ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃពុធម្សិលមិញ បានថ្លែងសុន្ទករថានៅចំពោះមុខសភាសហរដ្ឋអាមេរិកតាមប្រព័ន្ធវីដេអូដោយបានអរគុណដល់សហរដ្ឋអាមេរិកនិងលោកប្រធានាធិបតី Joe Biden ក្នុងការជួយឧបត្ថម្ភគាំទ្រដល់អ៊ុយក្រែនហើយបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងថែមទៀតទៅលើមន្ត្រីរុស្ស៊ីមួយចំនួននិងផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន។
សមាជិកសភាអាមេរិក បានអបអរសាទរមេដឹកនាំអ៊ុយក្រែនរូបនេះដែលបានថ្លែងសុន្ទករថាប្រកបដោយការរំជួលចិត្តយ៉ាងជ្រាលជ្រៅក្រោយរយៈពេល៣សប្តាហ៍នៃការតស៊ូប្រឆាំងនឹងការឈ្លាន ពានដែលគ្មានហេតុផលរបស់រុស្ស៊ី។
លោកZelenskyy ក៏បានបង្ហាញវីដេអូពីការបំផ្លាញទីក្រុងនានារបស់អ៊ុយក្រែនដោយកងកម្លាំងឈ្លានពានរុស្ស៊ីហើយបានរម្លឹកដល់សមាជិកសភាអាមេរិកាំងពីមូលហេតុនៃជម្លោះដែលបានកើតមានឡើងនោះ។
លោកZelenskyy បានថ្លែងថា «យើងធ្វើការប្រយុទ្ធដើម្បីតម្លៃនៃអឺរ៉ុបនិងពិភពលោកហើយការធ្វើពលីកម្មនៃជីវិតរបស់យើងគឺសម្រាប់អានាគត។ អាស្រ័យដូចនេះហើយ ការជួយរបស់ប្រជាពលរដ្ឋអាមេរិកាំងមិនមែនសម្រាប់តែអ៊ុយក្រែនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏សម្រាប់អឺរ៉ុបនិងពិភពលោកទាំងមូលផងដែរដើម្បីរក្សាទឹកដីនេះឲ្យនៅស្ថិតស្ថេគង់វង្សដើម្បីផ្តល់យុត្តិធម៌នៅក្នុងប្រវត្តិសាស្ត្រ»។
ប្រធានាធិបតីអ៊ុយក្រែនលោកZelenskyyជាថ្មីម្តងទៀត បានជំរុញឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ខណៈដែលប្រធានាធិបតីអាមេរិកលោក Biden បានច្រានចោលនូវសំណើរបស់ប្រធានាធិបតីអ៊ុយ ក្រែនដើម្បីបង្កើតនូវតំបន់ដែលគ្មានការហោះហើរលើអ៊ុយក្រែន ពីព្រោះ វាអាចនាំឲ្យមានការប្រ ឈមមុខដោយផ្ទាល់ជាមួយរុស្ស៊ីនោះ សមាជិកសភាអាមេរិកលើកឡើងថា មានជម្រើសផ្សេងទៀតក្រៅពីនឹងដែលអាមេរិកអាចធ្វើបាន។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោ Rob Portman បានថ្លែងថា «មានប្រព័ន្ធប្រឆាំង យន្តហោះ ប្រព័ន្ធប្រឆាំងកាំជ្រួចមីស៊ីលនៅក្នុងតំបន់ដែលមានប្រសិទ្ធភាព ដូចជា S-300 ជាដើម។ អ៊ុយក្រែន មានប្រព័ន្ធទាំងនោះរួចហើយ ហើយដឹងពីរបៀបប្រើប្រាស់វាផងដែរ។ គេត្រូវការអាវុធបន្ថែមដើម្បីប្រើប្រាស់ជាមួយប្រព័ន្ធរបស់គេនោះ។ និយាយម្យ៉ាងទៀតគឺថា គេត្រូវការកាំជ្រួចមី ស៊ីលបន្ថែម គ្រឿងសព្វាវុធបន្ថែមហើយគេត្រូវការគ្រប់យ៉ាងទាំងអស់។ ប៉ុន្តែនៅចំពោះមុខបន្ទាន់នេះអ្វីដែលយើងអាចធ្វើបានគឺត្រូវមានភាពឆ្នៃប្រឌិតនិងរកវិធីយ៉ាងណាដើម្បីបញ្ជូននូវអាវុធយុទ្ធ ភ័ណ្ឌទាំងនោះទៅឲ្យអ៊ុយក្រែន»។
សមាជិកសភាអាមេរិកក៏បានឆ្លើយតបដោយវិជ្ជមានផងដែរទៅនឹងសំណើរបស់លោកZelenskyy ដើម្បីបង្កើនការដាក់ទណ្ឌកម្មនិងហាមឃាត់ការនាំចូលទំនិញផ្សេងៗរបស់រុស្ស៊ី៕