ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​បួន​នាក់​ស្លាប់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​នៅ​កម្ពុជា


មន្ត្រីប៉ូលិសកំពុងជួយសង្គ្រោះប្រជាពលរដ្ឋពីតំបន់ទឹកលិចដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ នៅខេត្តព្រះសីហនុ។ (រូបដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)
មន្ត្រីប៉ូលិសកំពុងជួយសង្គ្រោះប្រជាពលរដ្ឋពីតំបន់ទឹកលិចដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ នៅខេត្តព្រះសីហនុ។ (រូបដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)

បន្ទាប់​ពីមាន​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​នេះ ​យ៉ាង​ហោច​ណាស់​ខេត្ត​ចំនួន​ពីរ​​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ទឹក​ជំនន់។ ​ក្នុង​នោះ​មនុស្ស​បួន​នាក់​បាន​ស្លាប់​និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​រង​ការ​ខូចខាត។

យ៉ាង​ហោច​ណាស់​មនុស្ស​បួន​នាក់បាន​ស្លាប់​ដោយ​សារ​ទឹក​ជំនន់នៅ​ក្នុងខេត្ត​ព្រះសីហនុ​ និង​នៅ​ខេត្ត​រតនគិរី។​ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ផ្លូវ​ការ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​ឆៃ គ័រឈីង​ អាយុ​៤៥ឆ្នាំ ​ជា​មេការ​សំណង់​ជនជាតិ​ចិន​ និង​ពីរ​នាក់​ផ្សេង​ទៀតជា​ប្តីប្រពន្ធ​ជនជាតិ​ខ្មែរ​ ដោយ​ប្តីឈ្មោះ​ស៊ុន គឹមសាន​ អាយុ​ ៥៤​ឆ្នាំ​ និង​ប្រពន្ធឈ្មោះ​សេង​ ញ៉េន​ អាយុ​៥៦​ បាន​ស្លាប់​ដោយ​សារការ​បាក់​របង​សង្កត់នៅ​ក្នុង​ទីតាំង​ពីរ​ផ្សេង​គ្នា​ក្នុងខេត្ត​ និង​ក្រុងព្រះ​សីហនុ។​ របង​នេះ​រលំ​ដោយ​សារ​ទឹក​ហូរ​បុក។ ​ជន​រង​គ្រោះ​ពីរនាក់​ប្តី​ប្រពន្ធ​នេះ​មក​ពីខេត្ត​កំពង់ចាម។​ ដោយ​ឡែក​ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ​បាន​ស្លាប់​ដោយ​លង់​ទឹកក្នុង​ខេត្ត​រតនគិរី​ដែល​កំពុង​តែ​ជន់​លិច។​

លោក​ឃាង ភារម្យ​ អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះ​សីហនុ​ បានបញ្ជាក់​ពីការ​ស្លាប់​របស់​ជន​រងគ្រោះ​ទាំង​បី​នាក់​នេះ។​ ហើយ​លោក​បន្ថែម​ថា​ ប្រជាពលរដ្ឋ​ម្នាក់​កំពុង​បាត់​ខ្លួន​ក្នុងគ្រោះ​ទឹក​ជំនន់​នេះ។​

«បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​នៅ​ស្រុក​ព្រៃ​នប់​ ​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ថា​ មាន​បាត់​ខ្លួន​ប្រជា​ពលរដ្ឋ​ម្នាក់​ដែលនៅ​ក្នុង​ឃុំ​ជងគោ​ បាទ។ ​តែ​ឥឡូវ​នេះ ​សមត្ថ​កិច្ច​លោក​កំពុង​តែស្វះ​ស្វែង​រក​ហើយ​ បាទ»។

លោក​យូ វាសនា​ ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ និង​ជា​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្សរបស់​សហ​ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ហៅ​កាត់​ថា​ (CCFC)​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ​ជន​រងគ្រោះ​ទាំង​បី​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ​ និង​នៅ​ក្នុង​សង្កាត់​លេខ​មួយ​ ក្រុង​ព្រះ​សីហនុ។​

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សាលា​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ស្ថាន​ភាព​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ឥត​ឈប់​ឈរ​កាលពី​យប់​ថ្ងៃ​ទី​៨ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហានេះ។ ​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះ​សីហនុ​កំពុង​ប្រឈម​នឹង​ការ​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង។ ​ហើយទ្រព្យ​សម្បត្តិ​មួយ​ចំនួន​របស់​ប្រជា​ពលរដ្ឋ​រង​ការ​ខូច​ខាត ​ក្នុង​នោះ​មាន​ដូច​ជា​រថយន្ត ​ម៉ូតូ​និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ផ្សេង​ទៀត។​

ដំណាល​គ្នា​នេះ​ ​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​ជម្លៀស​ប្រជា​ពល​រដ្ឋ​ចំនួន​៥០០​គ្រួសារចេញ​ពី​តំបន់​ជាប់​ទន្លេ​ស្រែ​ពក​ក្នុង​ស្រុក​លំផាត់ ​ដែល​ទឹក​ជំនន់​កំពុង​មាន​សន្ទុះ​ខ្លាំង។​

លោក​នាង សំអាត​ នាយក​រដ្ឋ​បាល​សាលាខេត្ត​រតនគិរី​ បាន​ប្រាប់​វីអូអេ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ កំពស់​ទឹក​ទន្លេស្រែពក​បាន​ហក់​ឡើង​ដល់​១៣​ម៉ែត្រ​គឺ​ហួស​កម្រិត​ប្រកាស​អាសន្ន​ចំនួន​ពីរ​ម៉ែត្រ។​

សេចក្តី​ជូន​ដំណឹងរបស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយមនៅ​ថ្ងៃ​ទី​៩​ខែ​សីហា​នេះបាន​ឲ្យ​ដឹង​ថា​ ខេត្ត​នៅ​តាម​តំបន់​មាត់​សមុទ្រអាច​នឹង​ប្រឈម​ភ្លៀង​ខ្យល់​ខ្លាំង​ និង​រលក​បក់​បោក​ខ្ពស់ ​ហើយ​បណ្តា​ខេត្ត​ផ្សេង​ទៀត​ មាន​កំពង់ធំ ​ស្ទឹងត្រែង​ រតនៈគិរី​ នឹង​អាច​មាន​ភ្លៀង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន។ ​ចំណែក​ខេត្ត​ផ្សេង​ទៀត​ មាន​ខេត្ត​កំពង់ស្ពឺ​ តាកែវ​ កណ្តាល ​និង​រាជ​ធានី​ភ្នំពេញនឹង​អាច​មាន​ភ្លៀង​កម្រិត​បរិមាណ​ពី​តិច​ទៅ​មធ្យម។​

ក្រសួង​ធនធាន​ទឹក​បញ្ជាក់​បន្ថែម​ថា​ ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ភូមិ​សាស្ត្រខេត្ត​កោះកុង​ និង​ខេត្ត​ព្រះ​សីហនុ​ និង​បណ្តា​ខេត្ត​នៅ​ភាគ​ខាង​កើត​ជាប់​នឹង​ព្រំ​ប្រទល់​ប្រទេស​វៀតណាម​ អាច​នៅ​មាន​បន្ត។​

លោក​ចាន់ យុត្ថា​ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយមបាន​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​មាន​ខេត្ត​មួយ​ចំនួន​ធ្លាក់​ភ្លៀងច្រើន​ បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​ ដូចជា​ខេត្ត​ព្រះ​សីហនុ​ និង​កោះកុង។​ ចំណែក​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ក៏​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​ដែរ។​ រីឯ​កម្រិត​ទឹក​ទន្លេ​នៅ​ខេត្ត​ផ្សេង​ទៀត​ ដូចជា​ខេត្ត​រតនគិរី​ ពោល​គឺ​ទន្លេ​ស្រែពក​ បាន​ហក់​ឡើង​ដល់កម្រិត​ចន្លោះ១២​ម៉ែត្រ​ទៅ​១២,១០​ម៉ែត្រ។

លោក​ចាន់ យុត្ថា​ និយាយ​ថា៖​

«ត្រូវ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ ជាពិសេស​គឺ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ដែល​រស់​នៅជាប់​នឹង​ផ្លូវទឹក​ បាទ ​រស់​ជាប់​នៅ​ផ្លូវ​ទឹក។ ​ខ្ញុំ​ឧទាហរណ៍​ ដូច​ជា​នៅ​តាម​បណ្តា​ព្រែក​ដែល​ប្រមូល​ទឹក​ហូរ​ចូល​ទៅ​សមុទ្រ​ក្តី​ ឬ​ក៏​ព្រែក​មួយ​ចំនួន​ ទន្លេ​មួយ​ចំនួន ​ដែល​ទទួល​របប​ទឹក​ពី​តំបន់​ត្រូវ​រង​ទឹក​ភ្លៀង​ ហើយដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ បាទ»។

លោក​ចាន់​ យុត្ថា​ មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​នានា​បានត្រៀម​វិធាន​ការទប់ទល់​នឹង​គ្រោះ​អាសន្ន​ដែល​អាច​បង្ក​ឡើង​ ក្នុង​ពេល​មាន​ភ្លៀង​ខ្លាំង​ ឬ​ការ​កើន​ឡើង​កម្រិត​ទឹក​ទន្លេ៕

XS
SM
MD
LG