ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីការពារ​ជាតិ​ជាន់​ខ្ពស់​អាមេរិក​និង​ចិន​កំពុង​ប្រជែង​ដណ្តើម​ឥទ្ធិពល​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក


រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ចូលរួមសន្និសីទសារព័ត៌មានមួយ នៅក្រសួងការពារជាតិជប៉ុន ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ចូលរួមសន្និសីទសារព័ត៌មានមួយ នៅក្រសួងការពារជាតិជប៉ុន ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣។

ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និងប្រទេស​ចិន​កំពុង​ប្រជែង​គ្នាបង្កើត​ដៃគូ​ថ្មីៗ​និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ជាមួយប្រទេស​នានា​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នោះ​ មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ព្យាយាម​ដើម្បីទាក់ទាញ​ការ​គាំទ្រនៅ​ចុងសប្តាហ៍​នេះ ពី​សមភាគី មន្ត្រី​ការទូត​ និង​មេដឹកនាំ​ក្នុង​តំបន់​ នៅ​ក្នុង​កិច្ចប្រជុំ​នៃ​វេទិកា​សន្តិសុខ​មួយ​ ដែល​ប្រព្រឹត្ត​ធ្វើ​ទៅនៅក្នុង​ប្រទេស​សិង្ហបុរី។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP ។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក​ Anthony Albanese ​ដែល​ប្រទេស​របស់​លោក​ជា​សម្ព័ន្ធមិត្តជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នោះ​ នឹង​ថ្លែងសុន្ទរកថា​មួយ​នៅយប់​ថ្ងៃ​សុក្រ​នេះ​ ដើម្បីបើកកិច្ចប្រជុំ​នៃ​វេទិកា​សន្ទនា​គ្នា​នេះ​ នៅសណ្ឋាគារ​ Shangri-La ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ។

កិច្ចពិភាក្សា​នៃ​វេទិកា​សន្ទនា​នៅ​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​មាន​បញ្ហា​ជា​ច្រើន​កំពុង​កើត​មាន​ ដូច​ជាសង្គ្រាម​នៅ​អ៊ុយក្រែន​និង​ការ​ពាក់ព័ន្ធ​ក្នុង​តំបន់​ ការ​គាំទ្រ​របស់​ចិន​ចំពោះរុស្ស៊ីក្នុង​សង្គ្រាម​អ៊ុយក្រែន​ ជម្លោះ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ភាពតានតឹងកាន់​តែ​កើន​ខ្លាំងឡើង​រវាង​ចិន​និង​អាមេរិក​និង​សម្ព័ន្ធមិត្ត​អាមេរិក ​ជុំវិញ​ការ​ទាមទារ​របស់ចិនទៅ​លើ​ដែន​កោះ​តៃវ៉ាន់​ជាដើម។

ក្រសួង​ការពារ​ជាតិសហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក Lloyd Austin ​នឹង​ថ្លែង​សុន្ទកថានៅ​ថ្ងៃ​សៅរ៍​ ស្តី​ពី​ «ភាព​ជា​អ្នកដឹកនាំ​របស់​អាមេរិកក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក» ​ខណៈ​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិប្រទេស​ចិន លោក​ Li Shangfu ​នឹងថ្លែង​សុន្ទរកថានៅ​ថ្ងៃ​អាទិត្យ​ ស្តី​ពី​គំនិត​ផ្តួចផ្តើម​សន្តិសុខ​ថ្មី​នៃ​ប្រទេស​របស់​លោក៕

XS
SM
MD
LG