ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការជ្រើស​យក​បេក្ខជន​អនុប្រធានាធិបតី​របស់​លោកស្រី Clinton ធ្វើ​ឲ្យ​អ្នកខ្លះ​រំភើប​រីករាយ ហើយ​អ្នកខ្លះ​ទៀត​ខឹង​សម្បារ​


លោកស្រី Hillary Clinton កំពុងមានប្រសាសន៍នៅឯក្រុង Las Vegas កាលពីថ្ងៃអង្គារ ទី១៩ កក្កដា ឆ្នាំ២០១៦។
លោកស្រី Hillary Clinton កំពុងមានប្រសាសន៍នៅឯក្រុង Las Vegas កាលពីថ្ងៃអង្គារ ទី១៩ កក្កដា ឆ្នាំ២០១៦។

លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ដែល​គេ​សន្មត​ថា​ទទួល​បាន​ការ តែងតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ជ្រើសរើស​យក​សមាជិក​សភា​ម្នាក់​ឲ្យ​ធ្វើ​ជា​ដៃ​គូ​ឈរឈ្មោះ​ជាមួយ​គ្នា​ជា​អនុប្រធានាធិបតី​។ នោះ​គឺ​លោក Tim Kaine អតីត​អភិបាល​រដ្ឋ Virginia។

លោក Tim Kaine បាន​ពិពណ៌នា​ខ្លួន​ឯង​ជា​មនុស្ស​ម្នាក់​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ហើយ​លោកស្រី Clinton និយាយ​ថា លោកស្រី​មិន​មាន​បញ្ហា​ជាមួយ​នឹង​ចំណុច​នេះ​នោះ​ទេ។ ​

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​បាន​សង្ឃឹម​ថា លោកស្រី​នឹង​ជ្រើសរើស​យក​នរណា​ដែល​គាំទ្រ​នយោបាយ​កែទម្រង់​ជាង​នេះ ដែល​នឹង​អាច​អំពាវនាវ​ឲ្យ​ដល់​អ្នកគាំទ្រ​លោក Bernie Sanders បាន។

លោក Kaine ដែល​ចេះ​និយាយ​ភាសា​អេស្ប៉ាញ​បាន​យ៉ាង​ស្ទាត់​ជំនាញ បាន​ឈប់​សិក្សា​រយៈពេល​មួយ​ឆ្នាំ​ពី​សាកលវិទ្យាល័យ Harvard ដើម្បី​ទៅ​បំពេញ​បេសកកម្ម​ការងារ​របស់​លោក​នៅ​ក្នុង​ប្រទេស ហុងឌូរ៉ាស។

លោក Ben Monterroso នាយក​ប្រតិបត្តិ​នៃ Mi Familia Vota បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «លោកស្រី Clinton បាន​ជ្រើសរើស​ដៃ​គូ​ឈរ​ឈ្មោះ​ម្នាក់​ដែល​មាន​ប្រវត្តិ​តស៊ូមតិ​និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់​សហគមន៍​ពួកឡាទីន​និង​ប្រទេស​របស់​យើង ដូចជា បញ្ហា​អន្តោប្រវេសន៍ សុខាភិបាល សិទ្ធិ​ស្រ្តី និង​បរិស្ថាន​ជាដើម។ ​

លោក Tom Wolf ដែល​ជា​មិត្តភក្តិ​រយៈពេល​យូរ​និង​ជា​អតីត​ដៃ​គូ​ផ្នែក​ច្បាប់​បាន​និយាយ​ថា «ចំណុច​ដ៏​អស្ចារ្យ​មួយ​របស់​លោក ​Tim គឺ​ថា លោក​មិន​ត្រូវ​ការ​តួនាទី​របស់​នរណា​ម្នាក់​នោះ​ទេ។ អ្នកអាច​អង្គុយ​នៅ​ជិត​គាត់​ពេល​ជិះ​លើ​យន្តហោះ​ធ្វើ​ដំណើរ​ ហើយ​គាត់​នឹង​មិន​ប្រាប់​អ្នក​ថា គាត់​ជា​អភិបាល​រដ្ឋ Virginia ឬ​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នោះ​ឡើយ។ ​

ក៏​ប៉ុន្តែ​មិនមែន​គ្រប់គ្នា​ពេញចិត្ត​នឹង​ជម្រើស​របស់​លោកស្រី Clinton នោះ​ទេ។
លោកស្រី Angie Morelli ប្រតិភូ​របស់​លោក Sanders មក​ពី​រដ្ឋ Nevada បាន​មាន​ប្រសាសន៍​ថា ការជ្រើស​យក​លោក Kaine គឺ​ជា​ជម្រើស​ដ៏​អាក្រក់​មួយ។ លោកស្រី Morelli បាន​លើកឡើង​ថា ការជ្រើសរើស​យក​លោក Kaineរបស់​លោក​ស្រី Clinton គឺ​ដើម្បី​បំពេញ​បំណង​របស់​អ្នកបោះឆ្នោត​ជា​អ្នក​អភិរក្ស​និយម ជាជាង​ពួក​អ្នកគាំទ្រការធ្វើ​កំណែ​ទម្រង់​នយោបាយ​ដែល​គាំទ្រ​លោក Sanders។

សកម្មជន​មួយ​ចំនួន​និយាយ​ថា ជម្រើស​របស់​លោកស្រី Clinton អាច​ធ្វើ​ឲ្យ​បាត់បង់​អ្នកគាំទ្រ​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ដោយសារ​តែការប្រកាន់​ខ្ជាប់​គម្រោង​និរទេស​ខ្លួន​របស់​លោក Kaine ខណៈ​ពេល​ដែល​លោក​ធ្វើ​ជា​អភិបាល​ទីក្រុង Richmond នោះ៕

XS
SM
MD
LG