អាហ្វ្រិកខាងលិចនិងបារាំងត្រូវតែសហការគ្នាដើម្បីលុបបំបាត់អំពើភេរវកម្ម នេះបើយោងតាមសម្តីរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ដែលបានថ្លែងកាលពីថ្ងៃអាទិត្យ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលក្នុងរដ្ឋធានីបាម៉ាកូ (Bamako) ប្រទេសម៉ាលី ស្តីពីការបង្កើតកងកម្លាំងថ្នាក់តំបន់មួយដែលប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។
លោក Macron បានថ្លែងថា បារាំងនឹងផ្តល់ការគាំទ្រផ្នែកយោធាក៏ដូចជាយានយន្តចម្បាំងចំនួន៧០គ្រឿងសម្រាប់កងកម្លាំងចម្រុះថ្មីមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវករនៅក្នុងតំបន់នេះ។
ប្រទេសម៉ាលី ប្រទេសប៊ូគីណាហ្វាសូ ប្រទេសឆាដ ប្រទេសម៉ូរីតានី និងប្រទេសនីហ្សេ ដែលត្រូវបានហៅថាប្លុក G5 Sahel បានឲ្យដឹងថា ខ្លួនកំពុងតែសហការគ្នាដើម្បីផ្តល់កងកម្លាំងប្រយុទ្ធប្រឆាំងនឹងការកើនឡើងអសន្តិសុខនិងការវាយប្រហារពីសំណាក់ក្រុមរដ្ឋឥស្លាមដែលផ្តល់ផលប៉ះពាល់ដល់ប្រទេសពួកគេ។
កងកម្លាំងរបស់ប្លុក G5 Sahel នឹងជួយគាំទ្រដល់កងកម្លាំងបារាំងចំនួន៤ពាន់នាក់និងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន១១.០០០នាក់ ដែលកំពុងតែប្រតិបត្តិការនៅក្នុងតំបន់នេះ។
ខណៈដែលមេដឹកនាំទាំង៦នាក់ថ្លែងសុន្ទរកថាអំពីការកើនឡើងការគំរាមកំហែងការវាយប្រហាររបស់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសរបស់ខ្លួន ក្រុម Nusrat al-Islam wal Muslimeenដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដាបានចេញវីដេអូមួយបង្ហាញពីចំណាប់ខ្មាំងអឺរ៉ុបចំនួន៦នាក់ដែលខ្លួនបានចាប់កាលពីប៉ុន្មានឆ្នាំមុន។
ចំណាប់ខ្មាំងម្នាក់ក្នុងចំណោមនោះដែលត្រូវបានគេមើលឃើញនៅក្នុងវីដេអូដែលត្រូវបានបញ្ចេញកាលពីថ្ងៃសៅរ៍ គឺជាស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះថា Sophie Petronin ដែលត្រូវបានគេចាប់ជំរិតពីទីក្រុង Gao នៃប្រទេសម៉ាលីកាលពីខែធ្នូ៕