ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ សម្រាប់កិច្ចប្រជុំកំពូលនៃវេទិកាសហរដ្ឋអាមេរិក-ប្រទេសដែនកោះប៉ាស៊ីហ្វិកនេះ គូសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់កាន់តែខ្លាំងពីលោកប្រធានាធិបតី Joe Biden លើបណ្តាប្រទេសដែនកោះប៉ាស៊ីហ្វិក ចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។
នៅទីក្រុងព័រម៉ូរេសប៊ី លោក Blinken កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងកិច្ចព្រមព្រៀងដែនសមុទ្រជាមួយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។
កិច្ចព្រមព្រៀងថ្មីនេះនឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវការចេញចូលដ៏សំខាន់ទៅកាន់ដែនទឹករបស់ប្រទេសនៅដែនកោះប៉ាស៊ីហ្វិកមួយនេះ ហើយការណ៍នេះបានធ្វើឱ្យមានការជជែកដេញដោលជាសាធារណៈថា តើវត្តមានឆ្មាំសមុទ្រអាមេរិកអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែរ ឬទេ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ និស្សិតនៅសាកលវិទ្យាល័យប៉ាពូអាស៊ីនូវែលហ្គីណេ និងសាកលវិទ្យាល័យបច្ចេកវិទ្យាបានរៀបចំការតវ៉ាមួយដើម្បីប្រមូលផ្តុំគ្នាប្រឆាំងនឹងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានស្នើឡើង។
និស្សិតប៉ាពូអាស៊ីនូវែលហ្គីណេបានលើកឡើងពីការព្រួយបារម្ភ និងទាមទារឱ្យកិច្ចព្រមព្រៀងនេះមានការត្រួតពិនិត្យជាសាធារណៈ និងមានតម្លាភាព មុនពេលវាត្រូវបានចុះហត្ថលេខា។
មន្ត្រីជាន់ខ្ពស់ប៉ាពូអាស៊ីនូវែលហ្គីណេបានថ្លែងថា កិច្ចព្រមព្រៀងត្រូវបានពិនិត្យដោយសភា និងមេធាវីរដ្ឋាភិបាល មុនពេលវាត្រូវបានចុះហត្ថលេខា និងថា កិច្ចព្រមព្រៀងនេះនឹងត្រូវចែកចាយដល់សាធារណជនក្នុងពេលឆាប់ៗនេះ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯកិច្ចប្រជុំកំពូលនៃវេទិកាសហរដ្ឋអាមេរិក-ប្រទេសដែនកោះប៉ាស៊ីហ្វិកនេះ នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ លោក James Marape បានថ្លែងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខនឹងមិនរារាំងដល់ការកសាងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសដទៃ គឺមិនដូចការលើកឡើងក្នុងសេចក្តីព្រាងដែលបែកធ្លាយមុនពេលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានោះទេ។
លោក Marape បានថ្លែងក្នុងសម្តីដើមថា៖ «វានឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរបស់ប៉ាពូអាស៊ីនូវែលហ្គីណេ ដែលយើងមានជាមួយប្រទេសផ្សេង ហើយដែលយើងធ្វើពាណិជ្ជកម្មជាមួយនោះទេ មិនថា វាជាទំនាក់ទំនងយោធា ឬរដ្ឋាភិបាលនិងរដ្ឋាភិបាលនោះទេ។ វាមិនប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសចិន អូស្ត្រាលី ចក្រភពអង់គ្លេស ជប៉ុន ឬឥណ្ឌា ឬប្រទេសណាមួយផ្សេងទៀតពាក់ព័ន្ធនឹងបញ្ហានេះទេ។ កិច្ចព្រមព្រៀងនេះមិនរំខានយើងក្នុងការបន្តកិច្ចការរបស់យើងក្នុងរូបភាព និងទម្រង់ណាមួយនោះទេ»។
ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីសារៈសំខាន់នៃការទប់ទល់នឹងឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលកំពុងកើនឡើងនៅក្នុងតំបន់នោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Blinken បានថ្លែងថា៖ «យើងទទួលស្វាគមន៍ការរួមចំណែករបស់បណ្តាប្រទេសផ្សេងទៀត រួមទាំងសាធារណរដ្ឋប្រជាមានិតចិនផងដែរ ចំពោះការអភិវឌ្ឍក្នុងតំបន់ ដរាបណាពួកគេកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុត ដែលរួមមានទាំងតម្លាភាព និងនីតិរដ្ឋ»។
លោកបានបន្ថែមទៀតថា៖ «ប្រសិនបើយើងទាំងអស់គ្នានឹងចូលរួមក្នុងតំបន់ក្នុងនាមជាដៃគូ ហើយបើមានការប្រកួតប្រជែង ត្រូវប្រកួតប្រជែងឱ្យខ្លាំង។ នេះហើយជាអ្វីដែលយើងទាំងអស់គ្នាចង់បាន។ ហើយយើងគ្រាន់តែចង់ឃើញនរណាម្នាក់ចូលរួមតាមវិធីមួយដែលធ្វើឱ្យល្អប្រសើរដល់ចក្ខុវិស័យរួមនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កើនវត្តមានរបស់សហរដ្ឋអាមេរិកនៅប្រទេសដែនកោះប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកក៏បានបើកស្ថានទូតនៅប្រទេស Solomon Islands និងប្រទេសតុងហ្គានៅឆ្នាំនេះ និងកំពុងពិភាក្សាដើម្បីបើកស្ថានទូតនៅប្រទេសគីរីបាទី និងវ៉ានូទូផងដែរ។
ឯកសាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២មក អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps បានត្រឡប់ទៅតំបន់ប៉ាស៊ីហ្វិក ហើយឥឡូវនេះកំពុងស្ថិតក្នុងប្រទេសហ្វីជី សាម័រ និងតុងហ្គា ហើយនឹងត្រឡប់ទៅប្រទេសវ៉ានូទូវិញនៅឆ្នាំនេះ។
ទីភ្នាក់ងារ Peace Corps ក៏កំពុងវាយតម្លៃលើការបង្កើតប្រតិបត្តិការឡើងវិញនៅប្រទេសដែនកោះ Solomon Islands កោះ Palau និងរដ្ឋសហព័ន្ធមីក្រូណេស៊ីផងដែរ។
ចំណុចសំខាន់មួយទៀតក្នុងអំឡុងពេលកិច្ចពិភាក្សាតុមូលជាមួយមេដឹកនាំប្រទេសដែនកោះប៉ាស៊ីហ្វិកនេះគឺការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។
ក្នុងពេលថ្មីៗនេះ ព្យុះធំៗ និងការកើនឡើងកម្រិតទឹកសមុទ្របានវាយប្រហារលើប្រទេសដែនកោះប៉ាស៊ីហ្វិក។ រហូតមកដល់ពេលនេះ ទីភ្នាក់ងារអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(USAID) បានជួយបណ្តាប្រទេសដែនកោះប៉ាស៊ីហ្វិក ដោយបានស្វែងរកទឹកប្រាក់ជាង ៥០០ លានដុល្លារពីអង្គការអន្តរជាតិដូចជា មូលនិធិអាកាសធាតុបៃតង (GCF) មូលនិធិបន្សាំនឹងអាកាសធាតុ និងឥណទានបរិស្ថានសាកល។ ផែនការនេះក៏កំពុងត្រូវបានរៀបចំផងដែរ ដើម្បីផ្តល់នូវថាមពលដែលមានគុណភាព និងនិរន្តភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឌីជីថល សុខភាព ហើយដែលធន់នឹងអាកាសធាតុ។
នាយករដ្ឋមន្ត្រីនៃប្រទេសដែនកោះ Cook Islands គឺលោក Mark Brown បានថ្លែងថា៖ «ខ្ញុំមានការរំភើបយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំក្រុមប្រទេស G-7 ក្នុងពេលថ្មីៗនេះ ដែលរួមមានការទទួលស្គាល់ និងការគាំទ្រដល់យុទ្ធសាស្រ្តឆ្នាំ២០៥០របស់យើងសម្រាប់តំបន់ប៉ាស៊ីហ្វិកពណ៌ខៀវ ក៏ដូចជាអាទិភាពសំខាន់ៗផ្សេងទៀតក្នុងតំបន់ ដូចជាការរៀបចំបំណុលឡើងវិញ និងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ»។
យុទ្ធសាស្ត្រសម្រាប់តំបន់ប៉ាស៊ីហ្វិកមានបរិស្ថានល្អនៅឆ្នាំ២០៥០ទទួលស្គាល់តំបន់ដែនកោះប៉ាស៊ីហ្វិកថា ជាតំបន់មួយដែលមានភូមិសាស្ត្រ វប្បធម៌ និងបញ្ហាប្រឈមនានាប្រទាក់គ្នា។ យុទ្ធសាស្ត្រនេះក៏ជាផែនការមេគ្រប់ជ្រុងជ្រោយសម្រាប់បណ្តាប្រទេសដែនកោះប៉ាស៊ីហ្វិកដើម្បីឆ្ពោះទៅមុខក្នុងរយៈពេល ៣០ ឆ្នាំខាងមុខផងដែរ៕