សារអេឡិចត្រូនិចរបស់បណ្តាមេដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងដំណាក់កាលដំបូងនៃដំណើរការជ្រើសរើសបេក្ខជនប្រធានាធិបតីអាមេរិកហាក់ដូចជាបង្ហាញថា សមាជិកនៃគណបក្សនេះចំអកនិងរិះគន់លោក Bernie Sandersសមាជិកព្រឹទ្ធសភារដ្ឋ Vermont ខណៈដែលពួកគេអះអាងថា ខ្លួនមានអព្យាក្រឹត្យចំពោះការប្រជែងគ្នារវាងលោក Sanders និងលោកស្រី Hillary Clinton។ នេះបើយោងតាមព័ត៌មានដែលបានបែកធ្លាយជាសាធារណៈតាមរយៈគេហទំព័រ WikiLeaks។
សារអេឡិចត្រូនិចជិត២ម៉ឺនច្បាប់ ដែលត្រូវបានចម្លងចេញពីគណនីសារអេឡិចត្រូនិចរបស់សមាជិកគណកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យចំនួន៧នាក់ ចាប់ពីខែមករាឆ្នាំ២០១៥ដល់ខែឧសភាឆ្នាំនេះ មុនពេលដែលលោកស្រី Clinton ទទួលជ័យជម្នះលើលោក Sanders ជាផ្លូវការ។
គេហទំព័រ WikiLeaks បានចេញផ្សាយទិន្នន័យនេះដោយមិនបានបញ្ជាក់ប្រភពនោះទេ ប៉ុន្តែរយៈពេល១៧ខែនោះ បានបញ្ចប់មុនពេលដែលហេតុការណ៍លួចចូលមើលទិន្នន័យក្នុងកុំព្យូទ័រកាលពីខែមិថុនានៅឯសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ។
មន្ត្រីគណបក្សប្រជាធិបតេយ្យបាននិយាយថា នៅពេលនោះអ្នកលួចចូលមើលទិន្នន័យដែលមានមូលដ្ឋាននៅប្រទេសរុស្សីបានទទួលខុសត្រូវលើហេតុការណ៍នោះ។ គណៈកម្មាធិការគណបក្សប្រជាធិបតេយ្យមិនទាន់បញ្ជាក់អំពីសារអេឡិចត្រូវនិចដែលគេហទំព័រ WikiLeaks បានបញ្ចេញនៅឡើយទេ ហើយក៏មិនបាននិយាយបដិសេធនោះដែរ។
លោក Jeff Weaver ប្រធានគ្រប់គ្រងយុទ្ធនាការឃោសនារបស់លោក Sander បាននិយាយនៅក្នុងសារអេឡិចត្រូនិចមួយដោយបញ្ជាក់ថា «អ្វីដែលពួកយើងបានរួចមក ហើយគឺថា សមាជិករបស់សន្និបាតជាតិគណបក្សប្រជាធិបតេយ្យ បានជួយយ៉ាងសកម្មដល់លោកស្រី Clinton និងព្យាយាមធ្វើឲ្យយុទ្ធនាការឃោសនារបស់លោក Bernie Sanders បរាជ័យ។» លោក Weaver បានប្រាប់ដល់អ្នកកាសែតថា ការបែកធ្លាយសារអេឡិចត្រូនិចនេះ អាចនឹងប៉ះពាល់ដល់ការរួបរួមគ្នារបស់គណបក្សប្រជាធិបតេយ្យ ក្នុងអំឡុងពេលសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ ដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទស្អែកនេះ ក្នុងទីក្រុង Philadelphia៕