ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​ប្រុស​លោក ខៀវ សំផន ទទូច​ឲ្យ​តុលា​ការ​ផ្តល់​យុត្តិធម៌​ដល់​ឪពុក ខណៈ​សវនាការ​បណ្តឹង​សាទុក្ខ​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ


រូប​ឯកសារ៖ លោក ខៀវ សំផន ប្រមុខរដ្ឋ​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ​ស្តាប់​ការប្រកាស​សាលក្រម​ក្នុង​សំណុំ​រឿង០០២/០២ ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នាព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូប​ឯកសារ៖ លោក ខៀវ សំផន ប្រមុខរដ្ឋ​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ​ស្តាប់​ការប្រកាស​សាលក្រម​ក្នុង​សំណុំ​រឿង០០២/០២ ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នាព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

មុន​ពេល​តុលាការ​បើក​សវនាការ​លើ​បណ្តឹង​ទាស់​ដែល​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ កូន​ប្រុស​របស់​លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទទូច​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​ផ្តល់​យុត្តិធម៌​ដល់​ឪពុក​របស់​លោក។

តុលា​ការ​ខ្មែរ​ក្រហម​គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​សាទុក្ខ​របស់​លោក ខៀវ សំផន ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត កាល​ពី​ឆ្នាំ​២០១៨ លើ​បទ​ចោទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទ​ល្មើស​ធ្ងន់​ធ្ងរ​ផ្សេងៗ​ទៀត។

កូន​ប្រុស​របស់​លោក ខៀវ សំផន គឺ​លោក ខៀវ ឧត្តម អាយុ​៤៧​ឆ្នាំ ដែល​កំពង់​រស់​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ប្រាប់​វីអូអេ​ថា​លោក​មិន​អាច​ចូល​រួម​សវនាការ​នៅ​សប្តាហ៍ក្រោយ​បាន​ទេ ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​ឪពុក ដែល​មាន​វ័យ​៩០​ឆ្នាំ​ហើយ និង​ដោះលែង​រូប​លោក​ឲ្យ​បាន​ជួប​ជុំ​គ្រួសារ មុន​ពេល​លោក​ស្លាប់។

លោក​ថ្លែង​ថា៖ «ចង់​ឲ្យ​តុលាការ​ធ្វើ​តាម​យុត្តិធម៌ កុំ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ឯង​គិត​ថា​ត្រូវ​តែ​មួយ​ចំហៀង...បើ​ថា​អាក្រក់​វា​លទ្ធផល​អាក្រក់ គឺ​វា​ចេញ​មក​អាក្រក់ មិន​ល្អ។ តែ​កន្លង​មក វា​ជិត​១០​ឆ្នាំ​ហើយ ធ្វើ​អី​នៅ​តែ​អញ្ចឹង។ គាត់​ចាស់ជិត​ស្លាប់​ទៅ​ហើយ អត់​ទាន់​មាន​ឃើញ​ស្អី»។

លោក​បន្ថែម​ថាលោក ខៀវ សំផន នៅ​មាន​កូន​៤​នាក់ ប្រុស​ពីរ​នាក់ និង​ស្រី​ពីរ​នាក់ ហើយ​លោក​ជា​កូន​ប្រុស​ច្បង ដែល​រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ​តំបន់​ផ្តាច់​ខ្លួន​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម។ លោក ខៀវ សំផន ក៏​នៅ​មាន​ភរិយា​រស់​រាន​មាន​ជីវិត​ផង​ដែរ។

រូប​ឯកសារ៖ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម លោក ខៀវ សំផន (ឆ្វេង)​ និង​ លោក នួន ជា។
រូប​ឯកសារ៖ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម លោក ខៀវ សំផន (ឆ្វេង)​ និង​ លោក នួន ជា។

នៅ​មុន​ពេល​តុលាការ​បើក​សវនាការ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា លោក ខៀវ ឧត្តម ដែល​ជា​អ្នក​ចម្ការ​ម្នាក់ និង​មាន​មុខ​របរ​លក់​សាំង​នៅ​ក្នុង​ទី​រួម​ស្រុក​អន្លង់​វែង​ផង​ដែរ ក៏​បាន​ផ្តាំ​ផ្ញើ​ទៅ​ក្មេង​ៗ​ជំនាន់​ក្រោយ ឲ្យ​វិភាគ​មុន​នឹង​យល់​ថា​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ។

លោក​បន្ថែម​ថា៖ «ហ្នឹង​ហើយ​ខ្ញុំ​គ្រាន់​តែ​សំណូម​ពរ​ក្មេងៗ​ជំនាន់​ក្រោយ​រៀន​សូត្រ​ចេះ​ដឹង យើង​ទាល់​តែ​ស្រាវ​ជ្រាវ​រៀន​សូត្រ​បន្តិច កុំ​ជឿ​ថា​ប្រទេស​ជាតិ​យើង​វា​ម៉េច ពី​មុន ឥឡូវ។ ក្មេងៗ​ចេះ​ដឹង​ឥឡូវ តែង​តែ​ជឿ អត់​វិភាគ​ទេ។ ជា​ពិសេស​គេ​និយាយ​រឿង​អាក្រក់ ខ្មែរ​គ្នា​ឯង​យើង​ហ្នឹង។ ឲ្យ​តែ​ខ្មែរ​គ្នា​ឯង​ថា​អាក្រក់​ហ្នឹង គឺ​អាក្រក់​ហើយ អត់​គិត​ថា​ទោះ​បីយ៉ាង​ម៉េច ក៏​ជា​ខ្មែរ ជា​ជាតិ​សាសន៍​ខ្មែរ ឈាម​ជ័រ​ជា​ខ្មែរ ស្រឡាញ់​ខ្មែរ»។

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំនួន​៤​នាក់ ដែល​ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រហម​នាំ​មក​កាត់​ទោស ប៉ុន្តែ​៣​នាក់​បាន​ស្លាប់ រួម​ទាំង​បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម គឺ​លោក​ នួន​ ជា ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ប៉ុន្តែ​លោក​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៩។

អ្នក​រស់​រាន​ពី​របប​ខ្មែរ​ក្រហម​ម្នាក់ គឺ​លោក យន់ ប៊ីន អាយុ​៦៦​ឆ្នាំ រស់​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ និង​បាន​រួច​ផុត​ពីយក​ទៅ​វាយ​សម្លាប់​ក្នុង​រណ្តៅ បាន​ថ្លែង​ថា​លោក​ចង់​ចូល​រួម​ស្តាប់​ការ​បក​ស្រាយ​របស់​លោក ខៀវ សំផន ខណៈ​លោក​ចង់​ឲ្យ​តុលាការ​បន្ត​រក្សា​បទ​ចោទ​លើ​លោក ខៀវ សំផន និង​កាត់​ទោស​ដាក់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ដដែល។

លោក​បញ្ជាក់​ថា៖ «ទោស​ទណ្ឌ​ទាំង​អស់ គេ​មើល​ឃើញ​តាំង​ពី​សម្លាប់ ទាំង​ពី​ការ​ដែល​បង្ខំ ទាំង​ពី​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ប្រជាជន ទាំង​ពី​បង្អត់​អាហារ បង្អត់​អី។ កុំ​ថា​វា​មិន​ដឹង វា​ដឹង​ហើយ។ និយាយ​ឲ្យ​ចំ​ទៅ ហ្នឹង​វា​ក្រឡិច​ក្រឡុច​អញ្ចឹង វា​ចេះ​តែ​ពន្យារ​ទៅ»។

រូប​ឯកសារ៖ សិស្ស​ម្នាក់​មើល​រូបថត​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ មុន​ចូលរួម​ស្តាប់​សវនាការ​នៅ​តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ឯ​ជាយ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១១។
រូប​ឯកសារ៖ សិស្ស​ម្នាក់​មើល​រូបថត​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ មុន​ចូលរួម​ស្តាប់​សវនាការ​នៅ​តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ឯ​ជាយ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១១។

រូប​ឯកសារ៖ លោក សួង ស៊ីគឿន អតីត​មន្រ្តី​ជាន់ខ្ពស់​ម្នាក់​ក្នុង​របបខ្មែរក្រហម ធ្វើ​ជា​អ្នកបកប្រែ​ឲ្យ​លោក ខៀវ សំផន នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ឡាវ លោក Souphanouvong កាល​ពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៧០។ (រូបថតផ្តល់ដោយលោក សួង ស៊ីគឿន)
រូប​ឯកសារ៖ លោក សួង ស៊ីគឿន អតីត​មន្រ្តី​ជាន់ខ្ពស់​ម្នាក់​ក្នុង​របបខ្មែរក្រហម ធ្វើ​ជា​អ្នកបកប្រែ​ឲ្យ​លោក ខៀវ សំផន នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ឡាវ លោក Souphanouvong កាល​ពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៧០។ (រូបថតផ្តល់ដោយលោក សួង ស៊ីគឿន)

លោក ខៀវ សំផន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អនុស​ញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩(ស្តីពី​ឧក្រិដ្ឋកម្ម​សង្រ្គាម) និង​អំពើ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជន​ជាតិ​ចាម និង​ជនជាតិ​វៀត​ណាម។ បទ​ចោទ​ប្រកាន់​ផ្សេង​ទៀត មាន​ដូច​ជា​ការ​ផ្លាស់​ទី​លំនៅ​ប្រជា​ជន​ដោយ​បង្ខំ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ ការ​សម្លាប់​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ ការ​រំលោភ​សេព​សន្ថវៈ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង មន្ទីរ​សន្តិ​សុខ​ស២១ ក្រាំង​តា​ចាន់ អូរ​កន្សែង និង​ភ្នំក្រោល ការ​ដ្ឋាន​ទំនប់​១​មករា ការ​ដ្ឋាន​សាង​សង់​ព្រលាន​យន្ត​ហោះ​កំពង់​ឆ្នាំង និង​ការ​ដ្ឋាន​លើក​ទំនប់​ត្រពាំង​ថ្ម​ជា​ដើម។

ក្រៅ​ពី​ស្នើ​សុំ​ឲ្យ​តុលាការ​មោឃ​ភាព​សាល​ក្រម និង​ការ​ចោទ​ប្រកាន់​នានា លោក ខៀវ សំផន ក៏​បាន​ស្នើ​ឲ្យ​តុលា​ការ​កែ​ប្រែ​ការ​ផ្តន្ទា​ទោស​មួយ​ជីវិត មក​ជា​ការ​ដាក់​ពន្ធនាគារ​ក្នុង​ពេល​កំណត់​ណា​មួយ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​តុលាការ​ខ្មែរ​ក្រហម។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម បាន​ថ្លែង​ថា​ក្រោយ​ពី​ការ​សាក​សួរ​ដេញ​ដោល តុលាការ​នឹង​ទុក​ឱកាស​សម្រាប់​លោក ខៀវ សំផន ថ្លែង​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​ដោយ​ផ្ទាល់។

ទាំង​លោក នេត្រ ភក្រ្តា និងកូន​ប្រុស​របស់​លោក ខៀវ សំផន បាន​ឲ្យ​ដឹង​ថា​លោក ខៀវ សំផន មាន​សុខភាព​ល្អ​ធម្មតា និង​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​រួច​ហើយ។

បើ​តាម​អ្នក​នាំពាក្យ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម អង្គ​ជំនុំ​ជម្រះក៏​បាន​ត្រៀម​ថ្ងៃ​បម្រុង​ទុក​សម្រាប់​សវនា​ការ​បន្ថែម​ក្នុង​ករណី​ចាំបាច់ គឺ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១។ បន្ទាប់​ពី​បញ្ចប់​ការ​សួរ​ដេញដោល​សំណុំ​រឿង​បណ្តឹង​សាទុក្ខ​នេះ តុលា​ការ​អាច​នឹង​ប្រកាស​សាលា​ដីកា​ស្ថាពរ​នៅ​នៅ​ចុង​ឆ្នាំ​២០២២។

អ្នក​នាំពាក្យ​បន្ថែម​ថា​បន្ទាប់​ពី​បញ្ចប់​សំណុំ​រឿង​របស់​លោក ខៀវ សំផន ក៏​នៅ​មាន​សំណុំ​រឿង​សេស​សល់ ក្នុង​នោះ​មាន​សំណុំ​រឿង​របស់​លោក យឹម ទិត្យ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម និង​លោក មាស មុត អតីត​មេ​បញ្ជា​ការ​កងទ័ព​ជើង​ទឹក​របស់​របប​ខ្មែរ​ក្រហម និង​ការងារ​រក្សា​ទុក​កេរ​ដំណែល​របស់​តុលាការ ដូច​ជា​ការ​រក្សា​ទុក​ឯក​សារ​ផ្សេងៗ។

គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ តុលាការ​ខ្មែរ​ក្រហម​កូន​កាត់​មួយ​នេះ បាន​ចំណាយ​ប្រាក់​ប្រមាណ​៣៣០​លាន​ដុល្លារ​អាមេរិក ចាប់​តាំង​ពី​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម៕

XS
SM
MD
LG