ឆ្នាំ២០២៤ ជារយៈពេលដែលរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាបាននិងកំពុងបំពេញការងារក្នុងស្មារតីនៃការកែទម្រង់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច គ្រាដែលការរឹតត្បិតសេរីភាពនៅតែបន្តកើតមានឡើងជាបន្តបន្ទាប់។ នេះក៏ជាឆ្នាំដែលគេឃើញមានព្រឹត្តិការណ៍សំខាន់មួយចំនួនបានកើតឡើងនៅកម្ពុជា ដូចជាការបើកការដ្ឋានជីកព្រែកដ៏អធិកអធម កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ និងការដកខ្លួនចេញពីកិច្ចសហការក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA ដ៏ចម្រូងចម្រាស។ នេះបើតាមការវាយតម្លៃនិងកត់សម្គាល់របស់ក្រុមអ្នកឃ្លាំមើលការវិវឌ្ឍស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា។
ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ សង្កេតឃើញថា ក្រោមការដឹកនាំរបស់អ្នកជំនាន់ថ្មីនៃគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០២៤ បានងើបឡើងវិញ ក្រោយរងផលប៉ះពាល់នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។
លោកថ្លែងថា៖ «កម្ពុជាយើង ២០២៤ ជាឆ្នាំទី ១ ហើយដែលមានពេញ ជាឆ្នាំទី ១ ពេញមួយឆ្នាំដែលមាននាយករដ្ឋមន្ត្រីថ្មីនិងមានរដ្ឋាភិបាលថ្មី អាណត្តិថ្មី ហើយ ទន្ទឹមគ្នាហ្នឹងដែរ ជាឆ្នាំដែលយើងចាប់ផ្តើមរើបឡើងវិញទាំងសេដ្ឋកិច្ច ទាំងបញ្ហាផ្សេងៗ សង្គម សុខាភិបាល ពីភាពពិបាកធ្ងន់ធ្ងរនៃកូវីដ»។
លោក អ៊ូ វីរៈ ក៏បានបង្ហាញពីការរំពឹងខ្ពស់ផងដែរទៅលើការកែទម្រង់ ដែលរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងធ្វើនៅឆ្នាំ ២០២៤។ ក៏ប៉ុន្តែលោកបានកត់សម្គាល់ថា បញ្ហាជាតិនិយមដែលបានកើតឡើងជាមួយថៃ និងវៀតណាមក្នុងឆ្នាំ ២០២៤ នេះ អាចនឹងបន្តទៅដល់ឆ្នាំ ២០២៥។
លោកថ្លែងថា៖ «ការរំពឹងទៅលើកំណែទម្រង់នេះនឹងបន្តឆ្នាំ ២០២៤ ប៉ុន្តែនឹងបន្ត២០២៥ ហើយខ្ញុំជឿជាក់ថា ជារឿងមួយដែលនឹងនៅតែមានការតានតឹងផងដែរ។ ហើយរឿងដែលតានតឹងជាងនេះទៅទៀត គឺរឿងជាតិនិយមហ្នឹង គឺនឹងមិនអាចបញ្ចប់ទេ ជាមួយនឹងជាតិនិយមចិន ជាមួយចិនក៏ដោយ ជាមួយនឹងវៀតណាក៏ដោយ ជាមួយនឹងថៃក៏ដោយ ជាមួយនឹងប្រទេសណាក៏ដោយ ក៏នឹងមិនចប់ទេ ហើយជាទូទៅប្រទេសមួយណា ក៏គេចពីជាតិនិយមមិនផុតដែរ»។
ក្រៅពីបញ្ហាជាតិនិយមនេះ លោក អ៊ូ វីរៈ បានកត់សម្គាល់ព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងនយោបាយកម្ពុជានៅឆ្នាំ ២០២៤ នោះគឺការផ្លាស់ប្តូររដ្ឋមន្ត្រីការបរទេសដែលជាផ្នែកមួយនៃការសម្របខ្លួនរបស់កម្ពុជាទៅនឹងការប្រែប្រួលរបស់នយោបាយអន្តរជាតិ ដែលកំពុងផ្តោតសំខាន់លើការថែរក្សាសន្តិសុខ បន្ថែមលើបញ្ហាសេដ្ឋកិច្ច។
លោកថ្លែងថា៖ «យើងមិនអាចផ្តាច់ស្ថានភាពសេដ្ឋកិច្ចចេញពីស្ថានភាពនយោបាយអន្តរជាតិទេ អ៊ីចឹងគឺជាការដោះដូរមួយសំខាន់បំផុត ហើយឆ្លុះបញ្ចាំងថា គោលនយោបាយការបរទេសរបស់យើងហ្នឹងមិនត្រូវនៅស្ថានភាពពិតប្រាកដទេពីដើមមក ហើយយើងក៏ដូរតាមជាក់ស្តែងហ្នឹងទៅ។ ហើយការដូរនេះគឺជារឿងមួយ ដូចខ្ញុំថាអ៊ីចឹង បើចាំបាច់ដូរទៅ កុំព្រួយបារម្ភពីការចោទប្រកាន់ ព្រោះអីចុងបញ្ចប់កម្ពុជា ប្រជាពលរដ្ឋ គេនឹងសង្កេតមើលតែពីលទ្ធផលទេ»។
ការផ្លាស់ប្តូររដ្ឋមន្ត្រីការបរទេសនេះ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០២៤ នេះ។
ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ព្រឹត្តិការណ៍សម្ពោធបើកការដ្ឋានជីកព្រែកហ្វូណនតេជោ គឺជាចលនាជាតិនិយមមួយរបស់កម្ពុជា បើទោះបីចលនានេះមានសន្ទុះខ្លាំងតែមួយគ្រាក្តី។ លោកក៏បានកត់សម្គាល់លើព្រឹត្តិការណ៍តវ៉ាទាមទាររបស់ពលរដ្ឋនៅខាងក្រៅប្រទេសឲ្យកម្ពុជាដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ដ៏ចម្រូងចម្រាស។
លោកថ្លែងថា៖ «ខ្ញុំលើកឧទាហរណ៍រឿងបញ្ហាគណបក្សកាន់អំណាច ព្រែកជីកតេជោហ្វូណន ហ្នឹងចលនាជាតិដែរ ប៉ុន្តែធ្វើទៅហាក់ដូចជាមិនមានសន្ទុះ ឬគេហៅថា ការវិវឌ្ឍគួរឲ្យកត់សម្គាល់ នៅពេលដែលយើងចាប់ផ្តើមដំបូងៗ ថ្ងៃ ៥ សីហាអ៊ីចឹង។ យើងទូងស្គរតាមវត្តអារ៉ាម តាមសាលាអីច្រើន ថ្វីដ្បិតតែគេថាមិនឲ្យសិស្សសាលាចូលប្រលូកប្រលាន់នឹងនយោបាយ ក៏ប៉ុន្តែសិស្សសាលាចេញមកព្រោងព្រាត»។
លោក ឯម សុវណ្ណារ៉ា ថ្លែងបន្ថែមថា៖ «ដោយឡែក ចលនាហ្នឹងក៏មានចលនាខាងបក្សប្រឆាំងគេធ្វើឡើង ទាមទារឲ្យមាននូវការដកចេញ CLV តំបន់ត្រីកោណអភិវឌ្ឍន៍ហ្នឹង ហើយចលនានេះនៅក្រៅប្រទេស ថ្វីដ្បិតក្នុងប្រទេសអត់មាន ប៉ុន្តែនៅក្រៅប្រទេសឃើញមាន។ នៅក្នុងប្រទេស មានអ្នកលើកឡើងតិចតួចទេ តែក្រៅប្រទេសលើកឡើងច្រើនកម្មករបាតុកម្មនៅក្រៅប្រទេស នៅកូរ៉េ នៅជប៉ុន ហើយនិងលោកខាងលិច នៅអឺរ៉ុប ... អ៊ីចឹងចលនាហ្នឹង វាមានឥទ្ធិពលមកដល់ក្នុងស្រុក»។
បើតាមលោក ឯម សុវណ្ណារ៉ា បញ្ហាកោះគុតក៏បានកើនកម្តៅខ្លាំងនៅក្នុងនយោបាយឆ្នាំ ២០២៤ ដែលនាំឲ្យអ្នកនយោបាយមានក្តីបារម្ភនៅពេលខាងមុខ ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលបានផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយរបស់ខ្លួនដែលមិនទាន់អាចទាក់ទាញបានជំនឿពេញលេញពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាបូរណភាពទឹកដីនេះ។
លោក ឯម សុវណ្ណារ៉ា ថ្លែងថា៖ «ចលនាកោះគុតនេះ យើងឃើញជារឿងក្តៅនៅក្នុងនយោបាយ ២០២៤ ដែលធ្វើឲ្យអ្នកនយោបាយបារម្ភនៅថ្ងៃអនាគត ជាពិសេសគណបក្សកាន់អំណាចដែលផ្ទេរ គេហៅថា ផ្តល់អំណាចទៅអ្នកជំនាន់ក្រោយរបស់ខ្លួនហ្នឹងហាក់ដូចជានៅចន្លោះប្រហោង រឿងជាតិនិយម រឿងបូរណភាពទឹកដីហ្នឹងហាក់ដូចជាមិនទាន់កសាងជំនឿទុកចិត្តពីប្រជាពលរដ្ឋឲ្យបានពេញលេញទេបាទ»។
បញ្ហាកោះគុតបានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសមួយរវាងប្រទេសកម្ពុជា និងថៃ។ កាលពីពេលថ្មីៗនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃនិងជាមិត្តជិតស្និទ្ធរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានអះអាងប្រាប់កាសែតថៃថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបានឡើយ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជារក្សាភាពភាពស្ងៀមស្ងាត់ និងមិនទាន់បញ្ជាក់អ្វីជាសាធារណៈនៅឡើយទេ ក្រោយលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានអះអាងបែបនេះ។
គេក៏មិនទាន់ដឹងថា បញ្ហារសើបមួយនេះនឹងដោះស្រាយយ៉ាងណាទៀតនៅឆ្នាំ ២០២៥ ខាងមុខនេះទេ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបកស្រាយនៅក្នុងពិធីចែកសញ្ញាបត្រមួយកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២៤ ថា កម្ពុជាបានរក្សាភាពស្ងៀមស្ងាត់នឹងរឿងកោះគុត ដោយហេតុផលពីរសំខាន់ៗ គឺទី ១ «ភាពចាស់ទុំខាងនយោបាយ» និង «ការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ»។ នាយករដ្ឋមន្ត្រីកម្ពុជារូបនេះបានអះអាងថា រដ្ឋាភិបាលបន្តចរចាដើម្បីបោះបង្គោលព្រំដែនទាំងក្នុងដែនគោក និងដែនទឹកជាមួយប្រទេសថៃដែលបានធ្វើតាំងពីឆ្នាំ ២០០៦ មក។
ដោយឡែក សម្រាប់ស្ថានភាពនយោបាយឆ្នាំ ២០២៤ លោក ស៊ឹង សែនករុណា អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងបច្ចុប្បន្នជាប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី បានវាយតម្លៃថា សិទ្ធិនយោបាយបានរងការរឹតត្បឹតជាងឆ្នាំ ២០២៣ ព្រោះពលរដ្ឋនិងអ្នកនយោបាយក្នុងប្រទេសមិនហ៊ានបញ្ចេញមតិអំពីបញ្ហាសង្គម ដោយសារពួកគេភ័យខ្លាច។ បន្ថែមលើនេះ អ្នករិះគន់រដ្ឋាភិបាលខ្លះត្រូវភៀសខ្លួនទៅក្រៅប្រទេស រីឯអ្នកខ្លះទៀតរងការគំរាមកំហែងចាប់ខ្លួន ចោទប្រកាន់ និងផ្តន្ទាទោសតាមផ្លូវតុលាការជាដើម។
លោក ស៊ឹង សែនករុណា ថ្លែងថា ៖«ជាសរុបរួមទៅ គឺស្ថានភាពនយោបាយ ស្ថានភាពសិទ្ធិមនុស្ស ហើយសេដ្ឋកិច្ច រឿងសន្តិសុខសង្គម រឿងហ្គេមអនឡាញ រឿងគ្រឿងញៀន រឿងបញ្ហាវិបត្តិជាច្រើន កំពុងតែញាំញីនៅក្នុងប្រទេសកម្ពុជា ដោយសារតែការដឹកនាំហ្នឹងមិនបានធ្វើឲ្យមានភាពល្អប្រសើរហ្នឹងឯង»។
ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានវាយតម្លៃថា ស្ថានភាពនយោបាយនៅកម្ពុជា មិនទាន់ការប្រែប្រួលច្រើននៅឡើងនៅឆ្នាំ ២០២៤ ក្រោមហេតុផលនៃការបន្តគាបសង្កត់លើក្រុមអ្នករិះគន់ និងអ្នកនយោបាយជំទាស់។
លោក រ៉ុង ឈុន ថ្លែងថា៖ «ក្នុងនាមគណបក្សកម្លាំងជាតិ យើងអត់ចង់ឃើញរូបភាពឆ្នាំចាស់ បន្តមកឆ្នាំថ្មីទេ។ យើងចង់ឃើញអ្វីដែលថ្មី ហើយជាពិសេសលើសហ្នឹង ចង់ឃើញរដ្ឋាភិបាលបើកលម្ហសេរីភាព ហើយនិងត្រូវដោះលែងអ្នកជាប់ឃុំមនសិកាទាំងអស់ ដូចជាករណីលោក កឹម សុខា លោក ថាច់ សេដ្ឋា លោក ស៊ុន ចន្ធី ក៏ដូចជាលោក កាក់ កុម្ភា កញ្ញា សេង ធារី ក្តី ក៏ដូចជាយុវជនមាតាធម្មជាតិក្តី យើងត្រូវផ្តល់សិទ្ធិសេរីភាពឲ្យគាត់ដើម្បីយើងសា្តរមុខស្តារមាត់ នៅក្នុងឆ្នាំថ្មីទទួលយក គឺថាការគាំទ្រពីមតិជាតិនិងអន្តរជាតិ ជាពិសេសប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP»។
ស្រដៀងគ្នានេះដែរ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន បានវាយតម្លៃថា ឆ្នាំ ២០២៤ សេរីភាពនយោបាយរងការរឹតត្បិតខ្លាំងជាងឆ្នាំមុនៗ ដោយទាំងប្រជាពលរដ្ឋ សកម្មជនបរិស្ថាននិងអ្នកនយោបាយក្នុងស្រុក រងការយាយីនិងរងការប្តឹងផ្តល់តាមផ្លូវតុលាការដោយទារសំណងច្រើនខ្លាំង ខណៈដែលអ្នករិះគន់រដ្ឋាភិបាលមួយចំនួនកំពុងជាប់ឃុំក្នុងពន្ធនាគារ។ បន្ថែមលើនេះ ក៏មានក្រុមអ្នករិះគន់រដ្ឋាភិបាលផ្សេងទៀតត្រូវបានចាប់ខ្លួនពីប្រទេសថៃនិងម៉ាឡេស៊ី ដើម្បីបញ្ជូនមកផ្តន្ទាទោសដាក់ពន្ធនាគារក្នុងប្រទេសកម្ពុជាផងដែរ។ លោក អ៊ូ ច័ន្ទរ័ត្ន ក៏លើកឡើងថា គណបក្សនយោបាយក្រៅរដ្ឋាភិបាលក៏ទ្រុឌទ្រោមខ្លាំងផងដែរ ពាក់ព័ន្ធការជំរុញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេស។
លោកប្រាប់វីអូអេថា៖ «សម្រាប់គណបក្សក្រៅរដ្ឋាភិបាលហាក់ដូចជាប្រឹងប្រែងក្នុងការការពារលទ្ធិភាពក្នុងដំណើរការជំរុញលទ្ធិប្រជាធិបតេយ្យហ្នឹង ដោយដុនដាបទ្រុឌទ្រោមខ្លាំង មិនដូចកាលពីអាណត្តិមុនៗទេ ធ្ងន់ធ្ងរច្រើនមែនទែន ដោយសារយើងត្រូវបានវាយបំបាក់ម្តងហើយម្តងទៀត។ ម្លោះហើយការគាំទ្រក៏ពិបាក ហើយដំណើរការក្នុងការប្រកួតប្រជែងក៏មានបញ្ហាច្រើន»។
ជាការឆ្លើយតបនឹងការរឹតត្បិតសិទ្ធិនយោបាយក្នុងប្រទេសកម្ពុជានាឆ្នាំ ២០២៤ សភាសហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលកម្ពុជា ជាពិសេសទណ្ឌកម្មលើបុគ្គលដែលបានរួមចំណែកធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងខ្លាំង។
សភាសហភាពអឺរ៉ុបក៏បានអំពាវនាវឲ្យគណៈកម្មការ និងរដ្ឋសមាជិកគិតគូរឡើងវិញលើការផ្លាស់ប្តូរចំពោះឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញ លើកលែងសព្វាវុធ» ឬ Everything But Arms ហៅកាត់ថា EBA ដោយផ្អែកលើការមិនសហការរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការដោះស្រាយនិងទប់ស្កាត់ការរំលោភសិទ្ធិមនុស្ស ក៏ដូចជាការបញ្ជូនសារច្បាស់លាស់មួយថា៖ «ការលើកកម្ពស់សិទ្ធិមនុស្ស និងការការពារសិទ្ធិសេរីភាពរបស់សង្គមស៊ីវិល គឺជាលក្ខខណ្ឌកំណត់ទុកជាមុនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ»។
ក៏ប៉ុន្តែ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងថា កម្ពុជាកំពុងរំកិលខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ដែលធ្វើឲ្យការទទួលបានឬមិនបានឋានៈអនុគ្រោះពន្ធផ្សេងៗគឺជារឿងធម្មតាសម្រាប់កម្ពុជា។
លោកថ្លែងថា៖ «អង្គការសហប្រជាជាតិទើបវាយតម្លៃថា កម្ពុជាប៉ុន្មានឆ្នាំទៀត គឺចេញផុតពីប្រទេសក្រីក្រហើយ។ វាទៅដល់គេហៅថា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំខាងមុខៗហ្នឹងហើយ។ ហេតុដូច្នេះ EBA ឬ GSP ចង់ឲ្យ មិនឲ្យ អាហ្នឹងជារឿងធម្មតារបស់កម្ពុជាទៅហើយ។ អាហ្នឹង វាឆ្លុះបញ្ជាក់ ឥឡូវខ្ញុំពិនិត្យប្រទេស ១០ ដែលជាប្រទេសក្រីក្របំផុតនៅលើពិភពលោកហ្នឹង មានចំណូលត្រឹមតែ ៤០០[ដុល្លារ]ទេ ក្នុងមួយឆ្នាំ ៤០០ដុល្លារ។ ឥឡូវកម្ពុជាឡើងទៅដល់ ៣០០០[ដុល្លារ]ជាងទៅហើយ»។
លោក សុខ ឥសាន បានឲ្យដឹងទៀតថា នៅឆ្នាំ ២០២៤ នេះ ប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ហើយក៏មានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ។ ជាងនេះទៀត អាកាសយានដ្ឋានអន្តរជាតិខ្នាតធំមួយនៅខេត្តកណ្តាលនឹងចាប់ដំណើរការនៅដើមឆ្នាំ ២០២៥ ដើម្បីបម្រើដល់ការហោះហើរដោយផ្ទាល់ពីបរទេសមកកាន់កម្ពុជា។ ជាមួយនឹងការរីកចម្រើននេះ លោកបានចោទសួរអំពីការវាយតម្លៃរបស់អ្នកវិភាគមួយចំនួនដែលបន្តរិះគន់ថា ពលរដ្ឋកម្ពុជានៅបន្តស្ថិតក្នុងស្ថានភាពក្រីក្រ ខណៈប្រាក់ចំណូលរបស់ពលរដ្ឋបានកើនឡើង។
លោក សុខ ឥសាន ថ្លែងថា៖ «ហើយមិនដឹងថា ការវាយតម្លៃរបស់អ្នកវិភាគហ្នឹងថា នៅតែក្រីក្រទៀតយ៉ាងម៉េច។ អាហ្នឹងគេមើលអីអាហ្នឹង គេមើលអ្នកដែលអូសរទេះ ដឹកអេតចាយ ឬមួយក៏អ្នកដើរសុំទាន ឬមួយក៏គេមើលអី។ អាហ្នឹងក៏ខ្ញុំមិនដឹងដែរ ក៏ប៉ុន្តែខ្ញុំមើលទៅឃើញថា វាមិនមែនដូចអ្នកវិភាគខ្លះដែលមិនវិភាគគ្រប់ចំណុចទេ យកតែអាចំណុចអវិជ្ជមានយកមកនិយាយ ហើយគាត់បន្ទាបបន្ថោកជាតិខ្មែរគ្នាឯង»។
បើមើលទៅលើគោលនយោបាយការបរទេស នៅចុងឆ្នាំ ២០២៤ នេះ កម្ពុជាបានអនុញ្ញាតឲ្យនាវាចម្បាំងសហរដ្ឋអាមេរិកចូលមកដែនទឹករបស់ខ្លួនវិញ ក្រោយខកខានអស់រយៈពេល ៨ ឆ្នាំ។
នាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH បានចូលចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលអ្នកវិភាគខ្លះយល់ថា ជាការចាប់ផ្តើមឡើងវិញនៃទំនាក់ទំនងកងទ័ពជើងទឹកអាមេរិកនិងកម្ពុជា ហើយការប្រែប្រួលចុងក្រោយនេះបានបញ្ជាក់ថា កម្ពុជាកំពុងខិតខំសម្របខ្លួននឹងការប្រកួតប្រជែងដែលកាន់តែតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។
លោក អ៊ា សុផល ព្រឹទ្ធបុរសរងជាន់ខ្ពស់និងសាស្ត្រាចារ្យជំនួយប្រចាំសាលា Thunderbird School of Global Management នៃសាកលវិទ្យាល័យរដ្ឋ Arizona ប្រាប់វីអូអេតាមសារអ៊ីមែលកន្លងមកថា ការវិលត្រឡប់មកវិញនៃនាវាចម្បាំងសហរដ្ឋអាមេរិក USS Savannah បង្ហាញអំពីការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក និងជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីទំនាក់ទំនងមានភាពរកាំរកូសអស់ជាច្រើនឆ្នាំ។
លោក អ៊ា សុផល បានឲ្យដឹងទៀតថា ការវិវឌ្ឍចុងក្រោយនៃទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃការព្យាយាមរបស់កម្ពុជា ដើម្បីបង្ហាញកាន់តែច្បាស់នូវមធ្យោបាយនៃការអនុវត្តគោលនយោបាយការបរទេស ដែលមានតុល្យភាពជាងមុន៕