អ្នកការទូតអាមេរិកនៅសប្ដាហ៍នេះបានរិះគន់បន្ទោសប្រទេសចិនជុំវិញការបង្កជា«ហានិភ័យ»និងបញ្ហាប្រឈមនានាសម្រាប់និរន្តរភាពក្នុងតំបន់អាងទន្លេមេគង្គ តាមរយៈការសាងសង់និងវិនិយោគទំនប់វារីអគ្គីសនីលើប្រភពទឹកនៃមហាគង្គាដ៏វែងអន្លាយ ដែលហូរកាត់តំបន់អាស៊ីអាគ្នេយ៍ដីគោកមួយនេះ។
ការថ្លែងខាងលើហាក់ផ្ដល់ជាសញ្ញាថា តំបន់អាងទន្លេមេគង្គអាចក្លាយជាទីសមរភូមិថ្មីរវាងសហរដ្ឋអាមេរិកនិងចិន ក្នុងឈុតឆាកវាយដណ្ដើមឥទ្ធិពលនិងអនុត្តរភាពផ្នែកភូមិសាស្ត្រនយោបាយ ខណៈដែលភាពតានតឹងជាសាកលរវាងមហាអំណាចទាំងពីរកំពុងអង្រួនពិភពលោក តាមរយៈសំណុំរឿងសង្គ្រាមពាណិជ្ជកម្ម ការប្រឈមមុខគ្នានៅច្រកសមុទ្រតៃវ៉ាន់ និងការសង្គ្រឺតធ្មេញដាក់គ្នានៅសមុទ្រចិនខាងត្បូងជាដើម។
ថ្លែងទៅកាន់សិក្ខាសាលាថ្នាក់តំបន់ស្ដីពីអនាគតទន្លេមេគង្គរៀបចំឡើងនៅភ្នំពេញ ដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព CICP លោក Michael Newbill ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា សកម្មភាពរបស់ប្រទេស«តែមួយគត់»នៅក្នុងតំបន់មេគង្គ ដែលគ្មាននរណាក្រៅតែពីចិន បានបង្កជាក្ដីបារម្ភជាទូទៅសម្រាប់បណ្ដាប្រទេសតាមដងទន្លេនេះ និងសម្រាប់សហរដ្ឋអាមេរិកផងដែរ។
អ្នកការទូតអាមេរិករូបនេះបានថ្លែងប្រាប់អង្គសិក្ខាសាលា កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងដូច្នេះថា៖
«រយៈពេលពីរឆ្នាំចុងក្រោយនេះ ការរំកិលប្រែប្រួលនៃចរន្តភូមិសាស្ត្រនយោបាយបានចាប់ផ្ដើមបង្កជាបញ្ហាប្រឈមចម្បងៗក្នុងរូបភាពថ្មី។ បច្ចុប្បន្ននេះ តំបន់មេគង្គត្រូវប្រឈមនឹងការគ្រប់គ្រងដោយមិនមានសមាមាត្រ ជុំវិញទំនប់វារីអគ្គីសនីច្រើនជាង១០ ដែលកសាងដោយប្រទេសតែមួយគត់ដែលបានគ្រោងបំផ្ទុះនិងបូមយកច្រាំងទន្លេទៀតផង»។
លោកភារធារីនៃស្ថានទូតអាមេរិកបានបន្តដោយបានលើកឡើងថា ការកសាងទំនប់វារីអគ្គីសនីនិងការគាំទ្រផ្នែកវិនិយោគរបស់ចិនទៅលើទំនប់ទាំងនោះ បាននាំឱ្យមានការសាបរលាបឥទ្ធិពលនៃយន្តការអភិបាលកិច្ចលើដងទន្លេដែលមានស្រាប់ ការចល័តល្បាតឆ្លងព្រំដែនដោយបង្ខំតាមដងទន្លេ និងកំណើននៃលំហូរឧក្រិដ្ឋកម្មឆ្លងដែន និងការរត់ពន្ធមនុស្សនិងគ្រឿងញៀន។
លោកបានបន្តថា៖
«និន្នាការទាំងអស់នេះបង្កជាហានិភ័យទៅដល់ស្វយ័តភាព ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងសន្តិសុខធនធានទឹក សន្តិសុខថាមពល និងសន្តិសុខស្បៀង នៅតាមតំបន់អាងទន្លេមេគង្គ»។
លោក Pongphisoot Busbarat សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ ប្រចាំសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ បានថ្លែងថា ការប្រកួតប្រជែងរវាងអាមេរិកនិងចិន បាននឹងកំពុងលាតសន្ធឹងចូលមកដល់តំបន់មេគង្គកាន់តែខ្លាំងឡើង ដោយហេតុតែ«ភាពសកម្មខាងនយោបាយការបរទេស»របស់ចិន នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្កជាការសង្ស័យក្នុងចំណោមប្រទេសដៃគូផ្សេងទៀត ដែលការសង្ស័យជាចម្បងពីសហរដ្ឋអាមេរិកតែម្ដង។
អ្នកជំនាញរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«តំបន់មេគង្គជាក់ច្បាស់ណាស់គឺជាទីតាំងប្រកបដោយសក្ដានុពលនៃការប្រកួតប្រជែងរវាងមហាអំណាចនៃតំបន់អាស៊ីអាគ្នេយ៍ ក្រៅតែពីតំបន់សមុទ្រចិនខាងត្បូង»។
លោក Pongphisoot Busbarat បានបន្ថែមយ៉ាងដូច្នេះទៀតថា៖
«បើទោះជាប្រទេសចិនបានបង្ហាញភាពស្មោះត្រង់របស់ខ្លួនដដែលជាដដែល ហើយបើទោះជាយើងមិនអាចបដិសេធការណ៍ដែលថាតួនាទីរបស់ប្រទេសចិនបានផ្ដល់ជាវិភាគទាននិងផលប្រយោជន៍ដល់តំបន់មួយនេះជាច្រើនរូបភាពក៏ដោយ ភាពសកម្មផ្នែកគោលនយោបាយខាងលើនេះ បានទទួលការរិះគន់ និងក្ដីសង្ស័យដោយជៀសមិនផុតពីចេតនាពិតប្រាកដ [ថាចិនចង់បានអ្វី]»។
VOA បានព្យាយាមទាក់ទងសុំការបំភ្លឺឆ្លើយតបពីសំណាក់ស្ថានទូតចិនប្រចាំនៅរាជធានីភ្នំពេញ តែមិនបានទទួលការឆ្លើយតបអ្វីទាល់តែសោះ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ។
នៅក្នុងអង្គសិក្ខាសាលាខាងលើក៏មានការជជែកផងដែរ អំពីអនាគតដ៏ស្រពិចស្រពិលនៃអាងទន្លេមេគង្គ ថាតើប្រភពធនធានទឹក មច្ឆា និងដីល្បប់មួយនេះ អាចនឹងមានលទ្ធភាពបន្តផ្ដល់ប្រយោជន៍ដល់បណ្ដាជនរាប់លាននាក់ដែលរស់នៅអាស្រ័យផលនឹងទន្លេ ហើយក៏មានការអំពាវនាវផងដែរ ឱ្យមានការសិក្សានិងរៀបចំតាក់តែងគោលនយោបាយសម្រាប់អនុវត្តឱ្យបានជាក់ច្បាស់ ដើម្បីធានាថាប្រជាជនងាយរងគ្រោះនឹងត្រូវបានផ្ដល់អាទិភាពក្នុងការអភិវឌ្ឍ។
លោក ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាស្ថាន CICP បានលើកឡើងថា ការសាងសង់ប្រកបដោយ«ភាពមិនសមប្រកប» និង «ខ្វះទំនួលខុសត្រូវ»នៃទំនប់វារីអគ្គីសនីតាមដងទន្លេមេគង្គជាដើមចម ដែលគេគួរបន្ទោសសម្រាប់ការកើតឡើងជាញឹកញាប់នូវគ្រោះមហន្តរាយ រាំងស្ងួត និងទឹកជំនន់ នៅតាមបណ្ដាប្រទេសក្នុងតំបន់។
អតីតអ្នកការទូតខ្មែររូបនេះបានថ្លែងយ៉ាងដូច្នេះថា៖
«គម្រោងអភិវឌ្ឍដែលខ្វះការគិតគូរទាំងនេះ មានលទ្ធភាពធំធេងក្នុងការបង្កការខូចខាតដ៏បំផ្លិចបំផ្លាញ បើសិនបើដំណោះស្រាយប្រកបដោយភាពសមស្របណាមួយ មិនត្រូវសម្រេចបានដោយគ្រប់គ្រាន់ទេនោះ»។
ទន្លេមេគង្គហូរតាមខ្សែទឹកដែលមានប្រវែងប្រមាណ ៤៣០០ គីឡូម៉ែត្រ មានប្រភពពីខ្ពង់រាប Tibet ប្រទេសចិន ធ្វើដំណើរកាត់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក មុននឹងចប់ត្រឹមប្រទេសវៀតណាម ហូរចាក់ទៅក្នុងសមុទ្រខាងត្បូង។ ទន្លេនេះមានឈ្មោះថា ឡានឆាង (Lancang) ក្នុងសូរសៀងភាសាចិន។
គណៈកម្មការទន្លេមេគង្គ MRC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយប្រទេសតាមដងទន្លេទាំងអស់ លើកលែងតែចិន និងភូមា ដើម្បីធ្វើការគ្រប់គ្រងធនធានតាមដងទន្លេនេះប្រកបដោយចីរភាព តែស្ថាប័ននេះត្រូវគេមើលឃើញថាខ្វះអំណាចនិងលទ្ធភាពក្នុងការទប់ស្កាត់ ការសាងសង់ទំនប់វារីអគ្គីសនីនានាជាបន្តបន្ទាប់ដែលមានលទ្ធភាពបង្កអតុល្យភាពដល់សុខមាលភាព និងជីវៈចម្រុះនៃមហាគង្គានេះ។
គិតត្រឹមឆ្នាំ២០៣០ មានការរំពឹងថាទំនប់វារីអគ្គីសនីប្រមាណ៣០ នឹងត្រូវបានសាងសង់និងដំណើរការកាត់ទទឹងទន្លេមេគង្គ ដែលទំនប់ភាគច្រើន បើមិនស្ថិតក្នុងប្រទេសចិន ក៏ជាការផ្ដល់ហិរញ្ញប្បទានវិនិយោគពីចិនដែរ។ នេះបើយោងតាមការប្រមើមើលនិងទិន្នន័យរបស់ក្រុមអភិរក្សដើម្បីការស្រាវជ្រាវកសិកម្មអន្តរជាតិ (CGIAR)។
ក្រៅតែពីយន្តការ MRC ប្រទេសតាមដងទន្លេមេគង្គក៏បានចូលរួមនឹងយន្តការកិច្ចសហប្រតិបត្តិការជាច្រើនផ្សេងទៀតផងដែរជាមួយនឹងដៃគូសហការពីខាងក្រៅតំបន់ រួមមាន កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ (LMC) ជាមួយប្រទេសចិន និងគំនិតផ្ដួចផ្ដើមតំបន់មេគង្គប៉ែកខាងក្រោម (LMI) ជាមួយសហរដ្ឋអាមេរិក។
លោក ស៊ីម វីរៈ ទីប្រឹក្សាក្រសួងការបរទេសកម្ពុជា បានថ្លែងថា ទីក្រុងភ្នំពេញនិងរដ្ឋដទៃទៀតក្នុងតំបន់ប្រាថ្នាចង់ស្វះស្វែងរកចំណុចរួមគ្នារវាងយន្តការទាំងអស់ដែលមានស្រាប់ ធានាយ៉ាងណាទាញយកប្រយោជន៍ដល់ប្រជាជននិងប្រទេសតាមដងទន្លេ និងធានាការពារទន្លេដ៏មានសក្ដានុពលមួយនេះទៅថ្ងៃមុខផងដែរ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលជាតំណាងរបស់រដ្ឋមន្ត្រីការបរទេសរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖
«បណ្ដាប្រទេសក្នុងតំបន់មេគង្គមានការតោងដឹងក្នុងស្មារតីថា វេទិកាមេគង្គមិនគួរត្រូវបានប្រឡូកក្នុងនយោបាយ ឬក៏មិនគួរក្លាយជាសង្វៀនហែកហួរបំបែកបំបាក់គ្នាប្រឆាំងចិន ប្រឆាំងសហរដ្ឋអាមេរិក ប្រឆាំងជប៉ុន ប្រឆាំងកូរ៉េ ឬប្រឆាំងឥណ្ឌានោះឡើយ»។
យ៉ាងណាក្ដី លោកភារធារី Michael Newbill នៃស្ថានទូតអាមេរិក បានលើកឡើងថាការចូលរួមរបស់សហរដ្ឋអាមេរិកនៅតំបន់អាងទន្លេមេគង្គ មានក្ដីប្រាថ្នាផ្ដល់ជាការផ្ដល់អត្ថប្រយោជន៍បំពេញឱ្យគ្នាជាមួយនឹងយន្តការថ្នាក់តំបន់ផ្សេងៗទៀត ដើម្បីជួយដល់និរន្តរភាពនៃអាងទន្លេមួយនេះ៕