យោធាសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានផ្សព្វផ្សាយវីដេអូឃ្លីបមួយ ស្តីពីការស្ទាក់ចាប់របស់យន្តហោះយោធារុស្ស៊ី ដែលធ្វើឱ្យយន្តហោះឈ្លបការណ៍ដ្រូនគ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿងធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអង្គារកន្លងទៅ។
វីដេអូនេះបានបង្ហាញថា យន្តហោះរុស្ស៊ីមួយគ្រឿងម៉ាក Sukhoi Su-27 បានបង្ហូរប្រេងទៅលើយន្តហោះដ្រូនអាមេរិកម៉ាក MQ-9 ពីផ្នែកខាងក្រោយ ហើយក៏បានហោះពីលើបង្ហួសទៅផ្នែកខាងមុខ។
នៅពេលនោះក៏មានយន្តហោះរុស្ស៊ីមួយគ្រឿងទៀតម៉ាកដូចគ្នាក៏បានមកដល់ តែរូបភាពវីដេអូមិនបានឃើញទេនៅពេលនោះ ប៉ុន្តែយោធាអាមេរិកថា យន្តហោះចម្បាំងរុស្ស៊ីទី២នេះ បានបុកជាមួយនឹងដ្រូនរបស់អាមេរិក។
រូបភាពចុងក្រោយពីវីដេអូ ដែលគេឃើញឡើងវិញបង្ហាញថា ស្លាបកង្ហារម្ខាងរបស់យន្តហោះដ្រូនអាមេរិកនោះ កំពិតវៀចមួយចំហៀង។
វីដេអូនេះត្រូវបានចេញផ្សាយមួយថ្ងៃក្រោយ ក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយជាមួយសមភាគីលោក គឺរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីអំពីការប៉ះទង្គិចគ្នានោះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយប្រកាសថា លោកទើបតែបញ្ចប់ការនិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកSergei Shoigu ថា៖ «សហរដ្ឋអាមេរិកនឹងបន្តការហោះហើរនិងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយនេះក៏ជាការទទួលខុសត្រូវផងដែររបស់រុស្ស៊ី ដើម្បីធ្វើប្រតិបត្តិការហោះហើរយន្តហោះយោធារបស់ខ្លួន ក្នុងលក្ខណៈមានសុវត្ថិភាពនិងប្រកបដោយវិជ្ជាជីវៈមួយ»។
ក្រុមមន្ត្រីអាមេរិកនិយាយថា នេះជាការនិយាយតាមទូរស័ព្ទរវាងមេដឹកនាំការពារជាតិនៃប្រទេសទាំង២ ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក៕