ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជិត​អស់​ពេល​​​ហើយ​ដើម្បី​បញ្ឈប់​ការ​រាល​ដាល​មេរោគវីរុស​កូរ៉ូណា


បុគ្គលិក​សុខាភិបាល ពិនិត្យ​អ្នក​ដំណើរ​ដែល​មក​ពី​ប្រទេស​អ៊ីរ៉ង់ មក​ប្រទេស​អីរ៉ាក់ នៅ​ព្រលាន​យន្ត​ហោះ Najaf។ អ្នក​ដំណើរ​ដែល​មាន​មេរោក​កូរ៉ូណា​បាន​មក​ពី​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​មេរោគ​នេះ នៅ​ប្រទេស​លីបង់។
បុគ្គលិក​សុខាភិបាល ពិនិត្យ​អ្នក​ដំណើរ​ដែល​មក​ពី​ប្រទេស​អ៊ីរ៉ង់ មក​ប្រទេស​អីរ៉ាក់ នៅ​ព្រលាន​យន្ត​ហោះ Najaf។ អ្នក​ដំណើរ​ដែល​មាន​មេរោក​កូរ៉ូណា​បាន​មក​ពី​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​មេរោគ​នេះ នៅ​ប្រទេស​លីបង់។

អង្គការ​សុខភាពពិភព​លោក​ហៅ​កាត់​ថា​ WHO​ និយាយ​ថា ​ជិត​អស់​ពេល​វេលា ហើយដើម្បី​បញ្ឈប់​ការ​រាល​ដាល​មេរោគវីរុស​កូរ៉ូណា​ ពីព្រោះ​ចំនួន​ករណី​មនុស្ស​មាន​ផ្ទុក​មេរោគ​នេះ​កើន​ឡើង​ច្រើន​ជាង​មុន​នៅ​ខាង​ក្រៅ​ប្រទេស​ចិន។

លោក​ Tedros Adhanom Ghebreyesus ​អគ្គនាយក​អង្គការ​ WHO ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «យើង​កំពុង​ឋិត​នៅ​ក្នុង​ដំណាក់​កាល​មួយ​ដែល​ការ​ទប់​ទល់​អាច​ធ្វើ​បាន»។ ក៏​ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​ ឱកាស​របស់​យើង​មាន​តិច​ជាង​មុន។

កាល​ពី​ថ្ងៃសៅរ៍​ ប្រទេស​ចិន​បាន​រាយការណ៍​ថា​ មាន​ករណី​មនុស្ស​ផ្ទុក​មេរោគ កូរ៉ូណា​៧៦,៣០០​នាក់​ហើយ​មនុស្ស​២,៣៤៥​នាក់​បាន​ស្លាប់ទៅ​ហើយ។ មាន​មនុស្ស​ថ្មីៗ​៣៩៧​នាក់​មាន​ផ្ទុក​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ជា​ការ​ចុះ​ថយ​ខ្លាំង​ពី​ចំនួន​អ្នកជំងឺ​ថ្មីៗ​៨៨៩​នាក់​កាល​ពី​មួយ​ថ្ងៃ​មុន​នោះ។

នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ មាន​មនុស្ស​ជាង​១,២០០នាក់​ទៀត​មាន​ជំងឺ​នេះ​ហើយ​មនុស្ស​ជាង​១២នាក់​បាន​បាត់បង់​ជីវិត។

លោក ​Tedros ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​ចំនួន​ករណី​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​នៅ​តែ​តិចតួច​ក៏​ដោយ ​ក៏លោក​បាន​សម្តែង​កង្វល់​អំពី​កំណើន​នៃ​ករណី​អ្នក​ជំងឺ​នេះ​នៅ​ទូទាំង​ពិភព​លោក​ដែល​មិន​មានការ​ទាក់​ទង​ច្បាស់លាស់​ជាមួយ​ប្រទេស​ចិន។

កាល​ពី​ថ្ងៃ​សៅរ៍ ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​អំពី​ការ​កើន​ឡើង​៨​ដង​នៃ​ចំនួន​ករណី​រយៈ​ពេល​តែ​បួន​ថ្ងៃ។ ពួក​មន្ត្រី​បាន​និយាយ​ថា​ មាន​ករណី​ថ្មីៗពួក​មនុស្ស​មាន​មេរោគ​នេះ​២២៩​នាក់​ ហើយ​ចំនួន​អ្នក​ជំងឺ​មាន​ទាំង​អស់​មាន​៤៣៣នាក់។ ពួក​អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​នេះ​ភាគ​ច្រើន​មាន​ការ​ភ្ជាក់​ទាក់​ទង​ជាមួយ​ព្រះវិហារ​គ្រិស្តសាសនា​មួយ​និង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​ក្រុង​ Daegu។

នៅ​ពេល​នេះ​ប្រទេស​កូរ៉េខាង​ត្បូង​ជា​ប្រទេស​មាន​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន។ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​រាយការណ៍​ថា​ ក្រុមហ៊ុន​Samsung Electronics​ បាន​បញ្ជាក់​ថា​ មាន​ករណី​មនុស្ស​ផ្ទុក​មេរោគ​វីរុសកូរ៉ូណា​ម្នាក់​នៅ​ក្នុង​រោងចក្រ​ខ្លួន​មួយ​ក្នុងក្រុង​ Gumi​ ប្រទេស​កូរ៉េខាង​ត្បូង។ រោង​ចក្រ​នៅ​តែ​បិទ​ទ្វារ​រហូត​ដល់​ព្រឹក​ថ្ងៃ​ចន្ទ។

លោក​ Tedros ​បានមាន​ប្រសាសន៍​កាល​ពី​ថ្ងៃសុក្រ​ថា៖ «ខ្ញុំ​សង្ឃឹម​ថាកូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​ទប់​ទល់​នឹង​ការ​រាលដាល​មេរោគ​នេះ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នេះ»។

លោក​អគ្គនាយក​រូប​នេះ​នៃ​អង្គការ​ WHO ក៏​បាន​សម្តែង​កង្វល់​ដែរ​អំពីក​រណីថ្មីៗ​នៃ​មេរោគវីរុស​នេះ​នៅ​ក្នុងប្រទេស​អ៊ីរ៉ង់​ គឺ​មាន​អ្នក​ដំណើរ​អ៊ីរ៉ង់​ម្នាក់​បាន​នាំ​មេរោគ​នេះ​ទៅ​កាន់​ប្រទេស​លីបង់​ ហើយ​មាន​អ្នក​ដំណើរ​ម្នាក់​ទៀត​បាន​ចម្លង​មេរោគវីរុស​នេះ​ពីអ៊ីរ៉ង់​ទៅ​ប្រទេស​កាណាដា​ផងដែរ៕

XS
SM
MD
LG