ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​ហាក់កានី​នៅ​តែ​ជា​ប្រភព​តានតឹង​ដ៏​ធំបង្អស់​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ប៉ាគីស្ថាន​ និង​សហរដ្ឋ​អាមេរិក


កងកម្លាំង​ការពារ​ព្រំដែន​ប៉ាគីស្ថាន​ឈរ​នៅ​ក្បែរ​ព្រំដែន​ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧។
កងកម្លាំង​ការពារ​ព្រំដែន​ប៉ាគីស្ថាន​ឈរ​នៅ​ក្បែរ​ព្រំដែន​ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧។

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​លោករដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក Jim Mattis ​មាន​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​ធ្វើការ​ចរចា​ដ៏​សំខាន់​ ឧត្តមសេនីយ៍​កំពូល​​អាមេរិកាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចោទ​ប្រកាន់​ទីភ្នាក់​ងារ​ចារកម្ម​សម្ងាត់​ប៉ាគីស្ថាន​ពីការ​បន្ត​រក្សា​ចំណង​ទាក់​ទង​ជាមួយ​បណ្តាញ​ភេរវកម្ម​ហាក់កានី​​ហើយ​និង​អនុញ្ញាត​ឲ្យ​ពួក​មេដឹកនាំ​តាលីបង់​ធ្វើ​ប្រតិបត្តិការ​នៅ​កន្លែង​ជ្រកពួន​នៅ​ក្នុង​ប្រទេស។

ពួក​មន្ត្រី​ប៉ាគីស្ថាន​បាន​ច្រានចោល​ភ្លាមៗថា «មិន​មាន​អ្វី​ថ្មី​ទេ‍» ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​បាន​ធ្វើ​ឡើង​ដោយ​ឧត្តមសេនីយ៍ John Nicholson ដែល​ដឹកនាំ​កង ទ័ព​សហរដ្ឋ​អាមេរិក​និង​បេសកកម្ម​គាំទ្រ​អាហ្វហ្គានីស្ថាន​របស់​អង្គការ​អូតង់។ថ្លែង​ក្នុង​វីដេអូ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ​មក​ពី​មូលដ្ឋាន​កងទ័ព​ក្នុង​រដ្ឋធានី​កាប៊ុល លោក​ឧត្តមសេនីយ៍​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ថា ខណៈ​ដែល​មេដឹកនាំ​ខាង​យុទ្ធសាស្ត្រ​របស់​ក្រុម​តាលីបង់​បាន​ស្ថិត​នៅ​ក្នុង​សមរភូមិ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ មេដឹកនាំ​ជាន់​ខ្ពស់​របស់​ពួក​បះបោរ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នៅ​ឡើយ។ គេ​ជឿជាក់​ថា ​មេដឹក​នាំ​ទាំង​នោះ​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង Quetta និង Peshawar។

លោក​ឧត្តមសេនីយ៍ Nicholson បាន​មាន​ប្រសាសន៍​ថា «ប៉ាគីស្ថាន​មាន​វិធានការ​ជាក់លាក់​មួយ​ចំនួន​ដែល​ពួកគេ​នឹង​អនុវត្ត។ យើង​មិនទាន់​បាន​ឃើញ​វិធានការ​ទាំងនោះ​អនុវត្ត​នៅ​ឡើយ​ទេ យើង​មិន​បាន​ឃើញ​មាន​ការអនុវត្ត​ការ​ផ្លាស់​ប្តូរ​ទាំង​នោះនៅ​ឡើយ​ទេ‍»។ លោក​ឧត្តមសេនីយ៍​បាន​និយាយ​សំដៅ​ដល់​ការ​ចរចា​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ឡើង​ជាមួយ​សមភាគី​ប៉ាគីស្ថាន​ចាប់តាំង​ពី​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​បាន​ប្រកាស​យុទ្ធសាស្ត្រ​របស់​លោក​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាននិង​តំបន់​អាស៊ី​ខាង​ត្បូង។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្កោលទោស​ប្រទេស​ប៉ាគីស្ថាន​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ​ថា ការ​គាំទ្ររបស់​ប៉ាគីស្ថាន​ដល់​ក្រុម​ភេរវកម្ម​ហើយ​បាន​ជំរុញ​ប៉ាគីស្ថាន​ឲ្យ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ដល់​ការ​ខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យប្រទេស​អាហ្វហ្គានីស្ថាន​មាន​ស្ថិរភាព។

អ្នក​នាំពាក្យ​អភិបាល​ខេត្តក្នុង​ក្រុង Quetta ដែល​ជា​រដ្ឋ​ធានី​ខេត្ត Baluchistan ភាគ​និរតី ​បានឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក​ឧត្តមសេនីយ៍​សហរដ្ឋ​អាមេរិក​ដែល​បាន​ពោល​អះអាង​ថា ការចោទ​ប្រកាន់​ទាំង​នេះ​ផ្អែក​លើ «ការ​និយាយ​ស្មានៗ‍» ​ហើយ​មិន​បាន​ជួយ​ក្នុងការ​ធ្វើឲ្យ​សម្រេច​នូវ​សន្តិភាព​នៅ​ក្នុង​តំបន់​ទេ។

លោក Anwar-ul Haq Kakar ​បាន​ប្រាប់ VOA ថា «ការ​ស៊ើបការណ៍​សម្ងាត់​ដែល​អាច​ធ្វើ​ទៅ​បាន​ណា​មួយ ប្រសិន​បើ​ត្រូវបាន​ចែក​រំលែក​ជាមួយ​ពួក​អាជ្ញាធរ​ខាង​ភាគី​ប៉ាគីស្ថាន ​កង​កម្លាំង​សន្តិសុខ​របស់​យើង​នឹង​ចាត់​វិធានការណ៍​ភ្លាមៗ ដោយ​សារ​ការ​ចាត់​វិធានការណ៍​នេះ​មាន​ប្រយោជន៍​ដ៏​សំខាន់​សម្រាប់​យើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​គំរាម​កំហែង​របស់​ភេរវកម្ម‍»។

លោក​ឧត្តមសេនីយ៍ Nicholson បានឆ្លើយ​តបកាល​ពី​ថ្ងៃ​អង្គារ​នៅពេល​ដែល​គេ​សួរ​ថា​តើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អន្តរ​សេវាកម្ម​ប៉ាគីស្ថាន​ (ISI) បាន​បញ្ចប់​ការ​គាំទ្រ​របស់​ខ្លួន​ដល់​បណ្តាញ​ភេរវកម្ម​ហាក់កានី​ដែរ​ឬទេ។

លោក​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​ថា «ប្រធាន​នាយ​អគ្គ​សេនាធិការ​ចម្រុះ​និង​លោក​រដ្ឋមន្ត្រី​ការពារប្រទេស​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​សួរ​សំណួរ​ទាំង​នោះ​នៅ​វិមាន​រដ្ឋ​សភា Capitol Hillកាល​ពី​ពេល​ថ្មីៗ​នេះ។ ខ្ញុំ​គិត​ថា ពួក​អស់​លោក​បាន​បញ្ជាក់​ថា ទំនាក់​ទំនង​ទាំង​នោះ​នៅ​តែ​មាន។ ដូច្នេះ ខ្ញុំ​យល់​ស្រប​ការវាយ​តម្លៃ​របស់​អស់​លោក​ទាំង​នោះ‍»។

ពួក​អ្នក​វិភាគ​និយាយថា ការ​ពោល​អះអាង​ទាំង​នោះ​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនពេញ​ចិត្ត​ការ​អះអាង​របស់​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​ពី​ការ​រំលាយ​រចនាសម្ព័ន្ធ​ភេរវកម្ម​ដែល​ជាប់​ទាក់​ទិន​ទៅនឹង​សង្គ្រាមអាហ្វហ្គានីស្ថាន​នៅ​លើ​ទឹក​ដី​ប៉ាគីស្ថានហើយ​និង​សកម្មភាពរបស់​បណ្តាញ​ហាក់កានី​ត្រូវគេ​រំពឹង​នឹង​គ្រប​ដណ្តប់​នៅ​ក្នុងការ​ពិភាក្សា​របស់​លោករដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក Mattis ជាមួយ​ពួក​មេដឹកនាំ​ប៉ាគីស្ថាន។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ពីកាល​បរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទេ ​ក៏ប៉ុន្តែ ​លោក Khawaja Asif រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន​បាន​និយាយ​កាល​ពី​សប្តាហ៍មុន​ថា ​លោករដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក Mattis នឹង​ទៅដល់​រដ្ឋ​ធានី​អ៊ីស្លាម៉ាបាដ​នៅ​ថ្ងៃ​ទី៣ ​ខែ​ធ្នូ។

សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​បណ្តាញ​ហាក់កានី​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជា​អង្គការ​ភេរវកម្ម​នៅ​ឆ្នាំ​២០១២ បន្ទាប់ពី​ឧត្តមនាវីឯក Mike Mullen ​ដែល​កាលនោះ​ជា​មន្ត្រី​យោធា​កំពូល​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​សភា​សហរដ្ឋ​អាមេរិក​ថា ​បណ្តាញ​ភេរវកម្ម​ហាក់កានី​ជាក្រុម​ប្រដាប់​អាវុធ​ពិតប្រាកដដែល​ជា​ផ្នែក​មួយ​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម ISIS។

ពួកមន្ត្រី​យោធា​ ​និងស៊ីវិល​ប៉ាគីស្ថាន​បាន​អះអាង​ថា ប៉ាគីស្ថាន​មិន​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម​បះបោរ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ទេ។ ពួកគេ​និយាយ​ថា «ទាំង​ក្រុម​ហាក់កានី​ ឬ​ក្រុម​តាលីបង់​មិន​ត្រូវ​ការ​ទីជម្រក​នៅ​លើ​ទឹក​ដី​ប៉ាគីស្ថាន​ទេ​នៅ​ពេល​ដែល​ទឹកដី​អាហ្វហ្គានីស្ថាន​ជាង​៤០​ភាគរយ​មិន​បាន​គ្រប់គ្រង​បន្ទាប់​ពី​ជន​សកម្ម​ប្រយុទ្ធ​រុល​ទៅ​មុខ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

លោក​ឧត្តម​សេនីយ៍ Nicholson បាន​និយាយ​កាល​ពីថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ត្រួតត្រា​ពលរដ្ឋ​ប្រហែល៦៤​ភាគរយ ​ក្រុម​តាលីបង់​ត្រួតត្រាពលរដ្ឋ​ប្រហែល​១២ភាគរយ​ហើយ​ពលរដ្ឋ​២៤ភាគរយ​ទៀត​រស់​នៅ​ក្នុង​តំបន់​ប្រទាញ​ប្រទង់​គ្នា៕

ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន

XS
SM
MD
LG