អាជ្ញាធររដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បូង បានហាមឃាត់ការធ្វើបាតុកម្មទ្រង់ទ្រាយធំ និងការប្រមូលផ្តុំគ្នានៃក្រុមសាសនិកផ្សេងៗ ដែលជាកន្លែងងាយឆ្លងរាលដាលនូវមេរោគកូរ៉ូណាប្រភេទថ្មី ហៅ Covid-19 ខណៈដែលមេរោគថ្មីបន្តរាលដាលទូទាំងប្រទេស។
មានមនុស្ស១០០នាក់ថ្មីទៀតបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានថាមានវីរុស Covid-19 ដែលធ្វើឲ្យចំនួនសរុបនៃឆ្លងមេរោគនេះនៅប្រទេសកូរ៉េខាងត្បូងកើនដល់២០៤នាក់ នៅត្រឹមល្ងាចថ្ងៃសុក្រ នេះបើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺឆ្លង។
ថ្វីបើមន្ត្រីកូរ៉េខាងត្បូង ទទូចថា ការផ្ទុះរាលដាលនៃវីរុសថ្មីនេះនៅ«អាចគ្រប់គ្រងបាន» ក៏ចំនួននៃអ្នកបានឆ្លងមេរោគថ្មីនេះបានកើនទ្វេដងក្នុងការរយៈពេលបីថ្ងៃចុងក្រោយជាប់ៗគ្នា។
ភាគច្រើននៃករណីឆ្លងថ្មីរបស់ពលរដ្ឋកូរ៉េខាងត្បូង ជាប់ទាក់ទងនឹងគ្រិស្តសាសនិកមួយក្រុមដែលនៅដាច់ពីគេ នៅទីក្រុង Daegu ដែលជាទីក្រុងធំជាងគេទី៤របស់កូរ៉េខាងត្បូង។ អភិបាលក្រុង បានព្រមានពលរដ្ឋក្នុងក្រុងឲ្យនៅក្នុងផ្ទះ។ អាជីវកម្មជាច្រើនក្នុងទីក្រុងនេះបានបិទ ហើយសាលារៀនពន្យារពេលការចូលរៀន។
នៅរដ្ឋធានីសេអ៊ូល ដែលមានករណីឆ្លងថ្មីកើនឡើងយ៉ាងគំហុកដែរនោះ អ្នកធ្វើដំណើរស្ទើរតែទាំងអស់តាមរថយន្តនិងរថភ្លើងសាធារណៈសុទ្ធតែពាក់ម៉ាស់ការពារ ហើយប្រសិនបើមានអ្នកដំណើរម្នាក់ណាកណ្តាស់ ឬក្អក ពួកគេធ្វើការសម្លឹងមុខអ្នកដំណើរនោះដោយការទឹកមុខបារម្ភ។
និស្សិតឆ្នាំទី១ឈ្មោះ Choi In-woo អាយុ២០ឆ្នាំ រៀននៅសាកលវិទ្យាល័យមួយក្នុងសង្កាត់ Jongno ដែលជាសង្កាត់មួយនៃក្រុងសេអ៊ូលដែលមានការរាយការណ៍ពីចំនួនករណីឆ្លងថ្មីច្រើនជាងគេនៅក្នុងសប្ដាហ៍នេះ។
សាកលវិទ្យាល័យរបស់ Choi បានផ្អាកការបើកបវេសនកាលសម្រាប់ឆមាសថ្មីដើមឆ្នាំនេះ។
និស្សិតនោះថ្លែងថា៖ «ទិដ្ឋភាពពេលនេះដូចជានៅក្នុងភាពយន្តមានគ្រោះមហន្តរាយអញ្ចឹង។ ខ្ញុំបារម្ភខ្លាំងណាស់ ប្រសិនបើស្ថានភាពនេះនឹងបន្តទៀតនោះ»។
វីរុសកូរ៉ូណាថ្មីដែលងាយឆ្លងនិងបណ្តាលឲ្យមានរោគសញ្ញាដូចជំងឺរលាកសួតនេះ ត្រូវគេឲ្យឈ្មោះផ្លូវការថា Covid-19 ហើយបានសម្លាប់មនុស្សអស់ជាង២.២០០នាក់ និងចម្លងដល់មនុស្សជាង៧៦.០០០នាក់ នៅទូទាំងពិភពលោក។
ករណីអ្នកផ្ទុកមេរោគថ្មីនេះភាគច្រើនស្ថិតនៅក្នុងប្រទេសចិន ដែលជាប្រភពដើមនៃមេរោគនេះ។ ប៉ុន្តែប្រទេសកូរ៉េខាងត្បូងឥឡូវនេះមានចំនួនអ្នកឆ្លងច្រើនជាងគេទីពីរក្នុងពិភពលោក។ មកទល់ពេលនេះ មានពលរដ្ឋកូរ៉េខាងត្បូងតែម្នាក់ទេបានស្លាប់ពីមេរោគដ៏ប្រល័យនេះ៕
ប្រែសម្រួលដោយ សឹង សុផាត