សហរដ្ឋអាមេរិកមិនបានច្រានចោលលទ្ធភាពធ្វើការជាមួយក្រុមតាលីបង់ប្រឆាំងការគំរាមកំហែងពីសាខាក្រុមភេរវកម្មនៅប្រទេសអាហ្វហ្គានីស្ថានទេថ្វីបើពួកមន្ត្រីបានប្រយ័ត្នប្រយែងពីការរំពឹងទុក។
នៅពេលទទួលសំណួរជាលើកទី១ចាប់តាំងពីកងទ័ពសហរដ្ឋអាមេរិកចុងក្រោយចាកចេញពីប្រទេសអាហ្វហ្គានីស្ថានលោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិកបានប្រាប់ពួកអ្នកយកព័ត៌មាននៅឯមន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារថា«វាអាចទៅរួច»។
លោកឧត្តមសេនីយ៍ Milley បាននិយាយថា៖ «យើងមិនដឹងអ្វីអំពីអនាគតរបស់ក្រុមតាលីបង់ទេក៏ប៉ុន្តែខ្ញុំអាចប្រាប់ពីការពិសោធន៍ផ្ទាល់របស់ខ្ញុំថា នេះជាក្រុមគ្មានមេត្តាកាលពីអតីតកាលប៉ុន្តែមិនដឹងថាតើពួកគេកែប្រែចិត្តគំនិតឬក៏អត់»។
លោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin ក៏បាននិយាយសម្រាលអំពីលទ្ធភាពនៃការធ្វើការជាមួយក្រុមតាលីបង់នៅពេលនិយាយដល់ពួករដ្ឋអ៊ីស្លាមខេត្ត Khorasan ថ្វីបើមានការសម្របសម្រួលគ្នារវាងកងទ័ពសហរដ្ឋអាមេរិកនិងមេបញ្ជាការក្រុមតាលីបង់អំឡុងការជម្លៀសមនុស្សកាលពីថ្មីៗនេះរបស់សហរដ្ឋអាមេរិកចេញពីទីក្រុងកាប៊ុលក៏ដោយ។
បន្ថែមពីនេះទៀតទាំងសហរដ្ឋអាមេរិកនិងក្រុមតាលីបង់មើលឃើញថាសាខាក្រុមរដ្ឋអ៊ីស្លាមជាសត្រូវរួម។
លោក Austin បាននិយាយថា៖ «យើងបានធ្វើការជាមួយក្រុមតាលីបង់លើបញ្ហាមួយចំនួនតួចហើយយើងអាចជម្លៀសមនុស្សចេញបានយ៉ាងច្រើនតាមដែលអាចធ្វើបាន»។
ថ្វីបើខ្វះទំនុកចិត្តរវាងសហរដ្ឋអាមេរិកនិងក្រុមតាលីបង់បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល២០ឆ្នាំក៏ដោយបញ្ហាថាតើក្រុមតាលីបង់អាចធ្វើកិច្ចសហប្រតិបត្តិការឬអត់នោះគឺទាក់ទងនឹងក្រុមរដ្ឋអ៊ីស្លាមខេត្តKhorasan នោះ។ ហេតុផលមួយដែលបានបង្ហាញនូវឆន្ទៈរបស់ពួកគេគឺការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកអំពីសន្តិសុខនៅចំណតអាកាសយានដ្ឋានក្រុងកាប៊ុលនៅពេលដែលការដកកងទ័ពនិងការជម្លៀសបានដល់ទីបញ្ចប់៕