ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ជំរុញ​​ឱ្យ​ចិន​បញ្ចុះបញ្ចូល​កូរ៉េ​ខាង​ជើង​ឱ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) ប្រធានាធិបតី​កូរ៉េខាងត្បូងលោក Moon Jae-in និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Lloyd Austin ថត​​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២១ នៅ​សេអ៊ូល។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) ប្រធានាធិបតី​កូរ៉េខាងត្បូងលោក Moon Jae-in និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Lloyd Austin ថត​​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២១ នៅ​សេអ៊ូល។

អ្នក​ការទូត​កំពូល​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ដាក់​គំនាប​លើ​ប្រទេស​ចិន​ឲ្យ​ប្រើ «ឥទ្ធិពល​ដ៏​សម្បើម» របស់​ខ្លួន​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​និយាយ​ថា ខ្លួន​នឹង​មិន​អើពើ​ចំពោះ​ការ​ស្នើ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បន្ត​ការ​ចរចា។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ថ្លែង​នៅ​ចុងបញ្ចប់​នៃកិច្ច​ប្រជុំ​សន្តិសុខ​កម្រិត​ខ្ពស់មួយនៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ចូល​រួម​ដោយលោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស Lloyd Austin ​និង​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង។

ជំនួប​ដែល​មាន​ឈ្មោះ​ថា «២​បូក​និង​២» នេះ​ជា​ជំនួប​លើក​ទី១​នៅ​ក្នុង​រយៈពេល​៥ឆ្នាំ ហើយ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី Joe Biden កំពុង​ជំរុញ​ឲ្យ​ស្តារ​ឡើង​វិញ​នូវ​សម្ព័ន្ធភាព​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ដើម្បី​ប្រឈមនឹង​ការ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ពី​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង។

លោក​ Blinken បាន​ប្រាប់​សន្និសីទ​កាសែត​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ផលប្រយោជន៍​ផ្ទាល់ខ្លួនយ៉ាងច្បាស់​ក្នុងការ​ជួយធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ ពីព្រោះ​វា​ជា​ប្រភព​នៃ​ស្ថិរភាព។ វា​ជា​ប្រភព​នៃ​ភាពគ្រោះថ្នាក់​និង​ការគំរាម​កំហែង​ពិត​ប្រាកដ​ដល់​យើង​និង​ដៃគូ​របស់​យើង»។

លោក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង «មាន​តួនាទី​ដ៏​សំខាន់» ដើម្បី​បញ្ចុះបញ្ចូល​កូរ៉េ​ខាង​ជើង​ឱ្យ​បោះបង់អាវុធ​នុយក្លេអ៊ែរ ពីព្រោះ​តែភាគ​ច្រើន​នៃពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​កូរ៉េ​ខាង​ជើង​ធ្វើ​ឡើង​តាម​រយៈ​ចិន។ លោក Blinken សង្កត់​ទៀត​ថា ចិន​ត្រូវ​បាន​តម្រូវ​ដោយសេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​ការ​ដាក់​ទណ្ឌកម្មលើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង​ដែល​ត្រូវ​ហាមឃាត់។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក Cho Son Hui អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ទី១​របស់​កូរ៉េ​ខាង​ជើង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ព្យាយាមទាក់ទង​មក​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​តាម​បណ្តាញ​ជា​ច្រើន ប៉ុន្តែ​ថាការ​ព្យាយាម​ទាក់ទង​នេះ​គ្រាន់​ជា​«ល្បិច​ពន្យារ​ពេល»​របស់​អាមេរិក​ដរាប​ណា​ក្រុង​វ៉ាស៊ីនតោន​មិន​បញ្ឈប់​អរិភាព​ទេ​នោះ៕

XS
SM
MD
LG