គូប្រកួតប្រជែងប្រកបដោយក្តីសង្ឃឹមដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យជាង២០រូប កំពុងប្រវេសប្រវាសដើម្បីទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលរបស់បេក្ខជនលើកក្រោយនៅក្នុងខែកញ្ញា។
ការជជែកដេញដោលឥឡូវនេះ ត្រូវបានគេកំណត់ពេលនៅថ្ងៃទី១២និង១៣ ខែកញ្ញានៅក្នុងទីក្រុង Houston រដ្ឋតិចសាស។
លោកJulian Castro អតីតរដ្ឋមន្រ្តីក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ទីក្រុងរបស់អតីតរដ្ឋបាលប្រធានាធិបតីអូបាម៉ា មានព័ត៌មានល្អខ្លះនៅចុងខែសីហា នៅពេលលោក បានក្លាយជាបេក្ខជនទី១០ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខាងគណបក្សប្រជាធិបតេយ្យសម្រាប់ការជជែកដេញដោលនោះ ដែលជាព្រិត្តិការណ៍លើកទី៣។
ពួកខាងគណបក្សប្រជាធិបតេយ្យមួយចំនួនទៀត ទំនងនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលលើកក្រោយ ប៉ុន្តែ ពួកគេ ជួបឧសគ្គក្នុងការទទួលបានការគាំទ្របន្តទៀតនិងនៅពេលការបោះឆ្នោតបឋមដែលមានការប្រកួតប្រជែងខ្លាំង។
ចំពោះលោក Castroយុទ្ធនាការច្របូកច្របល់ អាចបន្តទៅទៀត នៅពេលលោកទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
លោកCastroបានប្រាប់ពួកអ្នកគាំទ្រកាលពីសប្តាហ៍មុននៅរដ្ឋ New Hampshireថា «ខ្ញុំជឿជាក់ថា យើង អាចមានការគាំទ្រកាន់តែខ្លាំងឡើងៗ។យើង នៅមានពេល៥ខែទៀតរហូតទាល់តែការប្រជុំ Caucusនៅរដ្ឋ Iowa ហើយនិងការបោះឆ្នោតបឋមនៅរដ្ឋ New Hampshire មកដល់។ហើយ នៅពេលនោះ ប្រសិនបើ យើង ខិតខំ ខ្ញុំ អាចក្លាយជាអ្នកនាំមុខគេ»។លោក និយាយសំដៅដល់ការជជែកដេញដោលនៅរដ្ឋ២ដែលជាផ្នែកមួយនៃដំណើរការជ្រើសរើសគណៈប្រតិភូរបស់គណបក្សមុនពេលសមាជជាតិរបស់គណបក្សនៅក្នុងទីក្រុង Milwaukeeនៅខែកក្កដា ឆ្នាំក្រោយមកដល់។
វាជារឿងមួយខុសគ្នាសម្រាប់លោក Bill de Blasio អភិបាលក្រុងយូញ៉ក។
លោកDe Blasioស្ថិតនៅក្នុងចំណោមបេក្ខជនខាងគណបក្សប្រជាធិបតេយ្យដែលប្រវេសប្រវាសដើម្បីធ្វើទៅតាមការស្ទង់មតិដែលកាន់តែលំបាកឡើងហើយនឹងលក្ខខណ្ឌនៃការរៃអង្គាសប្រាក់ដើម្បីឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលនៅខែកញ្ញាខាងមុខនេះ។
លោក de Blasio បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងរដ្ឋ New Hampshireថា «នេះ ជាគោលដៅដ៏លំបាកមួយសម្រាប់យើង។យើងបានខិតខំយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រសើរឡើងហើយអ្វីដែលខ្ញុំ កំពុងពិនិត្យមើលនោះថាតើយើងអាចទៅដល់ការជជែកដេញដោលមួយនៅខែកញ្ញា និងមួយទៀតនៅខែតុលាដែរឬទេ»។
ពួកបេក្ខជន ត្រូវតែចុះឈ្មោះដោយមានការគាំទ្រយ៉ាងតិចណាស់ក៏២ភាគរយដែរនៅក្នុងការស្ទង់មតិចំនួន៤ហើយនឹងការចុះឈ្មោះអ្នករួមវិភាគទានការបោះឆ្នោត១សែន ៣ម៉ឺននាក់ដើម្បីឲ្យបានទទួលលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលនៅក្នុងទីក្រុងHouston នៅខែកញ្ញា។
លោក John Delaneyអតីតសមាជិកសភារដ្ឋម៉ារីលែន ស្ថិតក្នុងចំណោមបេក្ខជនដែលទំនងមិនទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជជែកដេញដោលលើកក្រោយ ថ្វីបើ លោកសង្ឃឹមថា លោកនៅតែស្ថិតនៅក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោត Caucuses និងការបោះឆ្នោតបឋមដែលចាប់ផ្តើមនៅខែកុម្ភៈឆ្នាំក្រោយក៏ដោយ។
លោកDelaney បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងរដ្ឋNew Hampshireកាលពីសប្តាហ៍មុនថា «តួនាទីរបស់រដ្ឋ Iowaនិងរដ្ឋ New Hampshire គឺត្រូវស្វែងរកបេក្ខជនផ្សេងទៀតដែលប្រហែលបណ្តាញព័ត៌មានជាតិ ប្រហែលជាមិនបានយកចិត្តទុកដាក់ច្រើន។ដូច្នេះ ការទទួលបានការគាំទ្រច្រើនក្នុងរដ្ឋណាមួយក្នុងចំណោមរដ្ឋទាំង២ដំបូងនោះ ប្រាកដជាការសំខាន់»។
ចំនួនអ្នកប្រកួតប្រជែងដ៏ច្រើនខាងគណបក្សប្រជាធិបតេយ្យ បានចាប់ផ្តើមរួញទៅៗយ៉ាងយឺតដោយមានលោក Jay Inslee អភិបាលរដ្ឋវ៉ាស៊ីនតោន បានចាកចេញពីការប្រកួតហើយនិងការសម្រេចរបស់លោJohn Hickenlooperអតីតអភិបាលរដ្ឋកូឡូរ៉ាដូនៅពាក់កណ្តាលខែសីហាក្នុងការដកខ្លួនចេញពីការប្រកួតប្រជែងជាបេក្ខជនប្រធានាធិបតីហើយឈរឈ្មោះជាសមាជិកព្រឹទ្ធសភាជំនួសវិញ។
លោក Hickenlooperបាននិយាយនៅក្នុងការប្រកាសអំពីការឈរឈ្មោះសម្រាប់ដំណែងនៅក្នុងព្រឹទ្ធសភានៅក្នុងវីដេអូឃោសនាបោះឆ្នោតរបស់លោកថា «នេះមិនមែនជាពេលវេលាដែលត្រូវដើរចេញពីតុពិភាក្សានោះទេ។ខ្ញុំ ដឹងថា ការផ្លាស់ប្តូរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាការលំបាក ក៏ប៉ុន្តែ ខ្ញុំ ចង់ព្យាយាម»។
ពួកគណបក្សប្រជាធិបតេយ្យផ្សេងទៀត នៅតែស្ថិតនៅក្នុងការប្រកួតប្រជែង ថ្វីបើការស្ទង់មតិមានការគាំទ្រតិច រួមមានលោក Cory Bookerសមាជិកព្រឹទ្ធសភារដ្ឋ New Jersey។
លោក Booker មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលនៅខែកញ្ញាហើយកំពុងផ្អែកលើលទ្ធផលដ៏ខ្លាំងដើម្បីហក់ចូលក្នុងការប្រកួតប្រជែង។
កាលពីពេលថ្មីៗនេះ លោក រកការគាំទ្រពីពួកសកម្មជនខាងគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Iowaដើម្បីក្លាយជាអ្នកបានទទួលការតែងតាំងដ៏ខ្លាំងម្នាក់ដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីត្រាំនៅឆ្នាំក្រោយ។លោក Booker ជំរុញឲ្យពួកគេគាំទ្រនិងធ្វើការជាមួយគ្នាហើយស្រឡាញ់គ្នាដើម្បីយកឈ្នះលោកត្រាំ។
លោកស្រីAmy Klobucharសមាជិកព្រឹទ្ធសភារដ្ឋមីនីសូតា ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលនៅក្នុងទីក្រុង Houstonដែរហើយលោកស្រី បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងរដ្ឋNew Hampshireកាលពីសប្តាហ៍មុនថា លោកស្រី នឹងនៅតែអនុវត្តយុទ្ធសាស្រ្តរបស់លោកស្រីក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកស្រី បានមានប្រសាសន៍ថា «ខ្ញុំមានគម្រោងជជែកបញ្ហានេះជាមួយប្រធានាធិប តីដូណាល់ ត្រាំ។ខ្ញុំ មានគម្រោងធ្វើឲ្យរបៀបវារៈសេដ្ឋកិច្ចមានសុទិដ្ឋិនិយមសម្រាប់ប្រទេសនេះ»។
លោកស្រី Susan Page អ្នកយកព័ត៌មាននិងជាអ្នកវិភាគខាងនយោបាយនៃកាសែត USA Today បាននិយាយថា មាគ៌ាយុទ្ធនាការនៃការឃោសនាបោះឆ្នោត នឹងកាន់តែពិបាកឡើងសម្រាប់អ្នកដែលបាត់បង់ឱកាសជជែកដេញដោលនៅខែកញ្ញា។
លោកស្រី បានប្រាប់VOA ថា «យើង មានការជជែកដេញដោលលើកទី៣ដែលគ្រោងធ្វើឡើងនៅដើមខែកញ្ញា ហើយវាជាការពិបាកបន្តិចដើម្បីឲ្យទទួលបានលក្ខណៈសម្បត្តិគ្រាប់គ្រាន់សម្រាប់ការជជែកដេញដោលទាំងនោះ។យើង គិតថា ចំនួនបេក្ខជន នឹងធ្លាក់ចុះ។ហើយ នៅពេលដែលបេក្ខជនណាម្នាក់ មិនបានជជែលដេញដោល ការណ៍នេះធ្វើឲ្យការលំបាកកាន់តែខ្លាំងឡើងសម្រាប់បេក្ខជននោះដើម្បីរៃអង្គាសប្រាក់ឲ្យពួកអ្នកគាំទ្រស្ថិតនៅជាមួយខ្លួន»។
លោក Darrel Westអ្នកវិភាគនៅវិទ្យាស្ថានBrookings និយាយថា នៅមានអ្នកប្រកួតប្រជែងជាង២០នាក់នៅឡើយនៅក្នុងការប្រកួតប្រជែងនេះ ហើយនៅរយៈពេលបីបួនខែបន្ទាប់ទៀត បេក្ខជនដែលមិនសូវទទួលបានការគាំទ្រនឹងត្រូវឈប់ឬបន្តដំណើរទៅមុខទៀត។
លោក បាននិយាយទៀតថា «ខ្ញុំ ឃើញបេក្ខជនមួយចំនួនប្រហែលដកខ្លួនចេញនៅរយៈពេលមួយឬពីរខែបន្ទាប់ទៀត ប្រាកដណាស់ នរណាដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលនៅខែកញ្ញាខាងមុខ នឹងត្រូវរីងស្ងួតប្រាក់កាស ហើយបណ្តាញព័ត៌មានក៏លែងចុះផ្សាយអំពីពួកគេ ដូច្នេះ បេក្ខភាពរបស់ពួកគេ នឹងចប់»។
ការជជែកដេញដោលនៅខែកញ្ញា គឺជាកម្មវិធីដែលមានរយៈពេលមួយយប់ បើ មិនមានបេក្ខជនដែលមានលក្ខណៈសម្បត្តិច្រើនទៀតទេ កម្មវិធីនោះ អាចបន្តទៅយប់ទី២ ក្នុងករណីដែលបេក្ខជនផ្សេងទៀត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មុនថ្ងៃទី២៨ ខែកញ្ញា។លោក Tom Steyerជាមហាសេដ្ឋីនិងជាសកម្មជនប្តឹងចោទប្រកាន់ប្រធានាធិបតីទម្លាក់ពីដំណែងនិងលោកស្រី Tulsi Gabbard សមាជិកសភារដ្ឋហាវ៉ៃ ជាបេក្ខ ជន២នាក់ដែលត្រូវបានគេមើលឃើញថានឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលលើកក្រោយ។
អតីតអនុប្រធានាធិបតីលោក Joe Bidenបានបន្តនាំមុខគូប្រជែងផ្សេងទៀតខាងគណបក្សប្រជាធិបតេយ្យ បន្ទាប់មកគឺលោកស្រី Elizabeth Warrenសមាជិកព្រឹទ្ធសភារដ្ឋ Massachusetts លោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont លោកស្រី Kamala Harrisសមាជិកព្រឹទ្ធសភារដ្ឋកាលីហ្វ័រញ៉ានិងលោកPete Buttigieg អភិបាលក្រុង South Bend រដ្ឋ Indiana។
ពួកគេទាំងនោះ នឹងស្ថិតនៅលើវេទិកាជជែកដេញដោលនៅខែក្រោយ។
លោក Biden បានទទួលព័ត៌មានប្រកបដោយការលើកទឹកចិត្តនៅក្នុងការស្ទង់មតិនៅសប្តាហ៍នេះ ដោយបានទទួលការគាំទ្រវិញដល់ទៅលេខ២ខ្ទង់នាំមុខលោក Sanders និងលោកស្រីWarren។លោកBiden មានការគាំទ្រ២៩ភាគរយ ដោយបានកើនឡើងចំនួន៧ពិន្ទុនៅក្នុងរយៈពេលស្ទង់មតិដូចគ្នាកាលពីចុងខែមិថុនាឆ្នាំទៅ។
លោកSandersបានស្ថិតនៅពីក្រោយដោយទទួលបានការគាំទ្រ១៥ភាគរយ ប្រកៀកប្រកិតបំផុតដោយលោកស្រីWarren បានទទួល១៤ភាគរយ។លោកស្រីHarrisនិងលោកButtigieg បានទទួល៥ភាគរយនៅក្នុងការស្ទង់មតិដូចគ្នា។
នៅលើវេទិកាជជែកដេញដោលនៅខែក្រោយនោះដែរ មានលោក Beto O’Rourke សមាជិកសភារដ្ឋតិចសាស និងលោកAndrew Wang ជាសហគ្រិនដែលបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងតាមប្រព័ន្ធInternet៕
ប្រែសម្រួលដោយជឹង ប៉ូជីន