រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានព្រមានប្រាប់នៅថ្ងៃអង្គារនេះអំពីភាពចាំបាច់នៅក្នុងការរក្សាការផ្ដោតលើការបរាជ័យរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម ទោះបីជាក្រុមពួកសកម្មប្រយុទ្ធនេះត្រូវបានបណ្ដេញចេញភាគច្រើនពីតំបន់ដែលក្រុមនេះធ្លាប់កាន់កាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក៏ដោយ។
លោក Tillerson បានថ្លែងដូច្នេះនៅឯសន្និសីទមួយនៅក្នុងប្រទេសកូវ៉ែតទៅកាន់សមាជិកនៃសម្ព័ន្ធភាពមួយដែលសហរដ្ឋអាមេរិកបានបង្កើតឡើងកាលពីចុងឆ្នាំ ២០១៤។ សម្ព័ន្ធភាពនេះមានយុទ្ធសាស្ត្រចម្រុះដើម្បីប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលយុទ្ធសាស្ត្រទាំងនោះមានដូចជាការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិក និងកិច្ចប្រឹងប្រែងនៅក្នុងការកាត់ផ្ដាច់ហិរញ្ញវត្ថុរបស់ក្រុមនេះ និងលំហូរចូលនៃអ្នកប្រយុទ្ធបរទេសទៅក្នុងក្រុមនេះជាដើម។
លោក Tillerson បាននិយាយយ៉ាងដូច្នេះថា៖ «ពួក ISIS នៅតែជាការគំរាមកំហែងដ៏សាហាវដដែលចំពោះស្ថិរភាពនៅក្នុងតំបន់ ប្រទេសកំណើតរបស់យើង និងផ្នែកផ្សេងៗទៀតនៃពិភពលោក»។
លោក Tillerson បានបញ្ជាក់ថា ក្រុមពួកសកម្មប្រយុទ្ធនេះបានបាត់បង់ដែនដីគ្រប់គ្រងរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី នៅពេលដែលក្រុមនេះមានឥទ្ធិពលខ្លាំងក្លាបំផុតកាលពីឆ្នាំ ២០១៤ អស់ចំនួន ៩៨ ភាគរយហើយ។ ប៉ុន្តែ ឥឡូវនេះក្រុមនេះបានបង្កការគំរាមកំហែងផ្សេងមួយទៀត។
លោក Tillerson ថ្លែងថា៖ «នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្រុម ISIS កំពុងព្យាយាមប្រែក្លាយខ្លួនជាការក្រុមបះបោរ។ រីឯនៅតំបន់ផ្សេងទៀតដូចជានៅប្រទេសអាហ្វហ្គានីស្ថាន ហ្វីលីពីន លីប៊ី អាហ្វ្រិកខាងត្បូង និងប្រទេសផ្សេងៗទៀត ក្រុមនេះកំពុងព្យាយាមបង្កើតឡើងនិងស្វែងរកកន្លែងលាក់ខ្លួនប្រកបដោយសុវត្ថិភាព»។
លោក Tillerson បានប្រកាសអំពីជំនួយថវិកាថ្មីចំនួន ២ រយលានដុល្លារអាមេរិក ដើម្បីរំដោះតំបន់មួយចំនួននៃប្រទេសស៊ីរី។ នៅល្ងាចនៅថ្ងៃអង្គារនេះ លោកនឹងចូលរួមនៅក្នុងសន្និសីទផ្ដល់ជំនួយមួយដែលមានគោលបំណងកសាងតំបន់មួយចំនួននៃប្រទេសអ៊ីរ៉ាក់ឡើងវិញ៕