ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជនប្រធានាធិបតីនាំ​មុខ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ប៉ះទង្គិច​គ្នាក្នុង​ការជជែក​ដេញដោល​លើក​ទី​៣


បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ២០១៩ នៅ​ក្នុង​កម្មវិធីទូរទស្សន៍​ ABC ក្នុង​ការ​ជជែក​ដេញ​ដោលគ្នា​លើក​ទី៣ នៅ​ទីក្រុង​ Houston​ រដ្ឋ​តិចសាស់។
បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ២០១៩ នៅ​ក្នុង​កម្មវិធីទូរទស្សន៍​ ABC ក្នុង​ការ​ជជែក​ដេញ​ដោលគ្នា​លើក​ទី៣ នៅ​ទីក្រុង​ Houston​ រដ្ឋ​តិចសាស់។

បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ការ​ជជែក​ដេញ​ដោល គ្នា​លើក​ទី៣ កាល​ពី​យប់​ថ្ងៃ​ព្រហស្សតិ៍ នៅ​ទីក្រុង​ Houston​ រដ្ឋ​តិចសាស់។

ក្នុង​ការជជែក​ដេញ​ដោល​នោះ ​បេក្ខជន​ទាំង​១០​នាក់​ដែល​កំពុង​ប្រជែង​គ្នា​ដើម្បី​ទទួល​បាន​ការ​តែង​តាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ ​ជា​បេក្ខជន​តទល់​ជាមួយ​លោក​ប្រធានាធិបតី​ ត្រាំ នៅ​ឆ្នាំ​ក្រោយ​នោះ ​បាន​ប៉ះ​ទង្គិច​គ្នា​លើ​រឿង​មួយ​ចំនួន​ដែល​មាន​រួម​បញ្ហា​ថែទាំ​សុខភាព អន្តោប្រវេសន៍​ និង ​គោល​នយោបាយ​ការ​បរទេស។ ​

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​បេក្ខជន​ប្រធានាធិបតី​ទាំង​អស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ស្ថិតនៅ​លើ​ឆាកជាមួយ​គ្នា​ក្នុង​ការ​ជជែក​ដេញ​ដោល​ ដែល​ផ្សាយ​ដោយ​ស្ថានីយ​ទូរទស្សន៍​ ABC។ ពួក​គេ​ដេញ​ដោល​គ្នា​ភ្លាមៗ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល។

អ្នក​នាំ​មុខ​គេ​បច្ចុប្បន្ន ​គឺ​អតីត​អនុ​ប្រធានាធិបតី ​Joe Biden​ បាន​ការពារ​ផែន​ការ​របស់​លោក​ក្នុង​ពង្រីក​កម្មវិធី​ថែ​ទាំ​សុខភាព ហើយ​ជំរុញ​ឲ្យ​គូ​ប្រជែង​របស់​លោក​ខ្លះ​ដែល​ប្រកាន់​ជំហរ​សេរី​និយម ​ជជែក​ការពារ​ផែនការ​របស់​ពួក​គេ។

«តើ​អ្នក​នឹង​រក​លុយ​ពី​ណា​មក​ចាយ​វាយ​ក្នុង​ផែនការ​របស់​អ្នក? ខ្ញុំ​ចង់​ដឹង​ថា​តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា»។

ការ​រិះ​គន់​របស់​លោក ​Biden​ គឺ​សំដៅ​ទៅ​សមាជិកា​ព្រឹទ្ធសភា នៃ​រដ្ឋ Massachusetts​ គឺ​លោក​ស្រី ​Elizabeth Warren​ និង​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Vermont ​គឺ​លោក ​Bernie Sanders​ ដែល​គាំទ្រ​ផែនការ​ថែទាំ​សុខភាព​មួយ​យ៉ាង​ធំ​ទូលំ​ទូលាយ​ជាង​ ដែល​រដ្ឋាភិបាល​ចាត់​ចែង។

លោក​ស្រី ​Warren ឆ្លើយ​ថា៖ «តើ​យើង​នឹង​រក​លុយ​ពី​ណា​មក? យើង​នឹង​យក​លុយ​ពី​ពួក​អ្នក​មាន​បំផុត​ និង ​ពីក្រុម​ហ៊ុន​ធំៗ​បំផុត។ ពួក​គេ​នឹង​ត្រូវ​បង់​ពន្ធ​ថែម​ទៀត»។

«ការ​សិក្សាស្រាវជ្រាវទាំង​អស់​កន្លង​មក បង្ហាញ​ថា «កម្មវិធីថែទាំ​សុខភាព​មនុស្ស​ចាស់ Medicare សម្រាប់​មនុស្ស​ទាំង​អស់ ជា​វិធានការណ៍​មាន​ប្រសិទ្ធិភាព​ជាទី​បំផុត ដើម្បី​ផ្តល់​សេវា​សុខភាព ជូន​បុរស​ ស្រ្តី និង កុមារ​គ្រប់រូប ក្នុង​ប្រទេស​នេះ»។

បេក្ខជន​ឯទៀត​នៅ​លើ​ឆាក​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ថា ​គណបក្ស​ប្រជាធិបតេយ្យ​រវល់​តែ​ទាស់​ទែងគ្នា​ពេក ​ហើយ​មិន​បាន​ផ្តោត​ទៅ​លើ​ការ​រិះ​គន់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

លោក​ស្រី Kamala Harris សមាជិកា​ព្រឹទ្ធសភា​នៃ​រដ្ឋ ​California​ ក្នុង​ការ​ជជែក​ដេញ​ដោល​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ២០១៩។
លោក​ស្រី Kamala Harris សមាជិកា​ព្រឹទ្ធសភា​នៃ​រដ្ឋ ​California​ ក្នុង​ការ​ជជែក​ដេញ​ដោល​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ២០១៩។


សមាជិកា​ព្រឹទ្ធសភា​ Kamala Harris ​នៃ​រដ្ឋ ​California​ ថ្លែង​ថា៖ «ប៉ុន្តែ​យើង​ត្រូវ​ផ្តោត​ទៅ​លើ​គោល​ដៅ​ចំបង។ បើ​សិន​ជា​យើង​មិន​បណ្តេញ​លោក​ ដូណាល់​ ត្រាំ ចេញ​ពី​តំណែង​ទេ លោក​នឹង​លុប​ចោល​ផែន​ការ​ថែ​ទាំ​សុខភាព​ទាំង​អស់‍»។

ក្នុង​រឿង​គោល​នយោបាយ​ការ​បរទេស​ បេក្ខជន​មួយ​ចំនួន​រួម​មានលោក​ស្រី Elizabeth Warren ​បាន​សន្យា​ថា​នឹង​ដក​ទ័ព​ស.រ.អា.​ចេញ​ពី​ប្រទេស អាហ្វហ្គានីស្ថាន​ បើ​សិន​ជា​ខ្លួន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។

លោក​ស្រី Warren ​ថ្លែង​ថា៖ «យើង​មិន​អាច​សុំ​ឲ្យ​កង​យោធា​របស់​យើង​បន្ត​ដោះ​ស្រាយ​បញ្ហា​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​តាម​ការ​ប្រើ​កង​កម្លាំង​យោធា​នោះ​ទេ។ យើង​មិន​អាច​ទម្លាក់​គ្រាប់​បែក ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នោះ​ទេ‍»។

លោក ​Joe Biden ​ក៏​មាន​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ដែរ ដោយ​លោក​ថ្លែង​ថា៖ «រឿង​ទាំង​ពីរ​មិន​អាច​ដាក់​បញ្ចូល​គ្នា​ទេ។​ ខ្ញុំ​សុំ​និយាយ​ម្តង​ទៀត។ យើង​នឹង​មិន​ដាក់​រឿង​ទាំង​ពី​រនោះ​បញ្ចូល​គ្នា​ទេ‍»។

ការ​ជជែក​ដេញ​ដោល​គ្នា​កាល​ពី​យប់​ថ្ងៃ​ព្រហស្សតិ៍​នេះ មាន​ពេល​ខ្លះ​មាន​សភាព​តាន​តឹង។

មាន​ការ​ប៉ះ​ទង្គិច​គ្នា​ម្តង​រវាង​អភិបាល​ក្រុង​ South Bend ​រដ្ឋ​ Indiana ​គឺ​លោក​ Pete Buttigieg ​និង​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ផ្ទះ​សម្បែង​និង​អភិវឌ្ឍ​ទីក្រុង ​លោក Julian Castro ​លើ​សំណួរ​ថា​តើ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​គួរ​ឬ​មិន​គួរ​វាយ​ប្រហារ​គ្នា​ឯង។

លោក Julian Castro ថ្លែង​ថា៖ «រឿង​នេះ​រំលឹក​យើង​ទាំង​អស់​គ្នាអំពី​អ្វី​ដែល​ពលរដ្ឋ​អាមេរិកាំង​ មិន​អាច​ទ្រាំ​បាន ចំពោះ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។ យក​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក ​រិះ​គន់​គ្នា​ទៅ​វិញ​ទៅ​មក‍»។

លោក Julian Castro បាន​ថ្លែង​ថា៖ «នេះ​ជា​អ្វី​ដែលគេ​ហៅ​ថា​ការ​បោះ​ឆ្នោត​ជា​បឋម​នៃ​គណបក្ស​ប្រជាធិបតេយ្យ។​ គេ​ហៅ​ថា ​ការ​បោះ​ឆ្នោត‍»។​

បេក្ខជន​ទាំង​១០​នាក់ ដែល​ចូល​រួម​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​កាល​ពី​យប់​ថ្ងៃ​ព្រហស្សតិ៍​របស់​ស្ថានីយ​ទូរទស្សន៍ ​ABC​ នឹង​ចូល​រួម​ក្នុង​ការ​ជជែក​ដេញ​ដោលលើក​ក្រោយ ​នៅ​ពាក់​កណ្តាល​ខែ​តុលា ​ជាមួយ​និង​សកម្មជន​ការពារ​បរិដ្ឋាន ដែល​មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ ​លោក ​Tom Steyer ​ផង​ដែរ៕

ប្រែសម្រួល​ដោយ ប៉ូច រាសី

XS
SM
MD
LG