ការចរចាកំពូលលើកទី ១ របស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន បានចាប់ផ្តើមដោយមានភាពរកាំរកូសគ្នាយ៉ាងខ្លាំង កាលពីថ្ងៃព្រហស្បតិ៍។
ភាគីទាំងពីរបានស្តីបន្ទោសគ្នាយ៉ាងខ្លាំងដាក់គ្នាទៅវិញទៅមក ទាក់ទងនឹងគោលនយោបាយរបស់ខ្លួន នៅក្នុងការបង្ហាញជាសាធារណៈដ៏កម្រមួយ ដែលបានបញ្ជាក់ពីកម្រិតនៃភាពតានតឹងខ្លាំងរវាងប្រទេសមហាអំណាចទាំងពីរ។
ជំនួបនៅក្នុងទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង ក្រោយដំណើរទស្សនកិច្ចដោយមន្ត្រីអាមេរិកទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្ត ដូចជាជប៉ុន និងកូរ៉េខាងត្បូង។ នៅក្នុងដំណើរទស្សនកិច្ចនោះ មន្ត្រីរបស់រដ្ឋាភិបាលអាមេរិកបានកត់សម្គាល់ចំណាត់ការយ៉ាងជ្រួលច្រាលរបស់ខ្លួន ដែលបានបង្ហាញពីការប្រកាន់ជំហរតឹងតែងជាមួយប្រទេសចិន ខណៈរដ្ឋាភិបាលចិនក៏បានថ្លែងតបដោយមិនលាក់លៀមដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់សមភាគីចិនរបស់លោ កក្នុងការឆ្លើយឆ្លងដ៏តានតឹងនិងដ៏កម្រនៅមុខអ្នកសារព័ត៌មានថា៖ «យើងនឹងពិភាក្សាពីការព្រួយកង្វល់យ៉ាងខ្លាំងរបស់យើង ពីចំណាត់ការរបស់ចិន រួមទាំងនៅក្នុងតំបន់ Xinjiang ក្រុងហុងកុង កោះតៃវ៉ាន់ ការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រលើសហរដ្ឋអាមេរិក ការបង្ខំខាងសេដ្ឋកិច្ចលើសម្ព័ន្ធមិត្តរបស់យើង»។
លោក Blinken បាននិយាយទៀតថា៖ «ចំណាត់ការនីមួយៗសុទ្ធតែគំរាមកំហែងដល់រចនាសម្ព័ន្ធផ្អែកលើច្បាប់ដែលរក្សាស្ថិរភាពសកលលោក»។
ចំណែកអ្នកការទូតកំពូលចិនលោក Yang Jiechi បានឆ្លើយតបវិញ ដោយអានសុន្ទរកថាជាភាសាចិនចំនួន ១៥ នាទី ខណៈដែលភាគីអាមេរិករង់ចាំការបកប្រែ ដោយលោកបានរិះគន់ចំពោះអ្វីដែលលោកបានហៅថា ជាលទ្ធិប្រជាធិបតេយ្យដ៏ត្រដាបត្រដួសរបស់សហរដ្ឋអាមេរិក ការមិនយកចិត្តទុកដាក់លើជនជាតិភាគតិច។ លោក Yang Jiechi ក៏បានរិះគន់គោលនយោបាយការបរទេសនិងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកផងដែរ។
លោក Yang ថ្លែងថា៖ «សហរដ្ឋអាមេរិកបានប្រើកម្លាំងយោធានិងឧត្តមភាពហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីគាបសង្កត់ប្រទេសផ្សេងៗទៀត។
លោកបាននិយាយទៀតថា៖ «[អាមេរិក]បានរំលោភអ្វីដែលខ្លួនហៅថាសន្តិសុខជាតិ ដើម្បីរារាំងការផ្លាស់ប្តូរពាណិជ្ជកម្មធម្មតា ហើយញុះញង់ប្រទេសខ្លះឲ្យវាយប្រហារចិន»៕