រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បាននិយាយនៅថ្ងៃច័ន្ទនេះថា ជំហានដ៏ប្រសើរបំផុតដែលកូរ៉េខាងជើងអាចធ្វើដើម្បីបង្ហាញឲ្យឃើញថាខ្លួនត្រៀមរួចរាល់ហើយសម្រាប់ការពិភាក្សាណាមួយនោះ គឺការបញ្ឈប់ការសាកល្បងគ្រាប់មីស៊ីលរបស់ខ្លួន។
លោក Tillerson បាននិយាយយ៉ាងដូច្នេះថា៖ «មិនមានពេលណាមួយដែលកូរ៉េខាងជើងមិនធ្វើសកម្មភាពគគ្លើន ដោយការបាញ់គ្រាប់ផ្លោងមីស៊ីលនោះទេ។ ដូច្នេះ ខ្ញុំគិតថា ការបញ្ឈប់ការបាញ់គ្រាប់មីស៊ីលទាំងនេះ គឺជាសញ្ញាដំបូង និងខ្លាំងជាងគេបំផុតមួយដែលពួកគេអាចបង្ហាញឲ្យយើងឃើញបាន [ដើម្បីឲ្យដឹងថា កូរ៉េខាងជើងត្រៀមរួចរាល់ក្នុងការចរចា]»។
លោក Tillerson ថ្លែងដូច្នេះ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលនៅទីនោះ លោកបានចូលរួមនៅក្នុងកិច្ចប្រជុំវេទិកាថ្នាក់តំបន់របស់សមាគមអាស៊ាន។
លោកបានបន្ថែមថា ការអនុម័តជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើការសាកល្បងគ្រាប់ផ្លោងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានផ្ញើសារឲ្យដឹងថា សហគមន៍អន្តរជាតិទាំងមូលមិនអាចទទួលយកបាននូវសកម្មភាពរបស់កូរ៉េខាងជើងដូចនេះនោះទេ ហើយសហគមន៍អន្តរជាតិចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ។
នៅថ្ងៃចន្ទនេះ កូរ៉េខាងជើងបានបដិសេធចំពោះការដាក់ទណ្ឌកម្មថ្មីទាំងនេះនៅក្នុងសេចក្ដីប្រកាសមួយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន ដោយបានសន្យាថានឹងធ្វើការសងសឹកជាមួយនឹងសហរដ្ឋអាមេរិក «រាប់ពាន់ដង»។ ជាងនេះទៅទៀត កូរ៉េខាងជើងបានបញ្ជាក់ឡើងវិញអំពីជំហររបស់ខ្លួនថា ការដាក់ទណ្ឌកម្មទាំងនេះមិនអាចបង្ខំឲ្យខ្លួនចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះទេ និងបានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រាកដជាយល់ខុស បើគិតថាមានសុវត្ថិភាពដោយសារតែមានមហាសមុទ្រខណ្ឌចែកពីប្រទេសកូរ៉េខាងជើងនោះ៕