហើយ​ជា​ការ​ចាញ់​ប្រៀប​សម្រាប់​កម្ពុជា»។​

លោក​បន្ថែម​ថា៖​ «ដូច្នេះ​ បើ​គ្មាន​ GSP​ ហានិភ័យ​គឺ​ថា​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ឯទៀត​ ដែល​មាន​ការ​ទាក់​ទាញ​នៃ​កម្លាំង​ពលកម្ម​ នឹង​មាន​លទ្ធភាព​ទាក់​ទាញ​ការ​ធ្វើ​ជំនួញ ​និង​ការ​បណ្តាក់​ទុន ​បើ​ធៀប​នឹង​ប្រទេស​កម្ពុជា។ ​ការណ៍​នេះ គឺ​ជា​ហានិភ័យ​ចម្បង​មួយ។​ ដូច្នេះ ​GSP​ អាច​នាំ​កម្ពុជា​ឲ្យ​មាន​ទីតាំង​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ ហើយ​ក៏​អាច​ផ្តល់​ឲ្យ​កម្ពុជា​នូវ​អត្រា​យក​ពន្ធទាប​ជាង​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត​ដែរ»។​

បើ​តាម​លោក​ Casey ​បើ​កម្ពុជា​ទទួល​បាន​ GSP​ នោះ​ប្រទេស​នេះ​នឹង​ទទួល​បាន​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​សេដ្ឋកិច្ច​របស់​ខ្លួន ​ព្រោះ​ផល​ប្រយោជន៍​ផ្នែក​ពន្ធ​ ដោយ​មិន​គិត​ដល់​ការ​ចាក​ចេញ​របស់​កម្ពុជា​ពី​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិច​តួច។​

លោក​ថ្លែង​ថា៖​ «ទោះបី​ជា​កម្ពុជា​ពិត​ជា​ជិត​ចាកចេញ​ពី ​[ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច]​ក៏​ដោយ​ ក៏​អត្រា​ពន្ធ​ទាប​នឹង​ហុច​ប្រយោជន៍​ខ្លាំង​ណាស់​ដល់​កម្ពុជា។ ​នេះ​បើ​តាម​ខ្ញុំ​ស្មាន​មើល​ទៅ។​ យើង​ឃើញ​ថា ​ប្រទេស​ថៃ​ សូម្បី​តែ​មក​ដល់​ពេល​ថ្មីៗ​នេះ ​គេ​នៅតែ​ទទួល​បាន​ប្រយោជន៍​ពី​រឿង​ពន្ធ​នេះ​តាម​រយៈ​ GSP។ ​ដូច្នេះ​ ប្រសិន​បើ​ថៃ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ GSP​ កាលពី​មុន​ក្នុង​កម្រិត​អភិវឌ្ឍន៍​បែប​នេះ​ នេះ​មាន​ន័យ​ថា​ វា​នៅ​មាន​ពេល​ច្រើន​ត​ទៅ​ទៀត​សម្រាប់​កម្ពុជា​ដើម្បី​ទទួល​ប្រយោជន៍​របៀប​នេះ»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ប៉ែន សុវិជាតិ​តាម​ប្រព័ន្ធ​ទូរសព្ទ​ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ បាន​អះអាង​កន្លង​មក​ថា​ ប្រទេស​កម្ពុជា​ ដែល​កំពុង​មាន​ស្ថិរភាព​នយោបាយ​ ហើយ​ពោរ​ពេញ​ដោយ​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​នោះ​ កំពុង​រំកិល​ខ្លួន​ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច។ ​ការណ៍​នេះ​ធ្វើ​ឲ្យ​ការ​ទទួល​បាន​ឬ​មិន​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​កម្ពុជា។​

ប៉ុន្តែ​ ​អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ ​យល់​ឃើញ​ថា​ នៅ​តំណាក់​កាល​នេះ​ ការ​ទទួល​បាន​មក​វិញ​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP ​របស់​អាមេរិក​ គឺ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រាកដ​ប្រជា​ ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​ប្រធានាធិបតី។ ​លោក​បន្ថែម​ថា​ អ្វី​ដែល​កម្ពុជា​គួរធ្វើ​នោះ​ គឺ​ការ​គិតគូរ​កែ​លម្អ​ឡើងវិញ​នូវ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ទទួល​បាន​ឋានៈ​អនុគ្រោះពន្ធ​នេះ។​

លោក​ថ្លែង​ថា៖​ «អ្វី​ដែល​យើង​ត្រូវ​ត្រៀម​ខ្លួន​គឺ​ថា យើង​ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​សមត្ថភាព​របស់​យើង​ នៅ​ក្នុង​ការ​ផលិត​ ហើយ​បញ្ហា​នេះ​ វា​ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​ឯកជន​ ពាក់​ព័ន្ធ​ទៅ​នឹង​លក្ខខណ្ឌ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​ការងារ​ ដែល​ជា​លក្ខណៈ​វិនិច័្ឆយ​ចម្បង​នៅ​ក្នុង​ការ​ត្រៀម​ខ្លួន​ ដើម្បី​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP។ ​អ៊ីចឹង​ យើង​ត្រៀម​លក្ខណៈ​យើង​ឲ្យ​បាន​រួច​រាល់។​ បញ្ហា​គឺ​នៅ​ត្រង់​ថា​ ថា​តើ​កំឡុង​ពេល​ដែល​មិន​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP​ ហ្នឹង​ តើ​យើង​មាន​សមត្ថភាព​ប៉ុណ្ណា​នៅ​ក្នុង​ការ​នាំ​ចេញ?»។​

របាយការណ៍​ស្ទង់​មតិ​នៃ​បរិយាកាស​វិនិយោគ​របស់​សភា​ពាណិជ្ជកម្មអាមេរិក​ប្រចាំ​កម្ពុជា​ ចេញផ្សាយកាល​ពីខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ចេញ​ចែក​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ (ហ៊ុល រស្មី/វីអូអេ)
របាយការណ៍​ស្ទង់​មតិ​នៃ​បរិយាកាស​វិនិយោគ​របស់​សភា​ពាណិជ្ជកម្មអាមេរិក​ប្រចាំ​កម្ពុជា​ ចេញផ្សាយកាល​ពីខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ចេញ​ចែក​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ (ហ៊ុល រស្មី/វីអូអេ)

បើ​តាម​របាយ​ការណ៍​ស្ទង់​មតិ​នៃ​បរិយាកាស​វិនិយោគ​របស់​សភា​ពាណិជ្ជ​កម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​២០២៤​ ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ទំនិញ​សំខាន់ៗ​ដូច​ជា​ ផលិត​ផល​កាត់​ដេរ កសិកម្ម​ សម្ភារៈ​ធ្វើ​ដំណើរ​ គ្រឿង​ម៉ាស៊ីន​អគ្គិសនី​និង​ស្បែក​ជើង​ ហើយ​នៅ​ក្នុង​រយៈ​ពេល​៩​ខែ​នៃ​ឆ្នាំ​២០២៤​ តម្លៃ​នៃ​ការ​នាំចេញ​កើន​ដល់​ជិត​២០​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​មាន​កំណើន​១៧​ភាគ​រយ​ ​ធៀប​នឹង​តម្លៃ​នាំចេញ​ចំនួន​ជិត​១៧​ពាន់​លាន​ដុល្លារ​អាមេរិក​ កាលពី​ឆ្នាំ​២០២៣។​

របាយ​ការណ៍​ដដែល​បាន​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០២៣​ គោល​ដៅ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា ​គឺ​សហ​រដ្ឋ​អាមេរិក​មាន​៣៨​ភាគ​រយ​ សហភាព​អឺរ៉ុប​១៩​ភាគរយ​ និង​គោល​ដៅ​ផ្សេង​មាន​ចំនួន​៤៣​ភាគ​រយ។ ​នៅ​ឆ្នាំ​២០២២​ អាមេរិក​ជា​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ដែល​ស្មើ​នឹង​៤០​ភាគ​រយ​ ហើយ​ការ​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ស្មើ​នឹង​២០​ភាគ​រយ​ និង​ទីផ្សារ​ដទៃ​ទៀត​មាន​ចំណែក​ ៣៨​ភាគ​រយ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG